ប៉េកាំង៖រដ្ឋាភិបាលក្រុងប៉េកាំងបានរិះគន់អាមេរិកពាក់ព័ន្ធការដាក់ពង្រាយយន្តហោះយោធា ប្រភេទ US Navy P-8 Poseidon ទៅកាន់ប្រទេសសិង្ហបុរី ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ខណៈភាពតានតឹងកំពុងកើតមានក្នុងជម្លោះសមុទ្រចិនខាងត្បូង ។ នេះបើតាមសារព័ត៌មាន AP ។
ការរិះគន់នេះធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ រវាងរដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Ash Carton និងរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen ដែលបានធ្វើឡើងកាលពីថ្ងៃចន្ទកន្លងទៅ ចំពោះការបញ្ជូបយន្តហោះ P-8 ដែលប្រដាប់ដោយបច្ចេកវិទ្យា Sensor និងប្រព័ន្ធរ៉ាដា ដែលមានសមត្ថភាពក្នុងប្រមូលព័ត៌មាន និងបាញ់ប្រហារទៅលើនាវាមុជទឹក។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hua Chuying បានលើកឡើងថា យោធាដ៏រឹងមាំរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន មិនផ្តល់ភាពងាយស្រួល ចំពោះសាធារណជន និងផលប្រយោជន៍រយៈពេលយូរអង្វែងនោះទេ ក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់ យើងសង្ឃឹមថា ភាគីដែលពាក់ព័ន្ធ នឹងផ្តល់ភាពទុកចិត្តរវាងគ្នាទៅវិញទៅមក ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។
គួរបញ្ជាក់ថា ប្រទេសចិនបច្ចុប្បន្នកំពុងមានជម្លោះជាមួយបណ្តាប្រទេស អាស៊ីអាគ្នេយ៍ចំនួន៤ ក្នុងនោះរួមទាំងសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិកផងដែរ គឺប្រទេស វៀតណាម និងហ្វីលីពីន ហើយកាលពីខែតុលាកន្លងទៅនេះ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងមួយគ្រឿង ល្បាតនៅក្បែរប្រជុំកោះជម្លោះ Spratly ដែលបង្កឲ្យរដ្ឋាភិបាលក្រុងប៉េកាំងមានការខឹងសម្បាជាខ្លាំង៕