ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព)នៅរសៀលថ្ងៃទី២ខែកញ្ញានេះ បានបញ្ជូនលោក ហ៊ី ណារិន អធិការនគរបាលខណ្ឌមានជ័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្ដនីតិវិធី ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើខុសច្បាប់ និងពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) បានបញ្ជាក់ថា ផ្អែកតាមព័ត៌មានទទួលបានពីសាក្សី ដែលជាមន្ត្រីនគរបាល និងប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌមានជ័យ ក៍ដូចជាចម្លើយសារភាពរបស់លោក ហ៊ី ណារិន ផ្ទាល់ថា បានប្រព្រឹត្តិអំពើខុសច្បាប់ពិតប្រាកដមែន ដោយបានកិបកេងទឹកប្រាក់ប្រមាណ ២.៧១២.២៣៦.០០០ រៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។
សេចក្តីប្រកាសព័ត៍មានរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា បន្ទាប់ពីធ្វើការស៊ើបអង្កេតអស់រយៈពេល៨ ខែ និងបានជួបប្រមូលព័ត៌មានពីមន្ត្រីនគរបាល ដែលបំរើការងារនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន ៤១ រូប និងការប្រមូលព័ត៌មានពីប្រភពនានាជាច្រើន។អង្គភាពប្រឆាំង អំពើពុករលួយបានឃាត់ខ្លួនឈ្មោះ ហ៊ី ណារិន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយបុគ្គលនេះបានប្រព្រឹត្តិល្មើសចំនួន៨ ករណីធំៗ មុននឹងឈានទៅធ្វើការឃាត់ខ្លួននេះ។ បទល្មើសទាំងនោះរួមមាន ទី១.ការបើយកប្រាក់ខែរបស់មន្ត្រីនគរបាល ដែលអវត្តមានពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និង មន្ត្រីនគរបាលដែលអសកម្មពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩។ ទី២. ការតម្រូវឲ្យប្រជាពលរដ្ឋបង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ (ក២) ១ក្បាលចំនួន៥០០០០ រៀល សៀវភៅគ្រួសារ១ក្បាល៥០០០០រៀល និងចុះឈ្មោះសមាជិកថ្មីចំនួន២០០០០រៀល ក្នុងម្នាក់ៗ ទី៣.តម្រូវឲ្យមន្ត្រីក្រោមឪវាទទិញអាវចំណាំងផ្លាតនិងស្រោម កាំភ្លើងវែង។ ទី៤. ការកេងយកប្រាក់ឧបត្តម្ភកម្លាំងហ្វឹកហាត់ការពារបាតុកម្ម។ ទី៥.តម្រូវឲ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្មរោងចក្រ និងមន្ត្រីមួយចំនួនបង់ប្រាក់ជារៀងរាល់ខែ។ ទី៦.ការទាមទារលុយពីម្ចាស់ម៉ូតូ ដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូ ដែលម្ចាស់មិនដោះស្រាយ។ ទី៧. ការប្រមូលលុយផាកពិន័យលើសកំណត់ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍គ្មានស្លាកលេខ កញ្ចក់ និងមួក និងទី៨.ការតម្រូវឲ្យបង់លុយពីការដោះស្រាយវាទគ្រោះថ្នាក់ចរាចរណ៍ចំនួន១០ ភាគរយនៃថ្លៃសំណង។
ជនសង្ស័យ ហ៊ី ណារិន ត្រូវបានសាកសួរដោយលោក អ៊ុំ សុភ័ក្ដ្រ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធទៅនឹងការប្រព្រឹត្ដអំពើខុសច្បាប់ និងពុករលួយ៕
លោកហ៊ី ណារិន អតីតអធិការនគរបាលខណ្ឌមានជ័យ(រូបថត cen)