មូស្គូ៖រដ្ឋភិបាលរុស្ស៊ីបានប្រកាសនឹងមិនប្រើអាវុធគ្រាប់ផ្ទុះ ដើម្បីសងសិកទៅនឹងទង្វើរបស់តួកគីដែលបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់ខ្លួននៅព្រំដែនស៊ីរីនោះទេ តែគេនឹងប្រើមធ្យោបាយសេដ្ឋកិច្ច ដើម្បីដាក់ទារុណកម្មលើតួកគី ។
ជាមួយគ្នានោះរុស្ស៊ីក៏ប្រកាសថ្កោលទោសតួកគី ថាមានចេត្តនា បង្ករឿង និងបង្អាក់បេសកកម្មរបស់រុស្ស៊ី ក្នុងការកម្ទេចក្រុមជីហាដ។ ទន្ទឹមនោះនៅឯក្រុងម៉ូស្គូស្ថានទូតតួកគី ត្រូវបានក្រុមបាតុករ យកដុំថ្មគុប និងវាយកម្ទេច។ ហេតុការណ៍បាញ់ទម្លាក់យន្តហោះរុស្ស៊ី នៅស៊ីរី ធ្វើឲ្យ គេមើលឃើញ កាន់តែច្បាស់ អំពីភាពស្ទើរស្ទាក់របស់តួកគី ក្នុងការចូលរួមកម្ទេច ក្រុមជីហាដអង្គការរដ្ឋអ៊ីស្លាម។
វិមាន ក្រិមឡាំង បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ២៦ វិច្ឆិកាថា រុស្ស៊ីកំពុងត្រៀមអនុវត្តវិធានមួយចំនួន ដើម្បីឆ្លើយតបឲ្យសមនឹងទង្វើរបស់តួកគី។ រុស្ស៊ីរិតតែក្តៅចិត្ត ព្រោះមកទល់ពេលនេះ ខាងតួកគី នៅមិនទាន់ សម្តែងការសុំទោសជាសាធារណៈ រឺមួយស្នើរសុំចេញសងជម្ងឺចិត្ត មកខាងរុស្ស៊ីទេ។ យ៉ាងណាមិញ លោក រដ្ឋមន្ត្រីការបរទេសតួកគី បានបញ្ជាក់ថា គឺតួកគី គ្មានថ្ងៃមកសុំទោសរុស្ស៊ី ជាដាច់ខាត ក្នុងរឿងនេះ។
គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានអ្នកទេសចរណ៍ រុស្ស៊ីដែលទៅកម្សាន្តលេងនៅតួកគី ចំនួនយ៉ាងហោចណាស់៤លាននាក់។ ភ្លាមៗ ក្រោយព្រឹត្តិការណ៍បាញ់ទំលាក់យន្តហោះ រដ្ឋាភិបាលរុស្ស៊ី បានហាមប្រាម មិនឲ្យអ្នកទេសចរណ៍រុស្ស៊ី នាំគ្នាឈប់ទៅលេងនៅតួកគីទៀត។ ទាក់ទិននឹងវិស័យនាំចេញនាំចូល មានផលិតផលកសិកម្មជាច្រើនរបស់តួកគី ដែលអាចនឹងជួបការលំបាក។ ពន្ធនាំចូល នឹងត្រូវតម្លើង ចំណែកលក្ខខណ្ឌអនាម័យ និងសុខភាព នៃផលិតផលរបស់តួកគី ដែលនាំចូលរុស្ស៊ី នឹងត្រូវគេត្រួតពិនិត្យយ៉ាងតឹងតែង។ ដោយឡែក គម្រោងវិនិយោគធំៗ ក្នុងតម្លៃទឹកប្រាក់ រាប់ពាន់លានដុល្លារ អាចនឹងនៅនឹងថ្កល់ ឬត្រូវលុបចោលផងដែរ៕