ប៉ារីស៖ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានថ្លែងថា តួកគីបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីនៅជិតព្រំដែនស៊ីរី ដើម្បីការពារពាណិជ្ជកម្មប្រេងជាមួយរដ្ឋអ៊ីស្លាម។ លោក Putin ថ្លែងបែបនេះនៅទីក្រុងប៉ារីសក្នុងកិច្ចចរចាអន្តរជាតិស្ដីពីការប្រែប្រួល អាកាសធាតុ។
លោកVladimir Putinបានបញ្ជាក់ថា រុស្ស៊ីបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅតួកគីរួចហើយ ក្នុងនោះគឺរឹតបន្តឹងលើការនាំចូលម្ហូបអាហារទៅតួកគី និងបញ្ចប់ការធ្វើដំណើរដោយគ្មានទិដ្ឋាការពីតួកគីមករុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះ លោកពូទីនប្រកាសហាមមិនឱ្យនាំចូលវិស័យកសិកកម្មពីតួកគី ដូចជាបន្លែ ផ្លែឈើជាដើម។
គួរបញ្ជាក់ថា រុស្ស៊ីនិងតួកគីមានទំនាក់ទំនងខាងវិស័យសេដ្ឋកិច្ចយ៉ាងសំខាន់ និងជាដៃគូពាណិជ្ជកម្មជាមួយគ្នាដ៏ធំ ខណៈដែលភ្ញៀវទេសចររុស្ស៊ីជាង៣លាននាក់ទៅទស្សនាប្រទេសតួកគី កាលពីឆ្នាំមុន៕