All posts by មេគង្គ ប៉ុស្តិ៍

WHO ទទួលស្គាល់​ភស្ដុតាង​ថា​ កូ​វីដ​១៩​អាច​ឆ្លង​រាលដាល​តាម​ខ្យល់​

បរទេស ៖ អង្គការ​សុខភាព​ពិភពលោក​កាលពី​ថ្ងៃ​អង្គារ​ទី ៧ ខែកក្កដា​បានទទួល​ស្គាល់ភស្តុតាង ដែល​បង្ហាញថា វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​ឆ្លង​រាលដាល​តាម​ខ្យល់ បន្ទាប់ពី​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ជំរុញ​ឲ្យ ទីភ្នាក់ងារ​សកល​មួយ​នេះ​ត្រួត​ពិនិត្យឡើងវិញ​ពី​ការណែនាំ​របស់ខ្លួន អំពី​របៀប​ដែល​ជំងឺ​ផ្លូវដង្ហើម​មួយ​នេះ​បាន​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​លោកស្រី Maria Van Kerkhove អ្នកបច្ចេកទេស​ឈានមុខ​ស្ដីពី​ជំងឺ​រាតត្បាត COVID-19 នៅ​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា យើង​កំពុងនិយាយ​ពី​លទ្ធភាព​នៃ​ការឆ្លង​តាម​ខ្យល់ និង​ការចម្លង​នៅលើ​យន្តហោះ ជា​គំរូ​មួយ​ក្នុងចំណោម​នៃ​ការឆ្លង​ជាច្រើន​នៃ​ជំងឺ COVID-19​។​

​អង្គការ​សុខភាព​ពិភពលោក​ធ្លាប់បាន​និយាយថា វីរុស​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវដង្ហើម COVID-19 ឆ្លង​រាលដាល​ជា​ចម្បង​តាមរយៈ​ដំណក់ទឹក​ល្អិត​ដែល​បាន​ខ្ទាត​ចេញពី​ច្រមុះ និង​ម៉ាត់​របស់​មនុស្ស ដែល​បាន​បណ្ដាល​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ​៕

 

អភិបាលរាជធានីភ្នំពេញបញ្ជាឲ្យម្ចាស់ដែលចាក់ដីរំលោភចូលប្រឡាយលូប្រាំ កាយដីចេញជាបន្ទាន់

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញព្រមានវិធានការធ្ងន់ធ្ងរចំពោះអ្នកចាក់ដីរំលោភលើប្រឡាយលូប្រាំ និងណែនាំឲ្យកាយដីរំលោភនេះចេញវិញ បើពុំដូច្នោះទេរដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការតាមផ្លូវច្បាប់។

ការព្រមានរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញបែបនេះធ្វើឡើងនៅពេលឯកឧត្តមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានីយបូមទឹកលូប្រាំ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានសាងសង់រួចរាល់នាព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ។ លោកបានឲ្យដឹងថា ប្រឡាយបង្ហូរទឹកមានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋដោយវាអាចរំដោះទឹកលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីក្រុងបានយ៉ាងប្រសើរ។

ជាមួយគ្នានោះ លោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធអាជ្ញាធរដែនដី កំណត់ឲ្យបានច្បាស់ ពីដីសាធារណៈរបស់រដ្ឋ និងដីជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ខណៈដែលប្រឡាយខាងលើ ត្រូវបានប្រជាពលរដ្ឋមួយចំនួនសង់លំនៅដ្ឋានរំលោភយកជាមួយនឹងការចាក់ដីបំពេញប្រឡាយរំលោភយកជាកម្មសិទ្ធិផងដែរនោះ។ បន្ថែមលើនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបង្កើតឲ្យមានក្រុមការងារមួយដែលមានការចូលរួមពីការិយាល័យសូរិយោដីខណ្ឌ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញដើម្បីចុះបាញ់ថ្នាំកំណត់ទីតាំងឱ្យបានច្បាស់នឹងធ្វើការណែនាំប្រជាពលរដ្ឋដែលរំលោភប្រឡាយខាងលើអោយរុះរើចេញ។

បើតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ប្រឡាយលូប្រាំនេះមានទទឹង៥០ម៉ែត្រ ដោយទុកផ្លូវសងខាង ហើយត្រូវបានប្រជាពលរដ្ឋចំនួន១១១គ្រួសាររំលោភយក ក្នុងនោះ នៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ចំនួន៣៥គ្រួសារ និងភូមិឬស្សី ២ចំនួន៧៦គ្រួសារ ។ ពួកគាត់ទាំងនេះបានសង់លំនៅដ្ឋានរំលោភនៅលើតួប្រឡាយតែម្ដង៕

 

ក្រសួងមហាផ្ទៃបញ្ជាឲ្យអភិបាលរាជធានី-ខេត្តទប់ស្កាត់ការកាប់ទន្ទ្រានយកដីដោយខុសច្បាប់ នៅតំបន់ការពារធម្មជាតិ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បញ្ជាអភិបាលរាជធានី-ខេត្ត ត្រូវទប់ស្កាត់ឲ្យបានជាដាច់ខាត កុំឲ្យមានការរុករានទន្ទ្រានដីដោយខុសច្បាប់ ដើម្បីបង្ការកុំឲ្យក្លាយជាសង្គ្រាមដីធ្លី។ នេះបើតាមលិខិតផ្ញើជូនអភិបាលរាជធានី-ខេត្ត របស់សម្ដេចក្រឡាហោម ស ខេង។

ដើម្បីអនុវត្តវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព សម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការណែនាំដូចខាងក្រោម៖

 

ត្រាំ ប្រកាសដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការសុខភាពពិភពលោក

អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយ CNN បានចុះផ្សាយថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកអាមេរិកចេញពីសមាជិកភាព របស់អង្គការសុខភាពពិភពលោក (WHO) ជាផ្លូវការហើយ កាលពីថ្ងៃអង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ។

មូលហេតុដែលនាំឲ្យលោក ត្រាំ សម្រេចចិត្តដកអាមេរិកចេញពីអង្គការ WHO គឺដោយសារប្រធានាធិបតីអាមេរិករូបនេះ បានទម្លាក់កំហុសទៅលើអង្គការនេះថា គ្មានសមត្ថភាពក្នុងការជូនដំណឹង អំពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលកើតចេញពីការឆ្លងរាលដាលវីរុស Covid-19 នៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក និងលំអៀងទៅរកប្រទេសចិន។

សូមបញ្ជាក់ជូនថា លោក ត្រាំ មិនត្រឹមតែដកអាមេរិកចេញពីសមាជិកភាពរបស់អង្គការ WHO ទេ ប្រធានាធិបតីអាមេរិករូបនេះ បានដកអាមេរិកចេញពីកិច្ចព្រមព្រៀងច្រើនទៀត មានកិច្ចព្រមព្រៀងបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក និងនាំអាមេរិកឲ្យចេញពីអង្គការយូណេស្កូ៕

 

ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា គិតត្រឹម​ព្រឹក​ថ្ងៃទី​០៨​ ខែកក្កដានេះ

ភ្នំពេញ ៖ គិតត្រឹមម៉ោង​៨ និង០០ព្រឹក​ ថ្ងៃទី​០៨ ខែកក្កដា​ ឆ្នាំ២០២០​នេះ ពុំរកឃើញករណីជំងឺកូវីដ-១៩​ ថ្មី​ទេ​ ដែលសរុបកូវីដ-១៩​ ចំនួន១៤១នាក់ដដែល​ ជាសះស្បើយគ្មាន​ ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បើយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន​។ នេះបើយោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

ទោះបីបែបនេះក្តី CDC បានបញ្ជាក់ថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​ ដូច្នេះសូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។ ទន្ទឹមនោះត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យារការរៀបអាពាហ៍ពិពាហ៍​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់​ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​។

សូមបញ្ជាក់ថា​ ប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​២៧​ ខែមករា​ ឆ្នាំ២០២០​ ។ ទន្ទឹមនោះ យើងបានធ្វើតេស្តចំនួន៤១៧៣៣ ស្មើនឹង​ ២៥១៤ ក្នុង១លាននាក់៕

 

 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១២លាននាក់ ស្លាប់ជាង ៥៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៩៤០,២៤៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៤៥,៦០៥នាក់ និងជាសះស្បើយឡើងវិញ ៦,៨៤៣,៩៩៩នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣,០៩៦,៥០៣នាក់ ស្លាប់ចំនួន ១៣៣,៩៥៤នាក់ និងជាសះស្បើយចំនួន ១,៣៥៤,៥៧៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ១,៦៧៤,៦៥៥នាក់ ស្លាប់ចំនួន ៦៦,៨៦៨នាក់ និងជាសះស្បើយ ១,០៧២,២២៩នាក់។ ចំណែកប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដែលមានអ្នកឆ្លង ៧៤៣,៤៨១នាក់ ស្លាប់ ២០,៦៥៣នាក់ និងជាសះស្បើយ ៤៥៧,០៥៨នាក់៕