ក្រុមលក់ដូរបារីអេឡិចត្រូនិកនិងផលិតផលHTPs នៅបន្តកើតមានលើបណ្តាញទំនាក់ទំនងសង្គម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2025 ក+ ក-

តាមរយៈការអង្កេតតាមដានជាប្រចាំរបស់មន្រី្ត នៃអង្គការចលនា ដើម្បីសុខភាពកម្ពុជា ពាក់ព័ន្ធទៅលើសកម្មភាពចែកចាយ ជួញដូរ ការធ្វើអាជីវកម្មបារីអេឡិចត្រូនិកនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានរកឃើញថា ក្រុមចែកចាយ និងធ្វើអាជីវកម្មបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី នៅបន្តកើតមានយ៉ាងព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម។ បើតាមអង្គការនេះ មានទំព័រហ្វេសប៊ុក ក្រុមហ្វេសប៊ុក ក្រុមតេឡេក្រាម ក្រុមតិកតុក និងក្រុមអ៊ីនស្តាក្រាម បាននឹងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម  ដែលក្រុមនីមួយៗមានចំនួន។ ក្នុងនោះមានទំព័រហ្វេសប៊ុក (Facebook page) ចំនួន ១៧៦ ត្រូវបានរកឃើញថាកំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ។ ដែលទំព័រហ្វេសប៊ុកមួយចំនួនជាទំព័រហ្វេសប៊ុកចាស់ និងមួយចំនួនជាទំព័រហ្វេសប៊ុកថ្មីដែលទើបតែរកឃើញ ឬទើបតែបង្កើតឡើងថ្មីៗ។

ក្រុមហ្វេសប៊ុក (Facebook group) ចំនួន ១៦៧ ត្រូវបានរកឃើញថា កំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ធីភី។ ក្រុមហ្វេសប៊ុកមួយចំនួន ជាក្រុមចាស់ដែលបានផ្អាកប្រើមួយរយៈ ហើយក៏ប្រើប្រាស់ឡើងវិញ និងមួយចំនួនទៀតជាក្រុមហ្វេសប៊ុកថ្មី ដែលទើបតែបង្កើត និងកំពុងតែដំណើរការសកម្មភាព។ ក្រុមតេឡេក្រាម (Telegram group) ចំនួន ២១៦ ត្រូវបានរកឃើញថាកំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី យ៉ាងសកម្ម និងជាប្រព័ន្ធសង្គមដែលពេញនិយមក្នុងការបញ្ជាទិញពីអតិថិជន។ក្រុមតិកតុក (Tik Tok group) ចំនួន៤០  ត្រូវបានរកឃើញថាកំពុងតែមានសកម្មភាពចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី ដោយការថតជាវីដេអូបង្ហាញពីនូវភាព និងសកម្មភាពជក់ទៀតផង។ ក្រុមអ៊ីនស្តាក្រាម(Instagram group)ចំនួន ៨៩ ត្រូវបានរកឃើញថាកំពុងមានសកម្មភាពក្នុងការចែកចាយ ដោយការដាក់បង្ហាញនូវរូបភាពបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ប្លែកៗ និងសម្បូរបែប។

កាលពីម្សិលម៉ិញនេះ ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជ ស្តីពីការដាក់ចេញវិធានការហាមឃាត់ ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និង ការស្ដុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស។ ការចេញបទបញ្ជានេះ ដោយសារ ក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលសង្កេតឃើញមានការរីករាលដាល ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិងយុវជនកម្ពុជា។ ការជក់ឬប្រើប្រាស់នេះ ផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះអាចជាច្រកផ្លូវទៅប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះ ប្ភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន។ អ្នកប្រើប្រាស់ ពិសេសកុមារនិងយុវជន ឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀន នឹងសារធាតុនីកូទីន។ ហើយកត្តាទាំងនេះ អាចនាំឱ្យមានកំណើនជំងឺមិនឆ្លងនៅក្នុងសង្គមផងដែរ៕