រុស្ស៊ី៖ធ្លាក់ឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនមធ្យមប្រភេទMi-8 នៅភាគខាងជើងតំបន់Krasnoyarskប្រទេសរុស្ស៊ីបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់។ នេះបើតាមព័ត៌មាន Interfax របស់រុស្ស៊ី ចេញផ្សាយកាលពីយប់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០១៥។
ទិន្នន័យចុងក្រោយបំផុតបានបង្ហាញថា មនុស្ស១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ និងមនុស្ស១៥នាក់ទៀត បានទទួលរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមរបាយការណ៍ ពីមន្ត្រីប៉ូលិសបានឲ្យដឹងយ៉ាងដូច្នេះ។ ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ី បានបញ្ជាក់ថា មានមនុស្សទាំងអស់ចំនួន២៥នាក់ ជិះនៅលើឧទ្ធម្ភាគចក្រ ក្នុងនោះ ៣នាក់ជាសហសេវិក និង២២នាក់ជាអ្នកធ្វើដំណើរ។
ឧទ្ធម្ភាគចក្រ នេះ បានជួបគ្រោះថ្នាក់ ខណៈធ្វើដំណើរទៅកាន់តំបន់រ៉ែប្រេងមួយកន្លែង ដោយវាបានធ្លាក់នៅជិតអាកាសយាន្តដ្ឋាន Igarka ដោយសាកសពឧទ្ធម្ភាគចក្រ បានសណ្តូកនៅលើច្រាំងទន្លេ Yenisey។ មូលហេតុនៃការធ្លាក់ ពុំទាន់ដឹងនៅឡើយទេ ប៉ុន្តែប្រភពមិនបញ្ចេញឈ្មោះមួយ បានឲ្យដឹងថា វាអាចបណ្តាលមកពីបញ្ហាបច្ចេកទេសគ្រឿងម៉ាស៊ីន។
គួរបញ្ជាក់ថា Mi-8 ជាឧទ្ធម្ភាគចក្ររចនាឡើងដោយរុស្ស៊ី មានម៉ាស៊ីនភ្លោះ សម្រាប់ការដឹកជញ្ជូនខ្នាតមធ្យម ដោយមានការប្រើប្រាស់នៅជាង ៥០ប្រទេស ទូទាំងពិភពលោក៕