ភ្នំពេញ៖ មេបក្សប្រឆាំងលោកសម រង្ស៊ី បានបញ្ជាក់ថា “បើស្ថាប័នគ.ជ.ប បានចែងនៅក្នុងរដ្ឋធម្មនុញ្ញរួចហើយនោះ ច្បាស់ជាឯករាជ្យ នឹងធ្វើឲ្យណើរ ការបោះឆ្នោត ប្រព្រឹត្តទៅដោយតម្លាភាព និងត្រឹមត្រូវ។យើងត្រូវគោរពទាំងអស់គ្នា”។
នាព្រឹកថ្ងៃទី០១តុលានេះ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្ម មាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ពីស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានសមាជិករដ្ឋសភា ១២០ រូប ដែលបានចូលរួមប្រជុំរដ្ឋសភា បានលើកដៃអនុម័តជាឯកច្ឆ័ន្ទ។
សេចក្តីស្នើច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៧៦ ថ្មីនិងការបង្កើតជំពូក ១៥ថ្មី ទាក់ទងនឹងអង្គការរៀបចំការបោះ ឆ្នោត គ.ជ.ប មានពីរមាត្រា និយាយពីគជប ត្រូវជាអង្គការឯករាជ្យ និងអព្យាក្រឹត្យ សមាជិកគ.ជ.ប មាន ០៩ រូប មានអាណត្តិ ៥ ឆ្នាំ តួនាទីគជប រៀបចំរាល់ការបោះឆ្នោត ជាដើម។ ក្នុងនោះ ករណីដែលខកខាន មិនបានរៀបចំសមាសភាពគជបថ្មីបានទេ គឺគ.ជ.បចាស់ ត្រូវដំណើរការរបស់ខ្លួន។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីប្រជុំសភាចប់ថា ការដែលរដ្ឋសភាអនុម័តច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីវិសោធនកម្ម មាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ គឺជាជំហានមួយដ៏សំខាន់ឆ្ពោះទៅការរៀបចំស្ថាប័នជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ដែលនឹងធានាភាពប្រជាធិបតេយ្យសេរី យុត្តិធម៌នៃការបោះឆ្នោតលើកក្រោយ។
លោកបន្តថា ចំពោះការពង្រាង សមាសភាព គ.ជ.ប មិនទាន់បានកំណត់ជាផ្លូវការនៅឡើយទេ។
ក្នុងសេចក្តីស្នើច្បាប់នោះមិនបានកំណត់ថា សមាជិកគជបទាំង៩ រូប ត្រូវមានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដូចអ្វីដែលគណបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិល ចង់បាននោះទេ។ ពោលគឺសេចក្តីស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលរដ្ឋសភាអនុម័តនាពេលនេះ គឺជាសេចក្តីព្រាងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពេលចរចាក្រុមការងារគណបក្សទាំងពីរ កាលពីថ្ងៃទី១សីហា។
គួរជម្រាបថា នាព្រឹកមិញនេះរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារណាហ្គូយ៉ា ស្តីពីសិទ្ឋិទទួលផលពីធនធានសេនាទិក និងការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានសេនាទិកដោយស្មើភាព និងសមធ៌មនៃ អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ នឹងស្តីពី វិសោធនកម្ម មាត្រា ៧៦ និងមាត្រាទាំងឡាយពីជំពូកទី ១៥ថ្មី ដល់ជំពូកទី១៦ថ្មីនៃរដ្ឋធម្មនុញ្ញក្នុងសំឡេងគាំទ្រ១១៩លើ១១៩សំឡេង៕រដ្ឋា
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ