ប៉ារីស៖កងកម្លាំងប៉ូលិស និងបាតុករដែលជាសកម្មជនបរិស្ថានបានប៉ះទង្គិចគ្នានៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីមានប្រមូលផ្តុំគ្នានៅទីលានឈ្មោះ La République ទាមទារឲ្យមានកិច្ចព្រមព្រៀងអាកាសធាតុកាលពីម្សិលមិញ។ ការប្រមូលផ្តុំគ្នានេះត្រូវបានធ្វើឡើង ដោយបំពានទៅលើច្បាប់ស្តីពីការដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្ន ដែលបារាំងបានដាក់ ចាប់តាំងពីមានភេរវកម្ម កាលពីថ្ងៃទី១៣វិច្ឆិកា។
សកម្មជនបរិស្ថានគ្រោងរៀបចំក្បួនដង្ហែដ៏ធំមួយ នៅទីក្រុងប៉ារីសដើម្បីទាមទារឲ្យមេដឹកនាំប្រទេសដែលចូលរួមក្នុងសន្និសីទអាកាសធាតុនៅថ្ងៃចន្ទនេះចរចាគ្នាឲ្យបានជាកិច្ចព្រមព្រៀង ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ ប៉ុន្តែគម្រោងដើរដង្ហែក្បួននេះត្រូវបានគេលុបចោលទៅវិញ ដោយសារតែក្រុងប៉ារីស ក៏ដូចជា កន្លែងផ្សេងទៀត នៅទូទាំងប្រទេសបារាំងកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន ហើយច្បាប់ស្តីពីការប្រកាសអាសន្ននេះហាមឃាត់មិនឲ្យមានការប្រមូលផ្តុំគ្នានៅទីសាធារណៈ។
គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះត្រូវបានធ្វើឡើងដោយសន្តិវិធី ក្រោមការឃ្លាំមើលពីសំណាក់កងកម្លាំងប៉ូលិស។ ប៉ុន្តែការប៉ះទង្គិចគ្នាមួយស្រាប់តែបានកើតមានឡើង ក្រោយពីបាតុករមួយក្រុមតូចភាគច្រើនបិទមុខជិតបាននាំគ្នាគប់ដុំថ្ម ដប និងស្បែកជើង ទៅលើប៉ូលិស ហើយប៉ូលិសក៏បានធ្វើការតបតទៅវិញ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក មុននឹងចូលទៅបំបែកហ្វូងបាតុករ៕