ក្រសួងការបរទេសវៀតណាមបានឱ្យដឹងថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម តូ ឡាំ (Tô Lâm) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ។

ក្រសួងការបរទេសវៀតណាមក៏បានឱ្យដឹងដែរថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដម អគ្គលេខាបក្សវៀតណាម តូ ឡាំ ក៏នឹងអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងការិយាល័យនយោបាយបក្សកុម្មុយនីស្តវៀតណាម និងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនកម្ពុជា តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តម អគ្គលេខាបក្សកុម្មុយនីសវៀតណាមរូបនេះក៏នឹងធ្វើជា សហប្រធាននៃកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំបក្សទាំងបី រួមមាន កម្ពុជា វៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពក្នុងតំបន់ផង
ដែរ។
សូមបញ្ជាក់ថា គណកម្មាធិការបក្សកម្មុយនីស្តវៀតណាម កាលពីខែមករា បានប្រកាសបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជ្រើសរើស ឯកឧត្ដម តូ ឡាំ បន្តជាប់ជាអគ្គលេខាបក្សកម្មុយនីស្តវៀតណាមរយៈពេល៥ឆ្នាំទៀត រហូតដល់ឆ្នាំ២០៣១៕


