អាល្លឺម៉ង់​អំពាវនាវឲ្យអា​រ៉ា​ប៊ី​សា​អូឌីតបញ្ឈប់​ការឧបត្ថម្ភ​ដល់​វិហារ​អ៊ីស្លាម​នៅ​បរទេស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2015 ក+ ក-

អាល្លឺម៉ង់៖យោងតាម​កាសែត​របស់​អាល្លឺម៉ង់​បានចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា លោក​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​បាន​អំពាវនាវ​ដល់​អា​រ៉ា​ប៊ី សា​អូឌីត ឲ្យ​បញ្ឈប់​ការផ្តល់​ថវិកា​ដល់​វិហារ​អ៊ីស្លាម​នៅ​បរទេស ដែល​កំពុង​ចិញ្ចឹម​បង្កើត​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​តទៅទៀត​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ Sigmar Gabriel បាន​ជំរុញ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត​ត្រូវតែ​ឈប់​ការផ្តល់​លុយ​ទៅ​ឲ្យ​វិហារ​អ៊ីស្លាម​ជ្រុលនិយម​នៅ​បរទេស​។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាល្លឺម៉ង់​ចង់​និយាយ​សំដៅ​ដល់​វិហារ​របស់​ក្រុម​អ៊ីស្លាម​វ៉ា​ហា​ប៊ី នៅ​បរទេស​ដែល​បានទទួល​ជំនួយ​ហិរញ្ញវត្ថុ​សន្ធឹកសន្ធាប់​ពី​ទីក្រុង រី​យ៉ា​ដ​។​
​តាម​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ នៅ​ប្រទេស​អាល្លឺម៉ង់ ក្រុម​អ៊ីស្លាម​ដែល​អាជ្ញាធរ​ចាត់ទុកថា គ្រោះថ្នាក់​ភាគច្រើន​គឺមាន​ប្រភព​ចេញ​មកពី​សហគមន៍​អ៊ីស្លាម​វ៉ា​ហា​ប៊ី នេះ​។ លោក​Sigmar Gabriel មុននឹង​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានការ​បន្ទាន់ ដើម្បី ប្រឆាំង នឹង​ក្រុម​វិហារ​ដែលមាន​ចំណងទាក់ទង​នឹង​ក្រុម​សាឡា​ហ្វី​ស អ៊ីស្លាម​ជ្រុលនិយម ក្នុង​ទឹកដី​អាល្លឺម៉ង់​។​
​សារ​ព្រមាន​របស់​ឧបនាយករដ្ឋមន្ត្រី​អាល្លឺម៉ង់ ទៅលើ​អា​រ៉ា​ប៊ី សា​អូឌីត នេះ​ធ្វើឡើង បន្ទាប់ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នៅ​បរទេស​របស់​អាល្លឺម៉ង់ បានចេញ​របាយការណ៍​មួយ ដោយ​ចោទប្រកាន់​ទីក្រុង​រី​យ៉ា​ដ​ថា បាន​ជះ​លុយ ជំរុញ នយោបាយ​ការបរទេស ដើម្បី​បង្ក​អស្ថិរភាព​ក្នុង​តំបន់​។ តាម​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាល្លឺម៉ង់​បន្តថា ព្រះរាជបុត្រ​ស្នងរាជ្យ និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​របស់​អា​រ៉ា​ប៊ី សា​អូឌីត និង​បិតា​របស់​ព្រះអង្គ គឺ​ព្រះ​ចៅ សាល់​ម៉ាន បាន​ដើរ​នយោបាយ​បង្កើន​អំណាច​យោធា និង​ចងសម្ព័ន្ធ ក្នុង​តំបន់ ក្នុង​គោលដៅ ចង់​ក្លាយជា​មេដឹកនាំ​ពិភព​អារ៉ាប់​ទាំងមូល​។ កន្លងមក អ្នកជំនាញ​ខ្លះ​ធ្លាប់បាន​លើកឡើងថា ក្រុម​ជី​ហាត អង្គការ​រដ្ឋ​អ៊ីស្លាម​កើតឡើង​ដោយសារ​ជំនួយ ឧបត្ថម្ភ​របស់​អា​រ៉ា​ប៊ី សា​អូឌីត​ដែល​ប៉ុនប៉ង​ចង់​ឲ្យ​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់ ។ ដើម្បី​ប្រជែង​ជាមួយ​អ៊ីរ៉ង់ អា​រ៉ា​ប៊ី សា​អូឌីត​កំពុង​គាំទ្រ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី និង​ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ឧទ្ទាម នៅក្នុង​ប្រទេស​យេ​ម៉ែន​ផងដែរ​៕

2015-09-07T092308Z_560904591_LR2EB970Q28Y5_RTRMADP_3_EUROPE-MIGRANTS-GERMANY-MERKEL