ស្លាប់ និងរបួសជាង១០០នាក់ក្នុងហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌា
ឥណ្ឌា៖យ៉ាងតិចមានមនុស្ស៣នាក់បានស្លាប់ និង១០០នាក់ផ្សេងទៀតរបួស នៅក្នុងគ្រោះឧបទ្ទវហេតុរថភ្លើង ២គ្រឿងបុកគ្នា នៅភាគខាងជើងប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន RT។
ប៉ូលិសប្រចាំតំបន់បានបង្ហាញរបាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង២៥នាទីព្រឹកម្សិលមិញ បណ្ដាលឲ្យអ្នកបើកបររថភ្លើងម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលមនុស្សប្រមាណ ១០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ករណីរថភ្លើងពីរគ្រឿងបុកគ្នានេះ ត្រូវបានគេជឿជាក់ថា បណ្ដាលមកពីអ័ព្ទក្រាស់ ជាហេតុធ្វើឲ្យអ្នកបើកបររថភ្លើងមើលមិនឃើញ។
គួរបញ្ជាក់ថា ឥណ្ឌាជាប្រទេសមួយដែលមានប្រព័ន្ធផ្លូវរថភ្លើងច្រើនជាងគេ ដែលបច្ចុប្បន្នមានជើងធ្វើដំណើរទៅមកប្រមាណ ១២,០០០ជើង, អ្នកដំណើរ ២៣លាននាក់ក្នុងមួយថ្ងៃ៕