ភ្នំពេញ៖ តាមរយៈហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន កាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ បានប្រកាសពីដំណឹងថា« ខ្ញុំបានធ្វើធ្មេញមួយគ្រាប់ក្នុងតម្លៃដ៏ខ្ពស់ គឺ១៥០០ ដុល្លារ ដោយបង់រំលោះសល់តែ ១០០០ $ ប៉ុណ្ណោះ ហេតុដូចម្តេចពេលនេះវិធានការលោកស្រីម្ចាស់ហាង និងវិទ្យុអាស៊ីសេរី មានទិសដៅក្នុងការទារលុយដែលខ្ញុំជំពាក់ ឬជាទិសដៅក្នុងកិច្ចបរិហារកេរ្ត៏ និងបំផ្លាញសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់មន្ត្រីសាធារណៈម្នាក់ ? »
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរក្នុងហ្វេសប៊ុកនោះថា “នេះជារលកទីបីនៃការតាមវាយប្រហាររបស់វិទ្យុអាស៊ីសេរី មកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ តាមរយៈការផ្សព្វផ្សាយរបស់ពួកគេ ក្នុងកិច្ចការដើរទារលុយ។ ខ្ញុំឆ្ងល់ខ្លាំងណាស់ចំពោះការងារថ្មី និងទិសដៅថ្មីរបស់គេ ដែលគួរអោយអាម៉ាស់ ប្រាស់ចាកពីសីលធម៌ វិជ្ជាជីវ:អ្នកសារព័ត៌មាន និងបេសកកម្មដែលទទួលបានពីប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក”។
ខ្លឹមសារក្នុងហ្វេសប៊ុកបានបន្តថា “តាមរយៈការណែនាំរបស់មិត្តខ្ញុំម្នាក់ ខ្ញុំក៏សម្រេចចិត្តទទួលនូវសេវាកម្មព្យាបាលធ្មេញចំនួនមួយពីលោកស្រី លី គង់ ។ពេលចាប់ផ្តើមធ្វើធ្មេញខ្ញុំបានសួរលោកស្រី លី គង់ ថាអស់តម្លៃប៉ុន្មាន? លោកស្រីបានតបមកវិញថា ” មិនអីទេ ហើយក៏មិនថ្លៃដែរ ” ទីបញ្ចប់នៃការព្យាបាលធ្មេញចំនួនមួយនេះ ខ្ញុំក៏ទទួលបានវិក័យបត្រមួយដែលធ្វើអោយខ្ញុំរន្ធត់ ញ័រដៃ ញ័រជើង ហួសពីការស្មាន ដែលអាចចាត់ទុកថា ជាតម្លៃប្លន់ពីអតិថិជន ដោយមិនបានប្រាប់ខ្ញុំអោយដឹងខ្លួនជាមុន”។
ខ្លឹមសារដដែលបន្តថា “ក៏ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងកាតព្វកិច្ចនេះខ្ញុំបានការអនុញ្ញាតពីលោកស្រី លី គង់ ដោយសងរំលោះតាមលទ្ធភាពដែលខ្ញុំមាន។ យោងតាមកិច្ចព្រមព្រៀងនេះ គឺខ្ញុំខ្វះចំនួន ១០០០ ដុល្លារទៀត ដែលខ្ញុំប្រាកដនឹងសងតាមលទ្ធភាព ដូចដែលបានព្រមព្រៀងរួមគ្នាតាមរយៈពាក្យសំដី។
ខ្ញុំឆ្ងល់ដែរ គាត់ស្គាល់ឈ្មោះខ្ញុំច្បាស់ ហើយការិយាល័យរបស់លោកស្រី តែងតែហៅរូបខ្ញុំ អោយទៅព្យាបាលតាមលេខទូរសព្ទរបស់ខ្ញុំ( មិនដែលដូរ) ចុះហេតុដូចម្តេចពេលនេះ វិធានការថ្មីរបស់លោក ស្រើ ជាមួយនិងវិទ្យុអាស៊ីសេរី មានទិសដៅក្នុងការទារលុយដែលខ្ញុំជំពាក់ ឬជាទិសដៅក្នុងកិច្ចបរិហារ កេរ្ត៏ និងបំផ្លាញសេចក្តីថ្លៃថ្នូរ កិត្តិយសរបស់មន្ត្រីសាធារណៈម្នាក់? …ខ្ញុំសុំយោបល់ពីប្រិយមិត្ត” ៕ជំនិត