រុស្ស៊ី៖ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍ឆ្លើយតបវិញភ្លាមៗដោយបញ្ជាក់ថា ការចោទប្រកាន់របស់មេដឹកនាំតួកគីគឺពិតជាគិតខុសស្រឡះពីអ្វីដែលបានកើតឡើងពិតប្រាកដនៅក្នុងតំបន់។ ការចេញសេចក្តីថ្លែងការរណ៍នេះបន្ទាប់ពីនាយករដ្ឋមន្ដ្រីតួកគីបានចោទទៅរុស្ស៊ីថា បាននឹងកំពុងតែព្យាយាមបោសសម្អាតក្រុមជនជាតិភាគតិចក្នុងប្រទេសស៊ីរី។
គួររម្លឹកថា កាលពីថ្ងៃទី០៩ខែធ្នូ នាយករដ្ឋមន្ត្រីតួកគីបានចោទប្រកាន់រុស្ស៊ីថា កំពុងកម្ចាត់ជនជាតិភាគតិចស៊ីរី ស្ថិតនៅភាគខាងជើងរដ្ឋធានី Latakia ប្រទេសស៊ីរី និងព្យាយាមបណ្ដេញប្រជាជនម៉ូស្លីមនិកាយស៊ុននី ក្នុងគោលបំណង ការពារផលប្រយោជន៍យោធារបស់ខ្លួន។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីក៏បានច្រានចោទទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់តួកគី។
គួរបញ្ជាក់ថា បន្ទាប់ពីតួកគីបានបាញ់ទម្លាក់យន្ដហោះចម្បាំងរុស្ស៊ីមួយគ្រឿងនៅ ក្បែរព្រំដែនស៊ីរីកាលពីថ្ងៃទី២៤វិច្ឆិកា។ ភាពប្រទាញប្រទង់នៅតែកើតឡើងរហូតដល់បច្ចុប្បន្ន ដោយតួកគីចោទថាយន្ដហោះរុស្ស៊ីឆ្លងដែនអាកាសខ្លួន ឯរុស្ស៊ីថាយន្ដហោះមិនបានឆ្លងចូលដែនអាកាសតួកគីនោះទេ៕