រុស្ស៊ី៖លោកប្រធានាធិបតីរុស្ស៊ី ពូទីន បានព្រមានថា ដោយមិនអាស្រ័យនឹងលទ្ធផលនៃការធ្វើវិភាគប្រអប់ខ្មៅយន្តហោះដែលត្រូវបានតួកគីបាញ់ទម្លាក់នោះ ក្រុងម៉ូស្គូ នឹងពុំកែប្រែ ឥរិយាបថខ្លួនឡើយ ចំពោះទង្វើប្រព្រឹត្តដោយអាជ្ញាធរតួកគីទល់នឹងរុស្ស៊ី ដ្បិតរុស្ស៊ីតែងបានចាត់ទុក តួកគីមិនគ្រាន់តែជាមិត្តប៉ុណ្ណោះទេ តែ ក៏ជាសម្ព័ន្ធមិត្តទៀតផង ក្នុងការប្រយុទ្ធ ទល់នឹងភេរវនិយម ហើយមិនបាននឹកស្មានទាល់តែសោះ ថា តួកគីស្រាប់តែក្បត់នឹងរុស្ស៊ី ដោយចាក់យើងចំពីក្រោយខ្នងតែម្តង។
លោកប្រធានាធិបតី ពូទីន បានថ្លែងថា ការធ្វើវិភាគប្រអប់ខ្មៅនោះនឹងអនុញ្ញាតឲ្យកំណត់ ផ្លូវហោះហើរ ល្បឿន កំពស់ហោះ និងកន្លែងស្ថិតនៅក្នុងអាកាសនៃយន្តហោះរុស្ស៊ី ពេលវាត្រូវបានបាញ់បំផ្លាញ ដោយកងអាកាសតួកគី។
លោក Shoigu បានរៀបរាប់ជូនលោកពូទីនថា ដែនដីដែលយន្តហោះចម្បាំងរុស្ស៊ីធ្លាក់ទៅលើ ក្រោយពីរងការបាញ់ប្រហារដោយតួកគី ត្រូវបាន “រំដោះ” រួចដោយ កងកម្លាំងពិសេសរបស់ស៊ីរី ហេតុដែលអនុញ្ញាតឲ្យគេរកឃើញប្រអប់ខ្មៅនោះ នៅត្រង់តំបន់ដែលមកទល់ពេលនោះឯង គឺបានស្ថិតនៅក្រោមការកាន់កាប់ពួកឧទ្ទាមភេរវជន។
ដោយឡែក ប្រភពការទូត បានឲ្យដឹងថា នៅឯក្រុមប្រឹក្សាសន្តិសុខអ.ស.ប. រុស្ស៊ី បានសុំឲ្យ លើកយកទៅពិនិត្យមើលក្រៅផ្លូវការ បញ្ហាពាក់ព័ន្ធនឹងអន្តរាគមន៍យោធានៃកងទ័ពតួកគី ចូលក្នុងដែនដី ស៊ីរី និង អ៊ីរ៉ាក់។ ជាការកត់សម្គាល់ រាល់តែកិច្ចប្រជុំក្រុមប្រឹក្សានេះ គឺ ត្រូវប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់ស.រ.អា. ដែលឡើងធ្វើជាប្រធានផ្លាស់វេនក្រុមប្រឹក្សា ពេញមួយខែធ្នូនេះ។ ដូចគេដឹងស្រាប់ អាមេរិក ជាសម្ព័ន្ធមិត្តតួកគីតែម្តង៕