ភ្នំពេញ៖ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ក្រោមជំនួយរបស់មហាអំណាចចិន ដែលគ្រោងសាងសង់ឡើងក្នុងខណ្ឌជ្រោយចង្វា ខាងជើងរាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ៨៣ ហិកតា នឹងចាប់ផ្តើមនៅឆ្នាំ២០១៧ ហើយបញ្ចប់ជាស្ថាពរនៅឆ្នាំ ២០២០ ខាងមុខនេះ។
កាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសសាងសង់ពហុកីឡដ្ឋានជាតិ “មរតកតេជោ” ដែលនឹងសាងសង់ឡើងក្នុងទឹកដីខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ៨៣ ហិកតា។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេច និងលោក ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសាងសង់ ដែលនឹងបញ្ចុះបឋមសិលាសាងសង់នៅក្នុងឆ្នាំ២០១៧ ខាងមុខនេះ។ ពហុកីឡដ្ឋានជាតិនេះ គឺនឹងក្លាយជាកន្លែងហ្វឹកហាត់កីឡាដ៏សំខាន់បំផុតសម្រាប់យុវជនខ្មែរ និងជាកន្លែងប្រារព្ធពិធីកីឡាជាតិ និងអន្តរជាតិ កន្លែងតាំងពិពណ៌ពាណិជ្ជកម្មផ្សេងៗ ដែលជាសម្មទ្ធិផលដ៏ធំបំផុតមួយពីជំនួយមិត្តចិនចំពោះកម្ពុជា។
លោក អៀង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់ក្រុមអ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំថា គណៈប្រតិភូបច្ចេកទេសចិន បានរាយការណ៍ជូនសម្តេចហ៊ុនសែន អំពីការរៀបចំកែសម្រួល ដាក់បញ្ចូលរចនាបទផ្ការំដួល ដែលឆ្លុះបញ្ចាំងអំពីវប្បធម៌របស់កម្ពុជា នៅក្នុងពហុកីឡដ្ឋានជាតិ តបតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុនសែន។
គណៈប្រតិភូបច្ចេកទេសចិន ក៏បានលើកឡើងថា ពហុកីឡដ្ឋានជាតិនេះ ត្រូវបានសាង់សង់មានដំបូល ដែលអាចចាំងពន្លឺ និងខ្យល់ចេញចូលបានផង ដើម្បីធ្វើយ៉ាងណាឲ្យមានពន្លឺ និងខ្យល់ត្រជាក់ នៅក្នុងនោះ ដោយមានស្រះទឹកព័ទ្ធជុំវិញ ហើយអាចទទួលទស្សនិកជនបានប្រមាណ ៦ម៉ឺននាក់។
ជារួមក្រុមអ្នកបច្ចេកទេសចិន បានគូសបញ្ជាក់ថា ស្ថាបត្យកម្មពហុកីឡដ្ឋានជាតិមរតកតេជោ បានឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរ និងបរិស្ថានបៃតង បន្ថែមទៅដោយរចនា និងការធ្វើចរាចរណ៍យ៉ាងងាយស្រួល។
ជាមួយគ្នានេះ ពហុកីឡដ្ឋានជាតិនេះ អាចធ្វើជាកន្លែងប្រគុំតន្ត្រី ការិយាល័យធ្វើការ កីឡាបាល់ទាត់ កន្លែងតាំងពិព័រណ៌ អត្តពលកម្ម គឺអាចជួលសម្រាប់ទាញយកកំរៃ ដើម្បីយកមកថែទាំពហុកីឡដ្ឋានជាតិដោយខ្លួនឯង។ តាមគម្រោង ការសាងសង់ពហុកីឡដ្ឋានមរតកតេជោ នឹងបញ្ចប់ជាស្ថាពរ នៅត្រឹមឆ្នាំ២០២០។
ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការជ្រើសរើសគំរូប្លង់ ដោយយកលំនាំតាមរាងសំពៅ ដោយសំដៅដល់ប្រវត្តិសាស្ត្រចិន ធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយប្រើប្រាស់សំពៅ។ បន្ថែមលើសពីនេះ ក៏ស្របទៅនឹងយុទ្ធសាស្ត្រថ្មីរបស់ចិន គឺផ្លូវសូត្រសមុទ្រសតវត្សន៍ទី២១ រួមទាំងនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយផងដែរ។
សម្តេច ហ៊ុន សែន បានសម្តែងនូវការរីករាយ ដែលក្រុមបច្ចេកទេសបានយកចិត្តទុកដាក់ ទៅលើបញ្ហាជម្លៀសអ្នកទស្សនា ពេលមានបញ្ហា និងការថែទាំពហុកីឡដ្ឋានជាតិនេះ។
សម្តេច ហ៊ុន សែន បានបន្តថា តាមបទពិសោធន៍ កន្លងមក ការសាងសង់ គឺជារឿងលំបាកមួយហើយ ប៉ុន្តែការថែទាំ គឺជារឿងលំបាកមួយទៀត។
ពហុកីឡាដ្ឋានជាតិ មរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៣។ ការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីនេះ ក្នុងបំណង ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាតំបន់អាស៊ាន ហៅថា Sea Grame នៅឆ្នាំ២០២៣។
ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដី ទំហំ ៨៣ ហិកតា ក្នុងតំបន់អភិវឌ្ឍន៍របស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន LYP Group។ សំណង់ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់ជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ មានរយៈពេលសាងសង់ ៣២ ខែ ចំណាយថវិកាជិត ៣៩ លានដុល្លារ។ ដំណាក់កាលទី២ ប្រើរយៈពេល ៣៦ ខែ និងដំណាក់កាលទី៣ ប្រើរយៈពេល ៤០ខែ។
ក្នុងនោះ ដំណាក់កាលទី១ បានចាប់អនុវត្ត កាលពីឆ្នាំ២០១២ ហើយត្រូវបញ្ចប់នៅឆ្នាំ២០១៦ ដែលប្រើថវិការបស់រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនរបស់លោកឧកញ៉ា លីយ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន LYP Group។ ចំណែកដំណាក់កាលទី២ អនុវត្តនូវជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ដែលបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ២០១៥។ រីឯដំណាក់កាលទី៣ គឺជាការបន្ថែមលើសម្ភារៈកីឡា ក្រោយពីការស្ថាបនាពហុកីឡដ្ឋានរួចរាល់។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុនសែន ទៅកាន់ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០១៥ គឺចិនបានផ្តល់ជំនួយឥតសំណង ១ពាន់លានយ័ន ស្មើជាង ១៥៧ លានដុល្លារអាមេរិក។ ក្នុងនោះជំនួយមួយភាគធំ ( ជាង ១០០ លានដុល្លារ ) នឹងត្រូវប្រើប្រាស់ នៅក្នុងការសាងសង់ “ពហុកីឡដ្ឋានជាតិ មរតកតេជោ” ស្ថិតនៅដីរបស់លោកឧកញ៉ា លីយ៉ុងផាត់ តាមផ្លូវជាតិលេខ៦ ជាយរាជធានីភ្នំពេញ។
ជំនួយរបស់ចិន ដើម្បីសាងសង់ពហុកីឡដ្ឋានជាតិថ្មី ដល់កម្ពុជា តម្លៃប្រមាណជាង ១០០ លានដុល្លារនោះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងប៉េកាំង ប្រទេសចិន ចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន និងលោកប្រធានាធិបតីចិន ស៊ី ជិនពីង៕