ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ភេរវជន​ទី​៣ ដែល​វាយប្រហារ​ក្នុង​សាល​ប្រគំ​តន្ត្រី​ក្រុងប៉ារីស​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2015 ក+ ក-

ប៉ារីស​៖​ប៉ូលិស​បារាំង​កាលពី​ម្សិលមិញ​បាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី​៣​ចុងក្រោយ​ដែល​បាន​វាយប្រហារ​នៅក្នុង​សាល​ប្រគំ​តន្ត្រី​ឈ្មោះ​បា​តា​ក្លង់ ស្ថិតក្នុង​ទីក្រុង​ប៉ារីស​នា​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ​ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៣០​នាក់ និង​របួស​ជាង ៣០០​នាក់​។​
​ក្រុមប៉ូលិស​ទើបបាន​ទម្លាយ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​របស់​ភេរវជន​ទី​៣ ដែលមាន​ឈ្មោះថា Foued Mohamed-Aggad មាន​អាយុ ២៣​ឆ្នាំ និង​ជា​ជនជាតិ​បារាំង​មាន​ដើមកំណើត​នៅក្នុង​ទីក្រុង Strasbourg​។ Aggad មាន​បងប្អូន​ប្រុស ៣​នាក់ និង​ដែល​ឱ​ពុក និង​ម្តាយ​បាន​លែងលះគ្នា​តាំងពី​ឆ្នាំ ២០០៧​។ នៅ​ដំណាច់ឆ្នាំ ២០១៣ Aggad និង​បងប្អូន​ប្រុស ៣​នាក់ រួមទាំង​មិត្ត​ជិតស្និត​ចំនួន ៨​នាក់​ផ្សេងទៀត​រស់ក្នុង​ស្រុក​តែមួយ​បាននាំគ្នា​ធ្វើដំណើរ​ទៅកាន់ តំបន់​ប្រយុទ្ធ​ក្នុងប្រទេស​ស៊ី​រី​។​
​គួរ​បញ្ជាក់ថា ភេរវជន​ទាំងអស់​៣​នាក់​ដែល​គេ​ដឹងថា បាន​ចូលទៅ​វាយប្រហារ​នៅក្នុង​សាល​ប្រគំ​តន្ត្រី​ឈ្មោះ​បា​តា​ក្លង់​ក្រុង ប៉ារីស​នា​យប់​ថ្ងៃទី​១៣ វិច្ឆិកា​កន្លងទៅ ។ ចំណែក​ភេរវជន​ទាំង​៣​នាក់​ក៏បាន​ស្លាប់​គ្មាន​សល់​ម្នាក់ តែ​រហូតមក​ដល់ពេលនេះ គឺ​ទើប​មាន​ភេរវជន​តែ ២​នាក់​គត់​ដែល​គេ​បាន​ស្គាល់​អត្តសញ្ញាណ​។ ភេរវជន​ទី​១​មានឈ្មោះ Samy Amimour និង​ភេរវជន​ទី​២ មានឈ្មោះ Ismaël Omar Mostefaï៕

Foued Mohamed Aggad-3e tueur de Bataclan