All posts by មេគង្គ ប៉ុស្តិ៍

ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់​ករណី​ចាប់ជំរិត ​និង​រំដោះ​ជនរងគ្រោះ​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​៣​នាក់

​​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជំរិត​ទារប្រាក់​ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ជនសង្ស័យ​ចំនួន​២​នាក់ ហើយ​បាន​រំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ដូចគ្នា​បាន​ចំនួន​៣​នាក់។​

​សមត្ថកិច្ច​បញ្ជាក់ថា ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ខាងលើនេះ ធ្វើឡើង​នៅ​ម៉ោងជាង​១២​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២០​។ ប្រតិ​ប​ត្ត​ការ​នេះ​ធ្វើឡើង ដោយ​ទទួលបាន​ដំណឹង​ពី​ជនរងគ្រោះ ដែល​បាន​រត់​រួច ហើយ​ប្រាប់​គេ​ជួយ​ទើប​លោក​ដឹង ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ជួយ​តែម្តង ហើយ​ឃាត់​បាន​ជនជាតិ​ចិន ដែលជា​ជនដៃដល់​២​នាក់ និង​រំដោះ​ជនរងគ្រោះ​៣​នាក់ រួមទាំង​ដកហូត​បាន​សម្ភារ​សម្រាប់​ធ្វើ​សកម្មភាព​ជាច្រើន​ថែមទៀត ។​

​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​លម្អិត​នៅក្នុង​ករណី​ខាងលើនេះ​នៅឡើយ​ទេ ខណៈដែល​សមត្ថកិច្ច​កំពុង​សាកសួរ​និង​កសាង​សំណុំរឿង​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់៕

 

ក្រសួងធនធានទឹកបញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនាថ្ងៃទី៣០កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

ខេត្តព្រៃវែងគ្រង​តំណែង​ជើងឯក ​ពាន Hun Sen Cup ថ្នាក់​ខេត្ត​

ភ្នំពេញ ៖ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​(Hun Sen Cup) ថ្នាក់​ខេត្ត ឆ្នាំ​២០២០ បានបញ្ចប់​ហើយ ដោយ​ក្រុម​ជម្រើស​ខេត្តព្រៃវែង បាន​គ្រង​តំណែង​ជើងឯក បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើស​ខេត្ត​ត្បូងឃ្មុំ ដែលជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ ដោយ​លទ្ធ​ផ ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០​។​

​សម្រាប់​ជំនួប​បិទទ្វារ​គ្មាន​អ្នកទស្សនា​ផ្ទាល់​នេះ វគ្គ​ទី​១ ក្រុម​ទាំងពីរ មិនអាច​ស៊ុត​បំប៉ោង​សំណាញ់​ទី​គ្នា​បានឡើយ​។ លុះ​ចូល​វគ្គ​ទី​២ កីឡាករ វុ​ធ តុលា បានធ្វើ​សម្រេច​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​ឲ្យ​ខេត្តព្រៃវែង នៅ​នាទី​៤៩ ហើយក៏​ជា​គ្រាប់​បាល់​ជួយ​ឲ្យ​ខេត្តព្រៃវែង​លើក​ពាន​ផងដែរ បន្ទាប់ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​ព្យាយាម​វាយបក​យ៉ាងខ្លាំង តែ​ធ្វើ​មិនបាន​សម្រេច​។​

​ដោយឡែក​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម​ជម្រើស​ខេត្ត​កែប បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើស​ខេត្តសៀមរាប ដែលជា​ក្រុម​ជើងឯក​រង​ឆ្នាំ​ចាស់ ដោយ​លទ្ធផល ៣-០ ៕

 

ថ្ងៃនេះមានអ្នកជំងឺកូវីដ១៩ ចំនួន៨នាក់បានជាសះស្បើយ និងមានករណីថ្មី ១នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ១នាក់ថែមទៀត និងមានករណីជាសះស្បើយចំនួន ៨នាក់ផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលទទួលបានមុននេះបន្តិច។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជា បុរសជនជាតិអាមេរិកកាំង ជាមន្ត្រីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក មានអាស័យដ្ឋានស្នាក់នៅក្នុងស្ថាន ទូតអាមេរិកប្រចាំកម្ពុជា រាជធានីភ្នំពេញ។

បុរសរូបនោះជាអ្នកដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក ដែលលទ្ធផល វិភាគវត្ថុសំណាកលើកទីពីរ ធ្វើនៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ ទទួលបានលទ្ធផល វិជ្ជមានវីរុសកូ វីដ-១៩ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០៕ 

អភិបាលរាជធានីភ្នំពេញព្រមានវាយកម្ទេចចោល ចំពោះសំណង់សង់ខុសប្លង់អនុញ្ញាត

ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ០៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យសំណង់ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងលោក លោកស្រី អភិបាល អភិបាលរងខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គ្រប់សំណង់អគារទាំងអស់ក្នុងរាជធានីភ្នំពេញ ត្រូវតែគោរពតាមបទដ្ឋានបច្ចេកទេសសំណង់ និងមានច្បាប់អនុញ្ញាតសាងសង់ ដើម្បីធានាឱ្យបាននូវគុណភាពសំណង់អគារគង់វង្សយូរអង្វែង ចំពោះសំណង់ដែលមានសភាពចាស់ទ្រុឌទ្រោមរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចេញសេចក្ដីជូនដំណឹង និងចុះណែនាំជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងនោះមានការប្រុងប្រយ័ត្នខ្ពស់។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេង បានព្រមានវាយកម្ទេចចោល ចំពោះសំណង់ខុសប្លង់អនុញ្ញាត ដែលអាចបង្កហានិភ័យដល់មនុស្ស ហើយត្រូវអាជ្ញាធរខណ្ឌ និងមន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការ គ្រប់ការដ្ឋានសំណង់ដែលបានសាងសង់ឡើងដោយគ្មានច្បាប់ និងមានច្បាប់ហើយ តែការសាងសង់ខុសពីច្បាប់ដែលបានអនុញ្ញាតជៀសវាងនូវហានិភ័យផ្សេងៗ។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «ការសង់សំណង់ខុសច្បាប់អនុញ្ញាតិ ត្រូវបានហាមឃាត់ ឬវាយចោលតែម្ដង ដោយមិនត្រូវទុកឲ្យមានការភ័យ កើតឡើងទេ។ បញ្ហាបែបនេះយើងធ្លាប់បានវាយ និងកាត់សំណង់កំពស់១០ជាន់រួចម្តងហើយ ការធ្វើដូច្នេះ គឺដើម្បីកុំឲ្យមានហានិភ័យកើតឡើងប៉ះពាល់ ដល់អាយុជីវិតមនុស្ស»។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមគាំទ្រជានិច្ចចំពោះការបើកការដ្ឋានឲ្យសាងសង់សំណង់ផ្សេងៗ ដើម្បីអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើន ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញ មិនគាំទ្រចំពោះសំណង់គ្មានច្បាប់ និងសំណង់ដែលធ្វើខុសប្លង់អនុញ្ញាតនោះដែរ។

ដោយឡែក ចំពោះសំណង់ដែលមានអាយុកាលចាស់ទ្រុឌទ្រោម ឯកឧត្តមជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំ ប្រជាពលរដ្ឋដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ក្នុងរាជធានីភ្នំពេញ ឲ្យឲ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ជៀស វាងមានហានិភ័យអ្វីកើតឡើង បន្ទោសអាជ្ញាធរ ថាមិនបានយកចិត្តទុកដាក់ចំពោះពួកគាត់។

ទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអាគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ ដែលស្នាក់នៅក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថាការរស់នៅក្នុងអគារចាស់ៗទាំងនេះ មានហានិភ័យខ្ពស់ណាស់៕ 

 

 

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៧លាននាក់ ស្លាប់ជិត៦៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៧,១៦២,៧១៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៦៩,០៩៦នាក់ និងជាសះស្បើយឡើងវិញ ១០,៦៧២,៧៧៩នាក់។

គេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៥៦០,២៣៥នាក់ ស្លាប់ចំនួន ១៥៣,៥៨១នាក់ និងជាសះស្បើយចំនួន ២,២២៣,០០០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៥៥៥,៥១៨នាក់ ស្លាប់ចំនួន ៩០,១៨៨នាក់ និងជាសះស្បើយ ១,៧៨៧,៤១៩នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៥៨៤,៣៨៤នាក់ ស្លាប់ ៣៥,០០៣នាក់ និងជាសះស្បើយ ១,០២១,៦១១នាក់៕

 

អភិបាលខេត្តកំពង់ចាម ដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ស្រុកបាធាយឡើងវិញ

ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការឯកភាពនៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឲ្យអភិបាលរងខេត្តលោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារចុះប្រតិបត្តិការដើម្បីរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវឡើងវិញ។

ដូចការគ្រោងទុក ប្រតិបត្តិការនេះបានចាប់ផ្ដើមអនុវត្តក្រោយមានកិច្ចប្រជុំដោយអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ ពិភាក្សាទៅលើកិច្ចការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ដោយហេតុថាកន្លងមក នៅតំបន់ទីប្រជុំជនផ្សារផ្អាវនេះ មានការលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះបាត់បង់សណ្ដាប់ធ្នាប់ ។

បើតាមអភិបាលស្រុកបាធាយ លោកផេន សុផល បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០ តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និង កន្លែងលក់ត្រី មាន ១៥០ កន្លែង ។

ហើយកន្លែងលក់ ដែលបង្ករភាពអណាធិបតេយ្យ គឺមានជាង ១០០ កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច ។

ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០ កន្លែង ដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។

នៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះផងដែរ ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែនដី បានចុះវាស់វែងដោយកំណត់ យកត្រឹមមាត់លូចូលក្នុងប្រវែង ២ ម៉ែត្រ នៃថ្នល់ជាតិទាំងសងខាង ។

ទន្ទឹមនឹងនោះក្រុមអាជ្ញាធរបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក៏ដូចជាក្រុមអាជីវករដែលបានសាងសង់ប៉ះពាល់លើដីចំណីផ្លូវ នឹងត្រូវឲ្យរៀបចំរួសរើក្នុងរយៈពេល ៣ថ្ងៃ មុនពេលអាជ្ញាធរចុះធ្វើការឈូសឆាយ ។

ក្នុងខណៈពេលដែលក្រុមអាជ្ញាធរចេញប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវនេះ ក៏មានមតិប្រជាពលរដ្ឋជាច្រើនបានសាទរ ពេញចិត្តនឹងចំណាត់ការនេះ ដោយពួកគាត់អះអាងថា នឹងអស់កង្វល់បញ្ហាកកស្ទះ ឬបង្ករការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងអាចនាំទីប្រជុំជនជនផ្សារផ្អាវមានសោភ័ណភាពល្អ៕ ដោយ ៖ ប៉ែន សុផល

ថ្ងៃនេះ ចិនរកឃើញករណីឆ្លង COVID-19 ថ្មី ជាង​១០០នាក់ទៀត

ចិន ៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន១០១ករណីបន្ថែម នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត​មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ នេះបើតាមសារព័ត៌មាន CNA។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើនេះ ៩៨ករណីបានឆ្លង COVID-19 ក្នុងស្រុក ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស ហើយក្នុងករណីឆ្លងថ្មីទាំងនេះអ្នកជំងឺ ២៧នាក់មិនមានចេញរោគសញ្ញានោះទេ។

តាមរយៈវិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់, ការអនុវត្តគម្លាតសុវត្តិភាព, កម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ និងជាពិសេសការបិទទីក្រុងទាំងមូល ប្រទេសចិនអាចគ្រប់គ្រង​ការឆ្លងរីករាលដាលនៃវីរុសនេះ​បានយ៉ាងជោគជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការផ្ទុះឡើងវិញបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ ប្រទេសចិនមានករណីឆ្លងសរុបចំនួន៨៤,០៦០ករណី ក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ និងជាង ៧៨,០០០នាក់ជាសះស្បើយ៕

 

កម្ពុជាពន្យារពេលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ទៅពាក់កណ្តាលឆ្នាំក្រោយដោយសារបញ្ហាកូវីដ-១៩

ភ្នំពេញ ៖ ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ក្នុងខែឧសភា ឬខែមិថុនា នៅពាក់កណ្ដាលឆ្នាំក្រោយ បន្ទាប់ពីកិច្ចប្រជុំដែលគ្រោងធ្វើនៅពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមមូលបទ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា” ត្រូវបានខកខាន ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩។
បើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំនេះកាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្ដមមន្ដ្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទាំងអស់បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលនេះទៅប្រព្រឹត្តនៅពាក់កណ្ដាលឆ្នាំ២០២០ វិញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីកិច្ចប្រជុំនេះកាលពីថ្ងៃទី២ ដល់ថ្ងៃទី៣ កក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយសារតែផលវិបាកអាក្រក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ឧត្ដមមន្ដ្រីទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប ទាំងអស់បានបង្ហាញការឯកភាពប្រកបដោយស្មារតីយោគយល់ និងគាំទ្រជាឯកច្ឆន្ទចំពោះសំណើរបស់កម្ពុជា សុំលើកពេលរៀបចំកិច្ចប្រជុំកំពូលនេះទៅប្រព្រឹត្តនៅពាក់កណ្ដាលឆ្នាំ២០២១ វិញ៕

យុវជនម្នាក់រងរបួសធ្ងន់ ខណៈចូលដាក់អន្ទាក់សត្វ និងជីកទំពាំងក្នុងចំការមីន

ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២០ខណៈដែលមានសំលេងផ្ទុះចេញពីចំនុចចំការមីនក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃចន្លោះបង្គោលសីម៉ាលេខ២៨-២៩ នៅចំណុចខាងលិចភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ក្រោយមានករណីផ្ទុះកម្លាំងនគរបាលព្រំដែនបានចុះពិនិត្យទីតាំងផ្ទុះហើយបានជួយសង្គ្រោះយុវជនម្នាក់បញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថាក្មេងប្រុសដែលជួយសង្គ្រោះចេញពីចំការមីនមាន ឈ្មោះ ឈុំ ខេន អាយុ១៤ឆ្នាំ មានទីលំនៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោក អធិការបានបញ្ជាក់ថានៅមុនពេលកើតហេតុ ក្មេងរងគ្រោះបានបានចេញពីផ្ទះដើរចូលទៅក្នុងទឹកដីថៃតាមបន្ទាត់ព្រំដែន ដើម្បីដាក់អន្ទាក់សត្វនិងដើររកជីកទំពាំងយកមកធ្វើម្ហូប។ តែដោយខ្វះការប្រុងប្រយត្ន័បានជាន់មីនបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់ជើងទាំង២និងខ្លួនប្រាណសុះសាច់ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុថ្មពួក បានបញ្ជាក់ថាចំនុចចំការមីនខាងលើបានសំលាប់និងបង្កគ្រោះថ្នាក់ដល់មនុស្សជាច្រើននាក់មកហើយ ដែលអ្នកទាំងនោះសុទ្ធសឹងជាអ្នកដែលចូលទៅជីកទំពាំង ដាក់អន្ទាក់សត្វ គោះអង្ក្រង បេះផ្លែឈើនិងរុករកអនុផលព្រៃឈើ។លោកបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន បញ្ឈប់ការរុករកអនុផលព្រៃឈើឬក៏ដាក់អន្ទាក់សត្វ ក្នុងតំបន់គ្រោះថ្នាក់នេះទៀតព្រោះមីននិងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោមដីមិនភ្លេចយើងទេ អោយតែយើងធ្វេសប្រហែសតែមួយវិនាទីគឺបន្សល់វិប្បដិសារីអស់មួយជីវិត៕

សម្ដីតំណាងក្រុមវគ្គផ្ដាច់ព្រ័ត្រពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០

ភ្នំពេញ ៖ ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ នឹងចូលដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី២៩ ខែកក្កដា នាពហុកីឡដ្ឋានជាតិ ដែលក្រុមខេត្តសៀមរាប ជួបជាមួយខេត្តកែប ដណ្ដើមចំណាត់ថ្នាក់លេខ៣ និងខេត្តត្បូងឃ្មុំ ប៉ះព្រៃវែងប្រជែងតំណែងជើងឯក។ 

ពាក់ព័ន្ធទៅនឹងការប្រកួតយកចំណាត់ថ្នាក់លេខ៣ លោក លី ធារ៉ា គ្រូបង្គោលជម្រើសខេត្តសៀមរាប លើកឡើងថា ទោះមិនបានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត្រយកជើងឯក ក៏នៅតែបណ្ដុះគំនិតកូនក្រុមឲ្យប្រឹងប្រែងដើម្បីលទ្ធផលល្អក្នុងការប្រកួតយកលេខ៣ បន្ថែមពីលើបំណងអភិវឌ្ឍន៍ក្រុម។ លោកថា កូនក្រុមខ្លះមានស្ថានភាពមិនទាន់ពេញលេញ តែក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ។ លោកបន្ថែមថា សម្រាប់ការលេងឆ្នាំនេះ សៀមរាបមានស្ថានភាពល្អជាងមុន។

ចំណែកលោក ស សារ៉ា គ្រូបង្គោលក្រុមជម្រើសខេត្តកែបសារភាពថា មានអារម្មណ៍ស្ដាយខ្លះដែរដែលមិនអាចឈានទៅយកជើងឯក ព្រោះមានកាតក្រហមដល់ទៅពីរនាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទីពីរ។ លោកថា ក្រុមរបស់លោកត្រៀមបានល្អដើម្បីយកលេខ៣។ ជាចុងក្រោយ លោក ស សារ៉ា ក៏បានអរគុណថ្នាក់ដឹកនាំខេត្ត និងថ្នាក់នាំក្រុមដែលបានជួយឧបត្ថម្ភគាំទ្រកន្លងមក។

លោក ផន រស្មីពេជ្រ គ្រូបង្គោលក្រុមជម្រើសខេត្តត្បូងឃ្មុំដែលត្រូវប្រកួតយកតំណែងជើងឯកជាលើកទីពីរ អះអាងថា កូនក្រុមបានត្រៀមឆន្ទៈយ៉ាងខ្ពស់ដើម្បីឈានទៅក្រសោបពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត លើកទីពីរ។ លោកបញ្ជក់ថា ការលេងវគ្គផ្ដាច់ព្រ័ត្រប៉ះព្រៃវែងសាជាថ្មីក្នុងឆ្នាំនេះ ក្រុមលោកមិនមានសម្ពាធអ្វីឡើយ។

ចំណែកកូនក្រុមវិញក៏ពុំមាននរណាមានបញ្ហារបួសដែរ។ ជាចុងក្រោយ លោក Matthew Sinclair គ្រូបង្គោលក្រុមជម្រើសខេត្តព្រៃវែង សប្បាយចិត្តដែលកូនក្រុមបានចូលរួមប្រកួតប្រជែងក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តនេះ ព្រោះបានស្រូបទាញបទពិសោធថ្មីៗ និងសម្រួចសមត្ថភាពពួកគេកាន់តែប្រសើរ។ លោកបន្ថែមថា ទោះប៉ះក្រុមណាក៏ដោយ កូនក្រុមតែងតែប្រឹងប្រែងអស់ពីសមត្ថភាព ជាពិសេសការប្រកួតផ្ដាច់ព្រ័ត្រដ៏សំខាន់នេះ។

គួរដឹងដែរថា មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមជើងឯកថ្នាក់ខេត្ត២០២០  ព្រៃវែងបានទម្លាក់សៀមរាប និងត្បូងឃ្មុំ ឈ្នះកែប។ ក្នុងថ្ងៃផ្ដាច់ព្រ័ត្រទី២៩ ខែកក្កដា ដដែល សៀមរាបជួបកែបយកលេខ៣នៅម៉ោង៣រសៀល និងត្បូងឃ្មុំ ប៉ះព្រៃវែង យកជើងឯក នៅម៉ោង៦ល្ងាច។

ដោយឡែក ការចាប់ពូលវគ្គ១៦ក្រុម ថ្នាក់ជាតិ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែកក្កដា មុនចាប់ផ្ដើមការប្រកួតផ្លូវការនៅថ្ងៃទី១២ និងទី១៣ ខែសីហា៕ អត្ថបទ ៖ CNCC

 

 

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកនៅតាមស្ថានីយជលសាស្ត្រនៅថ្ងៃទី២៩កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

ថ្ងែនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧នាក់ និងជាសះស្បើយ៧នាក់ផងដែរ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពី ករណីវិជ្ជមានវីរុសកូវី-១៩ ថ្មី ០៧នាក់និងជាសះស្បើយ០៧នាក់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺ៧នាក់ដែលទើបរកឃើញថ្មី គឺជាបុរសជនជាតិខ្មែរ០៧នាក់ ក្នុងនោះមានក្រុមមួកខៀវអង្គារសហប្រជាជាតិចំនួន០៤នាក់ និង ក្រុមអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ចំនួន០៣នាក់៕  

 

កម្ពុជា​នឹងមាន​ទំនិញ​ជាង​៣០០​មុខ​នាំទៅ​ចិន ​ក្នុងនោះ​៩៥% ​មិន​ជាប់ពន្ធ​នៅពេល ​FTA ​ចូល​ជា​ធរមាន​

​ភ្នំពេញ ៖ កម្ពុជា​នឹងមាន​ទំនិញ​ជាង​៣០០​មុខ​នាំទៅ​ចិន ក្នុងនោះ​៩៥% ​មិន​គិត​ពន្ធ​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ ភាគី​កម្ពុជា​ចិន ​(FTA) ​ចូល​ជា​ធរមាន នៅ​ដើមឆ្នាំ​២០២១​ខាងមុខ។ នេះ​បើ​យោងតាម​ការអះអាង​រួមគ្នា​របស់​មន្ត្រីជាន់ខ្ពស់​មកពី​ក្រសួងពាណិជ្ជកម្ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​រៀបចំ​ដោយ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០​នេះ។​

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក សុខ សុ​ភ័​ក្រ បាន​ថ្លែងថា ទំនិញ​ជាង​៣០០​មុខ​ដែល​ត្រូវ​នាំទៅ​ចិន​ភាគច្រើន​គឺជា​ផ​លិ​ផល​កសិកម្ម និង​ផលិតផល​សម្រេច​ចេញពី​ឧស្សាហកម្ម​កែច្នៃ​។ ក្នុងចំណោម​មុខទំនិញ​ជាង​៣០០​មុខ​នេះ គឺ​ផលិតផល​កសិកម្ម​៩៥​ភាគរយ​ត្រូវបាន​រួច​ពន្ធ​សម្រាប់​ការនាំ​ចេញទៅ​ចិន​ដូចជាៈ​ម្រេច ម្ទេស​ក្រៀម ផ្លែឈើ ត្រី​សាច់ ជាដើម​។ ចំណែក​មុខទំនិញ ដែល​ចិន​គិត​ពន្ធ​ពី​ក​កម្ពុជា គឺជា​ប្រភេទ​គ្រឿងចក្រ និង​យានយន្ត​ផ្សេងៗ​។ លោក​ថា មូលហេតុ​ដែល​ចិន គិត​ពន្ធ​លើ​មុខទំនិញ​ទាំងនេះ​ដោយសារ​ចិន មិន​ចង់ឱ្យ​ការ​នាំចូល​ទីផ្សារ​ខ្លួន ប៉ះពាល់​ផលិតផល​ក្នុងស្រុក​។​

លោក សុខ សុភ័ក្ត្រ បាន​បញ្ជាក់ដែរថា កាលពីមុន មុខទំនិញ​ដែល​ប្រទេស​កម្ពុជា នាំចូល​ទៅកាន់​ប្រទេស​ចិន រួមមាន​៖ ម្រេច ត្រូវ​ភាគី​ចិន យកពន្ធ ២០​ភាគរយ ប៉ុន្តែ ក្រោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​ចូល​ជា​ធរមាន​នោះ ម្រេច​កម្ពុជា​ត្រូវបាន បញ្ចុះ​ពន្ធ ០% បន្ថែម​ពីនេះ​សម្រាប់​ម្រេច​ក្រៀម​ដែល​ប្រជាកសិករ​ដាំ​បានន​ភ​ខេត្តតាកែវ ក៏ត្រូវ​បាន​ចុះ​ពន្ធ​០% បូករួម​ទាំង​ម្ទេស​ក្រៀម​ជាដើម។​

​មន្ត្រីជាន់ខ្ពស់​រូបនេះបាន​បន្តថា ក្រៅពី​មុខទំនិញ​ទាំងនេះ កម្ពុជា​ក៏​អាច​នាំចេញ​ត្រី សាច់ គ្រំ ខ្យង ក្តាម ព្រមទាំង​ផលិត​មួយចំនួនធំ​ទៀត ទៅកាន់​ប្រទេស​ចិន​ផងដែរ​។​

​ចំពោះ​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​ដែលថា ចិន​ចំណេញ​ជាង​កម្ពុជា ពី​កិច្ច​ព្រម​ព្រៀម​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​នោះ លោកបាន​គូសបញ្ជាក់ថា គ្មាន​នរណា​ចំណេញ​ជាង​នរណា​ឡើយ​ក្នុង​កិច្ចព្រមព្រៀង​នេះ​។ លោកថា ទោះជា​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក៏​កម្ពុជា​ត្រូវតែ​នាំ​ទំនិញ​មកពី​ចិន​ដដែល​។ ផ្ទុយទៅវិញ​កម្ពុជា​ទទួល​បានការ​អនុគ្រោះ​ក្នុងការ​នាំចេញ​ទំនិញ​ទៅ​ចិន​ដោយ​មិន​គិត​ពន្ធ​ប្រមាណ​៩៥% ឯណោះ។ បន្ថែម​លើ​នេះ​ប្រយោជន៍​ដែល​កម្ពុជា​ទទួលបាន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​គឺ​ការនាំចេញ​ទំនិញ​ទៅ​ចិន​អាចមាន​ការកើនឡើង​២៥​ភាគរយ៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជិត១៧លាននាក់ ស្លាប់ជាង៦៦ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៨៧៩,៧៥១នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៦២,៣៨៣នាក់ និងជាសះស្បើយឡើងវិញ ១០,៤៣៧,៥៨៤នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៤៩៥,០៨៧នាក់ ស្លាប់ចំនួន ១៥២,២៤៩នាក់ និងជាសះស្បើយចំនួន ២,១៧៤,៤៧២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤៨៤,៦៤៩នាក់ ស្លាប់ចំនួន ៨៨,៦៣៤នាក់ និងជាសះស្បើយ ១,៧២១,៥៦០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៥៣២,១៣៥នាក់ ស្លាប់ ៣៤,២២៤នាក់ និងជាសះស្បើយ ៩៨៨,៧៧០នាក់៕