All posts by មេគង្គ ប៉ុស្តិ៍

អ្នកវិទ្យាសាស្ត្រ​ស្នើ​ឲ្យ WHO ពិនិត្យឡើងវិញ​នូវ​លទ្ធភាព​ដែល COVID-19 ឆ្លងតាម​ខ្យល់អាកាស​

បរទេស ៖ អ្នកវិទ្យាសាស្ត្រ​រាប់រយ​នាក់​និយាយថា មាន​ភ័ស្តុតាង​ដែលថា​វីរុស​កូ​រ៉ូ​ណា​ក្នុង​ភាគល្អិត​តូចៗ​នៅលើ​អាកាស អាច​ឆ្លងទៅ​មនុស្ស ហើយ​បាន​អំពាវនាវ​ឱ្យ​អង្គការ​សុខភាព​ពិភពលោក​ពិនិត្យឡើងវិញ​នូវ​អនុសាសន៍​ឬ​ការណែនាំ​របស់ខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ទីភ្នាក់ងារសារព័ត៌មាន CNA​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ​ជំងឺ COVID-19 អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​តំណក់​ទឹកតូច​ចេញពី​ច្រមុះ ឬ​មាត់ នៅពេលដែល​អ្នកមាន​ផ្ទុក​ជំងឺ​នេះ​កណ្ដាស់ ក្អក​ឬ​និយាយ​។​

​នៅក្នុង​លិខិត​ចំហ​មួយច្បាប់​ផ្ញើជូន WHO របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ ២៣៩​នាក់​មកពី​ប្រទេស​ចំនួន​៣២ ដែល​គ្រោង​នឹង​ចេញផ្សាយ​ការសិក្សា​ថ្មី​មួយ នៅ​សប្ដាហ៍​ក្រោយនេះ​បានឱ្យដឹងថា មាន​ភស្ដុតាង​ថ្មី​បន្ថែមទៀត អាច​បញ្ជាក់បាន​ថា ភាគល្អិត​តូចៗ​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19) នៅក្នុង​ខ្យល់អាកាស ក៏​អាច​ចម្លង​ដល់​មនុស្ស​ផងដែរ នៅពេល​ស្រូប​វា​ចូល​។ ​នេះ​បើ​យោងតាម​ការ​ដង​ស្រង់​របស់​ទីភ្នាក់ងារសារព័ត៌មាន New York Times​។​

យ៉ាងណាមិញ​ជុំវិញ​បញ្ហា​នេះ WHO មិនទាន់​ធ្វើការ​អត្ថា​ប្បាយ​អ្វី​ឡើយ​នៅទេ តែ​កាលពី​ពេលមុន ទីភ្នាក់ងារ​សុខាភិបាល​អង្គការសហប្រជាជាតិ​មួយ​នេះ ធ្លាប់បាន​បញ្ជាក់ថា ភស្តុតាង​ដែល​ក្រុម​អ្នកស្រាវជ្រាវ​រកឃើញថា វីរុស​កូ​រ៉ូ​ណា​ថ្មី​អាច​រស់នៅ ឬ​ចម្លង​ទៅ​មនុស្ស​តាម​ខ្យល់អាកាស មិនទាន់មាន​ភាព​ប្រា​ដក​ជា ឬ​អាច​ជឿជាក់​បាន​ទាំងស្រុង​នោះទេ​៕

 

ក្រសួងធនធានទឹក ៖ ពីថ្ងៃទី០៨-១៤ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់ពីខ្សោយទៅបង្គួរ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងធនធានទឹកបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ជាមួយនឹងជ្រលងសម្ពាធទាបអូសបន្លាយលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យ៖

១- បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
* សីតុណ្ហភាពអប្បបរមាមានពី ២៦-២៧°C
* សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥°C ។
នៅថ្ងៃទី៨-១០ ខែកក្កដា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិត ពីខ្សោយទៅមធ្យម និងបន្ទាប់ពីនោះ ភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
* សីតុណ្ហភាពអប្បបរមាមានពី ២២-២៦°C
* សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតខ្សោយទៅមធ្យម។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមាមានពី ២៥-២°C
* សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅមធ្យម។

ជាមួយគ្នានេះក្រសួងបានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

 

អបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០នេះ បានផ្ញើសារចូលរួមអបអរសាទរ ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចបានសរសេរថា ៖« ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ជា​ខួប​១២ឆ្នាំ​នៃ​ការដាក់បញ្ចូល​ប្រាសាទព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ព្រឹត្តិការណ៍​ដែល​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ត្រូវបាន​ចាត់ទុកជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ បើ​គិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏​ពិសិដ្ឋ​មួយ​នេះ ក្រោយ​ឈ្នះក្តី​លើ​ប្រទេស​ថៃ​នៅ​តុលាការអន្តរជាតិ​ក្រុងឡាអេ​នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​»។

សម្តេចបន្តថា ព្រះវិហារ ប្រាសាទ​ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​ដែល​ស្ថិតនៅលើ​ភ្នំ​ដងរែក ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នា​កិច្ចប្រជុំ​ទី​៣២​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ នៅ​ទីក្រុង​កេ​បិ​ច ប្រទេស​កាណាដា​៕

 

អេស្ប៉ាញបិទតំបន់មួយទៀតសាជាថ្មី បន្ទាប់ពីការកើនឡើងនៃករណីឆ្លងវីរុសកូវីដ១៩

អេស្ប៉ាញ ៖ ក្រុមមន្រ្តីនៅតំបន់ហ្គាលីស្សា (Galicia) ស្ថិតនៅភាគពាយព្យនៃប្រទេសអេស្ប៉ាញ បានដាក់ចេញនូវវិធានការរឹតបន្តឹងការដើរហើរឡើងវិញក្នុងសង្កាត់មួយដែលមានពលរដ្ឋរស់នៅប្រហែល៧ម៉ឺននាក់បន្ទាប់ពីមានការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩។ មានតែអ្នកដែលត្រូវធ្វើដំណើរទៅធ្វើការប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ឬចូលសង្កាត់ម៉ារីណា (Marina) ចាប់ពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃសុក្រ។

ចំណាត់ការនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីតំបន់កាតាឡូនីញ៉ា (Catalonia) ដែលស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញបានដាក់ចេញនូវវិធានស្រដៀងគ្នានេះដែរក្នុងមូលដ្ឋានរបស់ខ្លួន។

បច្ចុប្បន្នបើគិតជារួមការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩ក្នុងប្រទេសអេស្ប៉ាញកំពុងស្ថិតនៅក្រោមការគ្រប់គ្រង។ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងវីរុសកូវីដ១៩ជិត៣សែននាក់ដោយក្នុងនោះមានអ្នកស្លាប់២៨,៣៨៥នាក់។ ប៉ុន្តែចំនួនស្លាប់ប្រចាំថ្ងៃមិនឡើងលើសដប់នាក់ទេអស់រយៈពេល៣សប្តាហ៍មកហើយ។

សូមជម្រាបថា អេស្ប៉ាញបានចាប់ផ្ដើមបើកព្រំដែនរបស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងសហភាពអឺរ៉ុប រួមទាំងអង់គ្លេសផងដោយរំពឹងថានឹងមានការកើនឡើងនៃការធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកប្រចាំរដូវក្តៅនេះ៕

 

កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប លើកទី១៣ ដែល​កម្ពុជាធ្វើម្ចាស់ផ្ទះ​ត្រូវបានលើកពេល

ភ្នំពេញ ៖ កិច្ចប្រជុំកំពូល​អាស៊ី-អឺរ៉ុប លើកទី១៣ ដែល​កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ​លើកដំបូង ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ គឺ​ត្រូវបានលើកពេល​ទៅធ្វើនៅពាក់កណ្តាល​ឆ្នាំ​២០២១វិញ ដោយ​សារតែ​ជំងឺកូវីដ១៩។ នេះបើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។

ការសម្រេចលើកពេលនេះ ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ឧត្តមមន្រ្តី​អាស៊ី-អឺរ៉ុប តាម​ប្រព័ន្ធវីដេអូ កាលពីថ្ងៃទី​២-៣ កក្កដា ២០២០ ក្រោម​អធិបតីភាព​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​របស់​រាជរដ្ឋាភិបាល និង​ជាឧត្តម​មន្រ្តី​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប៕

 

ករណី​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ៖ ACU បញ្ជូន​អភិបាលរង​ខេត្តបាត់ដំបង​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ

ភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ( ACU ) បាន​នាំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង​ខេត្តបាត់ដំបង​ទៅ​តុលាការរាជធានី​ភ្នំពេញ ករណី​ពុករលួយ​រឿង​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។

​សូមជម្រាបថា ACU បាន​នាំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ មកកាន់​ស្នាក់ការ ACU នៅ​ព្រលប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០​ដែល​គេ​សង្ស័យថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ ទន្ទឹម​នោះ ACU ដដែល​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ ក៏បាន​នាំខ្លួន​លោក​ឧកញ៉ា សង ថន មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​ពុករលួយ​រឿង​ដីធ្លី​ប្រមាណ​៥០០០​ហិកតា នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នេះ​ផងដែរ​។​

​ជុំវិញរឿងរ៉ាវខាងលើនេះ គេ​កំពុង​រង់ចាំ​មើលថា តើ​មាន​មន្ត្រី​អាជ្ញាធរ​ប៉ុន្មាន​នាក់​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​នេះ ព្រោះថា ទំហំ​នៃ​សាច់​រឿងនេះ​ដូចជា មិនធម្មតា​នោះឡើយ ហើយ​មន្ត្រី​ម្នាក់​ឬ​ពីរ​នាក់​ក៏​មិនអាច​ធ្វើបាន​ដែល៕

 

ថ្ងៃនេះ​ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​៤​ករណី​ទៀត​ ក្នុងនោះ​១​ករណី​នៅ​ក្រុង​ប៉េកាំង​

​ចិន ៖ អាជ្ញាធរ​សុខាភិបាល​ចិន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​៤​ករណី​បន្ថែមទៀត​កាលពី​ម្សិលមិញ ដោយ​ក្នុងនោះ​៣​ករណី​ជា​ករណី​នាំចូល​និង​១​ករណី​ទៀត​ជា​ករណី​ឆ្លង​ក្នុងស្រុក ដែល​រកឃើញ​នៅ​ទីក្រុង​ប៉េកាំង និង​គ្មាន​អ្នកស្លាប់​ថ្មី​ទេ​។​ នេះ​បើ​យោងតាម​ប្រភពពី CGTN​។​

​គិត​មកដល់ពេលនេះ​ចំនួន​ករណី​សរុប​ដែល​ត្រូវបាន​បញ្ជាក់​នៅលើ​ចិនដីគោក​មាន​ចំនួន ៨៣.៥៥៧ នាក់ ​និង​ចំនួន​អ្នកស្លាប់​កើន​ដល់ ៤.៦៣៤ នាក់​ជាមួយនឹង​អ្នកជំងឺ​មិន​បញ្ចេញ​រោគសញ្ញា​មាន​ចំនួន​១០៩ នាក់​ដែល​កំពុងស្ថិត​ក្រោម​ការ​សង្កេត​ពី​ក្រុមគ្រូពេទ្យ​៕

 

WHO រំពឹង​ទទួលលទ្ធផល​ដំបូង​ពី​ថ្នាំ​ព្យាបាល COVID-19 ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ទៀត​

ហ្សឺណែវ ៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាន​និយាយ​កាលពី​ចុងសប្តាហ៍កន្លងទៅ​ថា WHO គួរតែ​ទទួលបាន​លទ្ធផល​ឆាប់ៗ​នេះ​ពី​ការសាកល្បង​ព្យាបាល​ដែល​ខ្លួន​កំពុង​រៀបចំ​ធ្វើ​ឡើងលើ​ថ្នាំ​ដែល​អាចមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ COVID-19។​

​លោក​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ដោយ​សម្ដៅលើ​ការសិក្សា​ព្យាបាល​ដែល​ភ្នាក់ងារ UN កំពុង​រៀបចំ​ធ្វើឡើង​ថា “​អ្នកជំងឺ​ជិត ៥,៥០០ នាក់​នៅក្នុង​ប្រទេស​ចំនួន ៣៩ មកទល់ពេលនេះ​ត្រូវបាន​ជ្រើសរើស​សម្រាប់​ការសាកល្បង​ព្យាបាល​ដែលមាន​ឈ្មោះថា​សាមគ្គីភាព​”។ ​លោក​បាន​និយាយថា “​យើង​រំពឹង​ឃើញ​លទ្ធផល​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ខាងមុខនេះ​”។​

​ការសាកល្បង​ព្យាបាល “​សាមគ្គីភាព​” បានចាប់ផ្តើម​ជា ៥ ផ្នែក​ដោយ​ពិនិត្យមើល​វិធីសាស្ត្រ​នៃ​ការព្យាបាល​ដែល​អាច​កើតមាន​ចំពោះ​ជំងឺ COVID-19 ដូចជា ការថែទាំ​តាម​ស្តង់ដារ ថ្នាំ Remdesivir ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ ថ្នាំ Hydroxychloroquine ថ្នាំ​ជំងឺអេដស៍ Lopinavir/Ritonavir និង​ថ្នាំ Lopanivir/Ritonavir ផ្សំ​ជាមួយ​ថ្នាំ Interferon។​

​កាលពី​ដើមខែ​នេះ​វា​បាន​បញ្ឈប់​ការធ្វើ​តេស្ត​ថ្នាំ Hydroxychloroquine បន្ទាប់ពី​ការសិក្សា​បាន​បង្ហាញថា វា​មិនមាន​អត្ថប្រយោជន៍​ចំពោះ​អ្នក​ដែលមាន​ជំងឺ​នេះ​ទេ ប៉ុន្តែ​ការងារ​ជាច្រើន​ទៀត​នៅតែ​ត្រូវការ​ដើម្បី​មើលថា​តើ​វា​អាចមាន​ប្រសិទ្ធ​ភាពជា​ថ្នាំ​បង្ការ​ដែរ​ឬ​យ៉ាងណា។​

​លោក Mike Ryan ប្រធាន​កម្មវិធី​សង្គ្រោះបន្ទាន់​របស់ WHO បាន​និយាយថា វា​ជាការ​មិន​សម​ហេតុផល​នោះទេ​ក្នុង​ការទស្សទាយ​នៅពេលដែល​វ៉ាក់សាំង​អាច​ត្រូវបាន​ត្រៀមខ្លួន​ប្រឆាំងនឹង​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់។​
​លោក​បាន​ប្រាប់​សមាគមន៍​អ្នកសារព័ត៌មាន ACANU របស់ UN ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា ខណៈពេលដែល​បេក្ខជន​តេស្ត​វ៉ាក់សាំង​អាច​បង្ហាញ​ពី​ប្រសិទ្ធភាព​របស់​វា​នៅ​ចុងឆ្នាំ​សំណួរ​គឺថា​តើ​វា​អាច​ត្រូវបាន​ផលិត​ឲ្យ​បាន​ឆាប់​តាមរបៀប​ណា។ ​ឥឡូវនេះ​មិនមាន​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​នេះ​នោះទេ ខណៈពេលដែល​បេក្ខជន​ដែល​សក្តានុពល​ចំនួន ១៨ នាក់​កំពុង​ត្រូវបាន​ធ្វើតេស្ត​លើ​មនុស្ស។​

​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​បានការ​ពារ​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​វីរុស​ដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​ចិន​កាលពី​ឆ្នាំមុន​ដោយនិយាយ​ថា ពួកគេ​ត្រូវបាន​ជំរុញ​ដោយ​វិទ្យាសាស្ត្រ​នៅពេល​វា​បាន​អភិវឌ្ឍ។ លោក Ryan បាន​និយាយថា អ្វីដែល​លោក​សោកស្តាយ​គឺ​បណ្តាញ​ផ្គត់ផ្គង់​សកល​បាន​រង​ផលប៉ះពាល់ និង​កង្វះខាត​ឧបករណ៍​ការពារ​រប​ស់​បុគ្គលិក​ពេទ្យ។ លោក​បាន​និយាយថា “​ខ្ញុំ​សោកស្តាយ​ដែល​មិនមាន​សិទ្ធិ​ប្រើប្រាស់​ឧបករណ៍ COVID ដោយ​យុត្តិធម៌។ ខ្ញុំ​សោកស្តាយ​ដែល​ប្រទេស​ខ្លះ​មាន​ច្រើនជាង​ប្រទេស​ដទៃទៀត ហើយ​ខ្ញុំ​សោកស្តាយ​ដែល​កម្មករ​ជួរមុខ​បាន​ស្លាប់​ដោយសារ​បញ្ហា​នោះ​”៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១.៥លាននាក់ ស្លាប់ជិត ៥៤ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១,៥៤៦,៤៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥៣៦,៣៩២នាក់ និងជាសះស្បើយឡើងវិញ ៦,៥២៦,៧៤៩នាក់។

គេហទំព័រដដែល បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៩៨០,៩៨៣នាក់ ស្លាប់ចំនួន ១៣២,៥៥២នាក់ និងជាសះស្បើយចំនួន ១,២៨៥,៤៥០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,៦០៤,៥៨៥នាក់ ស្លាប់ចំនួន ៦៤,៩០០នាក់ និងជាសះស្បើយ ៩៧៨,៦១៥នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៦៩៧,៨៣៦នាក់ ស្លាប់ ១៩,៧០០នាក់ និងជាសះស្បើយ ៤២៤,៨៩១នាក់៕