រុស្ស៊ី និង​តួ​ក​គី ប៊ិះ​ប៉ះទង្គិច​គ្នា​នៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 December, 2015 ក+ ក-

រុស្ស៊ី​៖​ការប៉ះទង្គិច​គ្នា​មួយ​រវាង​រុស្ស៊ី និង​តួ​ក​គី​ប៊ិះ​កើតឡើង ខណៈដែល​កប៉ាល់​នេសាទ​តួ​ក​គី​មួយ​បាន​បើក​លឿន​ស្លេវ​តម្រង់​នាវាចម្បាំង​របស់​រុស្ស៊ី​ឈ្មោះ Smetlivy ក្បែរ​កូន​កោះ​ក្រិ​ក​ឈ្មោះ Lemnos នៅ​សមុទ្រ Egée​តំបន់​មេ​ឌី​ទែ​រ៉ា​ណេ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ចេញផ្សាយ​កាលពី​ម្សិលមិញ​។​
​តាម​ក្រសួងការពារជាតិ​រុស្ស៊ី ដោយសារតែ​កប៉ាល់​នេសាទ​តួ​ក​គី​មិន​ឆ្លើយ​អ្វី​ទាំងអស់​ក្នុង​វិទ្យុ ទាក់ទង កប៉ាល់​រុស្ស៊ី បាន​ប្រើ​អាវុធ​ធុន​តូច បាញ់​សំដៅ ទូក​នេសាទ តួ​ក​គី រហូតដល់​ទូក​តួ​ក​គី​ត្រូវ​ប្តូរ​ទិសដៅ បើក​បញ្ជៀ​ស​ចេញ យ៉ាង​ប្រថុច​ញ៉ុ​ក​ពី​កប៉ាល់ចម្បាំង​រុស្ស៊ី​។​
​គួរ​បញ្ជាក់ថា ភាព​តានតឹង​បានកើត​ឡើង​រវាង​រុស្ស៊ី និង​តួ​ក​គី​បន្ទាប់ពី​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​រុស្ស៊ី គ្រា​ដែល​តួ​ក​គី​អះអាងថា បាន​បើក​រំលោភ​ចូល​ដែនអាកាស​របស់ខ្លួន​៕

2015-12-09T134811Z_420229780_GF10000259777_RTRMADP_3_RUSSIA-MILITARY