អាល្លឺម៉ង់៖មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាល្លឺម៉ង់បានឲ្យដឹងកាលពីម្សិលមិញថា ខ្លួននឹងដាក់ពង្រាយទាហានប្រមាណជា១ពាន់២រយនាក់ ដើម្បីជួយបារាំង ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាតរដ្ឋអ៊ីស្លាមនៅស៊ីរី។
មន្ត្រីដដែលបញ្ជាក់ថា នេះនឹងជាប្រតិបត្តិការយោធាដ៏ធំមួយ ដែលអាល្លឺម៉ង់កម្រនឹងធ្វើនៅក្រៅប្រទេស ហើយវាជាការបង្ហាញនូវសាមគ្គីភាពចំពោះបារាំង ដែលជាសម្ព័ន្ធមិត្ត ក្រោយការវាយប្រហារភេរវកម្មនៅក្រុងប៉ារីស។
ទាហានប្រមាណជា ១២០០នាក់ ដែលអាល្លឺម៉ង់គ្រោងដាក់ពង្រាយក្នុងប្រតិបត្តិការប្រឆាំងក្រុមជីហាត រដ្ឋអ៊ីស្លាមនៅប្រទេសស៊ីរីនេះ មិនមែនជាកងទ័ពប្រយុទ្ធថ្មើរជើងនោះទេ តែជាកងទ័ពក្នុងប្រតិបត្តិការទ័ពអាកាស និងទ័ពជើងទឹក។
មន្ត្រីជាន់ខ្ពស់នៃកងទ័ពអាល្លឺម៉ង់បានប្រាប់សារព័ត៌មានក្នុងស្រុក អាល្លឺម៉ង់ថា ការដាក់ពង្រាយកងទ័ពនេះនឹងចាប់ផ្តើមធ្វើនៅក្នុងពេលឆាប់ៗ នៅពេលណាដែលទទួលបាននូវការអនុម័តជាផ្លូវការពីសំណាក់សភាអាល្លឺម៉ង់។
គួរបញ្ជាក់ថា ក្រោយភេរវកម្មនៅប៉ារីស អាល្លឺម៉ង់ ដែលជាទូទៅតែងតែចៀសវាងមិនដាក់ពង្រាយកងទ័ពទៅបរទេស បានយល់ព្រមជាគោលការណ៍ជាមួយបារាំងថានឹងចូលរួមក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមជីហាត រដ្ឋអ៊ីស្លាមនៅស៊ីរី។ ទោះជាយ៉ាងណានេះគ្រាន់តែជាការព្រមព្រៀងជាគោលការណ៍តែប៉ុណ្ណោះ ហើយគម្រោងដាក់ពង្រាយកងទ័ពក្នុងប្រតិបត្តិការនៅស៊ីរីនេះ ត្រូវឆ្លងការអនុម័តពីសំណាក់គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ នៅថ្ងៃអង្គារក្រោយ មុននឹងដាក់ជូនទៅសភា៕