រុស្ស៊ី៖យោងតាមបណ្តាញសារព័ត៌មាន RT បានផ្សាយនៅថ្ងៃនេះថា ក្រសួងការពារជាតិរុស្ស៊ីបញ្ចេញនូវភស្តុតាងពាក់ព័ន្ធការធ្វើពាណិជ្ជកម្មប្រេងខុសច្បាប់រវាងក្រុម ISIS ជាមួយក្រុមទីផ្សារងងឹតនៅក្នុងប្រទេសតួកគី។
អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Anatoly Antonov បានបង្ហាញថា មានផ្លូវធំៗ៣ ដែលក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមប្រើប្រាស់ក្នុងការរត់ពន្ធប្រេងខុសច្បាប់ចូលទៅក្នុងប្រទេសតួកគី ដោយប្រើប្រាស់រថយន្តធំ ដើម្បីដឹកជញ្ជូនប្រេងពីកន្លែងដែលខ្លួនកាន់កាប់ ចូលទៅកាន់ប្រទេសតួកគី។ លោក Antonov បញ្ជាក់ ថា អ្នកទិញប្រេងធំបំផុតពីក្រុម ISIS គឺមានប្រភពមកពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដោយមានការជួយជ្រុំជ្រែងពីរដ្ឋាភិបាលតួកគី ទើបការជួញដូរនេះប្រព្រឹត្តទៅបានយ៉ាងរលូន។
គួរបញ្ជាក់ថា បើតាមរបាយការណ៍សម្ងាត់ដែលទទួលបានពីក្រុមស៊ើបការណ៍របស់រុស្ស៊ីបានឲ្យដឹងថា ក្រុមឧទ្ទាមរកចំណូលបាន៣លានដុល្លារអាមេរិកក្នុងមួយថ្ងៃពីការលក់ប្រេង ប៉ុន្តែចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ដែលជាថ្ងៃរុស្ស៊ី បើកការវាយប្រហារក្រុម ISIS នៅស៊ីរីតាមដែនអាកាសមកប្រាក់ចំណូលរបស់ក្រុមឧទ្ទាម បានធ្លាក់មកនៅត្រឹម ១,៥លានដុល្លារអាមេរិកក្នុងមួយថ្ងៃប៉ុណ្ណោះ ដោយសារតែទីតាំងប្រេងមួយចំនួនត្រូវបានបំផ្លាញ ជាពិសេសគឺក្រុមឧទ្ទាមមិនសូវធ្វើសកម្មភាពជួញដូរប្រេងដូចមុន៕
រុស្ស៊ីបង្ហាញភស្តុតាងពីការធ្វើពាណិជ្ជកម្មប្រេងខុសច្បាប់របស់ក្រុម ISIS ជាមួយតួកគី