All posts by មេគង្គ ប៉ុស្តិ៍

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ

គូឡាឡាំពួរ ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការប្រកាសកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់៤៩.៣៨លានដុល្លារអាមេរិក ពីបទប្រព្រឹត្តិអំពើពុករលួយលុយរដ្ឋ។ នេះបើយោងតាមសារព័ត៌មាន CNA។

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ត្រូវបានតុលាការរកឃើញថា ពិតជាបានប្រព្រឹត្តទោសកំហុសជុំវិញការចោទប្រកាន់លើបទល្មើសចំនួន៧ ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។

ចៅក្រមតុលាការជាន់ខ្ពស់ម៉ាឡេស៊ី លោក Mohd Nazlan Mohd Ghazali បានរកឃើញថាលោក ណាជីប មានអាយុ៦៧ឆ្នាំ បានប្រព្រឹត្តទោសកំហុសក្នុងនោះរួមមាន ល្មើសអំណាចមួយបទចោទ, រំលោភលើសេចក្ដីទុកចិត្ត៣បទចោទ, និងលាងលុយកខ្វក់៣បទចោទ ពាក់ព័ន្ធនឹងអំពើពុករលួយលើមូលនិធិរដ្ឋ 1MDB ក្នុងទំហំទឹកប្រាក់ ១៣.៦លានដុល្លារ។

សូមជម្រាបថា លោក ណាជីប រ៉ាហ្សាក់ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៨៕

 

កូរ៉េខាងជើងបង្កើនការប្រយុទ្ធប្រឆាំងនឹង COVID-19 ក្រោយរកឃើញករណីសង្ស័យដំបូង

ព្យុងយ៉ាង ៖ កូរ៉េខាងជើងកាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសដាក់ចេញនូវវិធានការដ៏តឹងរ៉ឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 បន្ទាប់ពីមានករណីសង្ស័យដំបូងបំផុត កាលពីថ្ងៃអាទិត្យសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមទីភ្នាក់ងារសរព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ឲ្យដឹងថា វិធានការធ្វើចត្តាឡីស័ក និងការត្រួតពិនិត្យទ្រង់ទ្រាយធំនៅតាមតំបន់នានា កំពុងដាក់ឲ្យដំណើរការ យ៉ាងសកម្ម ខណៈឧបករណ៍ធ្វើតេស្ត, សម្លៀកបំពាក់ការពារ និងឧបករណ៍វេជ្ជសាស្ត្រ ក៏ត្រូវបានផ្គត់ផ្គង់ទៅកាន់តំបន់នានាផងដែរ។

អាជ្ញាធរកូរ៉េខាងជើងបាននិយាយថា ខ្លួនបានបិទទីក្រុង Kaesong ស្ថិតនៅតំបន់ព្រំដែនជាប់កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រោម ហេតុផលថា ករណីសង្ស័យដំបូងបំផុតនៃការឆ្លង COVID-19 ត្រូវបានរកឃើញនៅលើជននិរទេសម្នាក់ ដែលទើបមកពីកូរ៉េខាងត្បូង ដោយឆ្លងព្រំដែនខុសច្បាប់មកកាន់ កូរ៉េខាងជើង តាមទីក្រុងមួយនេះ។

ជុំវិញករណីសង្ស័យនេះ ត្រូវបានអ្នកអង្កេតការណ៍ បង្ហាញក្តីបារម្ភកាន់តែខ្លាំងឡើងជុំវិញស្ថានការណ៍ COVID-19 នៅក្នុងប្រទេសកូរ៉េខាងជើង ដ្បិតប្រព័ន្ធថែទាំសុខភាព របស់ប្រទេសឯកោមួយនេះ គឺមានភាពទន់ខ្សោយបំផុត ខ្វះទាំងអគ្គិសនីប្រើប្រាស់ ខ្វះមន្ទីរពេទ្យ ខ្វះថ្នាំសង្កូវ និងផ្សេងៗទៅទៀត។ ទោះជាយ៉ាងណា បើយោងតាម របាយការណ៍របស់អង្គការសុខភាពពិភពលោក WHO គិតត្រឹមថ្ងៃទី១៦ ខែកក្កដានេះ កូរ៉េខាងជើងបានធ្វើតេស្តរក COVID-19 លើមនុស្សចំនួន ១,២១១នាក់ ហើយជា លទ្ធផលគឺ «អវិជ្ជមាន» ទាំងអស់៕

 

សហគមន៍ផ្តល់ជំនួយបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាលើវិស័យសកម្មភាពមីនតាមរយៈគម្រោងបោស សម្អាតមីនដើម្បីលទ្ធផល

ភ្នំពេញ ៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រទេសផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ រួមមាន៖ UNDP ប្រទេសអូស្ត្រាលី ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិសាធារណៈរដ្ឋកូរ៉េ(KOICA) និងប្រទេសនូវែលសេឡង់ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល និងការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២១។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ចាប់តាំងពីឆ្នាំ២០០៦ រហូតដល់ខែមិថុនា ឆ្នាំ២០២០ ដែលបានរំដោះផ្ទៃដី និងផ្តល់ដីមានសុវត្ថិភាព ពីការគម្រាមកំហែងដោយសារមីនបានប្រមាណ ២៤៥ គីឡូម៉ែត្រក្រឡា និងមានប្រជាពលរដ្ឋទទួលផលប្រមាណជាង ១ លាននាក់។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដែលបានបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន UNDP ប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងប្រទេសនូវែលសេឡង់។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានចាត់ទុកអង្គការ UNDP គឺជាដៃគូដ៏រឹងមាំ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២៥ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ដោយផ្តោតជាសំខាន់ទៅលើលទ្ធផលធំៗចំនួនបី ទី១-ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទី២-គាំទ្រសកម្មភាពកិច្ចសង្គ្រោះជនពិការ ការអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងការបញ្ជ្រាបយេនឌ័រ និងទី៣-ពង្រឹងសមត្ថភាពថ្នាក់ជាតិ៕

 

បង្ក្រាប​ក្លឹប​ហ្គោល​ឡាញ​បំពាន​ការណែនាំ​របស់​រាជរដ្ឋាភិបាល ឃាត់​មនុស្ស​ជិត​៣០០​នាក់​

​ភ្នំពេញ ៖ នៅវេលា​ម៉ោងជាង​១២​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​អង្គារ ទី​២៨ ខែកក្កដា ឆ្នាំ​២០២០ នេះ សមត្ថកិច្ច​ចម្រុះ​របស់​រាជធានី​ភ្នំពេញ បាន​ចុះបង្ក្រាប​ក្លិប​កម្សាន្ត យីហោ​(​ហ្គោល​ឡាញ​) មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​១៩៨៦ ស្ថិតក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ហើយ​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​ជាង​៣០០​នាក់។​

​សមត្ថកិច្ច​បញ្ជាក់ថា មូលហេតុ​នៃ​ការចុះ​បិទ​ក្លិប​នេះ គឺ ក្លិប​នេះ​មិន​ស្តាប់​តាម ការណែនាំ របស់​រាជរដ្ឋាភិបាល ហើយ​បាន​បើក​ឲ្យ​មនុស្ស​ចូល​កម្សាន្ត​យ៉ាង​អាណាធិបតេយ្យ​៕

 

ស្អែក​នេះ ​ដឹង​ហើយ ក្រុម​ណាជា​ម្ចាស់​ពាន Hun Sen Cup ថ្នាក់​ខេត្ត ឆ្នាំ​២០២០

ភ្នំពេញ ៖ ការប្រកួត​បាល់ទាត់​ដណ្ដើម​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឬ​ពាន Hun Sen Cup ថ្នាក់​ខេត្ត លើក​ទី​១៤ ឆ្នាំ​២០២០ នឹង​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា​ស្អែក​នេះហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រវាង​ក្រុម​ការពារ​តំណែង​ជើងឯក​ខេត្ត​ត្បូងឃ្មុំ និង​ក្រុម​ជម្រើស​ខេត្តព្រៃវែង​។​ដូច្នេះ​ចាំមើល​តើ​ត្បូងឃ្មុំ ឬ​ព្រៃវែង នឹង​ក្លាយជា​ជើងឯក​ពាន​ថ្នាក់​ខេត្ត​ឆ្នាំនេះ​?

​ចំណែក​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ រវាង​ក្រុម​ជម្រើស​ខេត្តសៀមរាប ដែល​ជើងឯក​រង​ឆ្នាំ​ចាស់ ជាមួយ​ក្រុម​ជម្រើស​ខេត្ត​កែបនា​វេលា​ម៉ោង ៣​រសៀល​ស្អែក​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​ផងដែរ​។​

​សូមបញ្ជាក់ថា ក្រោយ​ចប់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ​-​ថ្នាក់​ខេត្ត ក្រុម​ទាំង ៤ ខាងលើ នឹង​បន្ដ​បេសកកម្ម​កាន់តែ​ធំ​ទៀត គឺ​ការត្រៀម​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ​-​ថ្នាក់ជាតិ ជាមួយ​ក្រុម​សមាជិក​លី​គ​កំពូល​កម្ពុជា​ចំនួន ១២​ក្លិប ដែល​គ្រោង​រៀបចំ​ពិធី​ចាប់ឆ្នោត​បែងចែក​គូប្រកួត នា​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ខាងមុខ​៕

 

សម្តេចតេជោអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ។

ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និង កីឡាទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបវិវេណពហុកីឡដ្ឋានជាតិអូឡាំពិក លើកលែងតែសកម្មភាពហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា»។

ក្រសួងអប់រំបន្តថា នៅក្នុងការអនុញ្ញាតឱ្យដំណើរការឡើងវិញនេះ ក្រសួងស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំង អស់ត្រូវបន្តគោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖

១៖ រក្សាអនាម័យជាប្រចាំដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ
២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩។

ជាមួយគ្នានេះ ក្រសួងអប់រំសង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងចូលរួមហាត់ប្រាណ និងលេងកីឡា ព្រមទាំងបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រកបដោយការទទួលខុសត្រូវខ្ពស់៕

 

 

 

ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹក នៅតាមស្ថានីយជលសាស្ត្រនាថ្ងៃទី២៨កក្កដានេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖

១- ទន្លេមេគង្គ-ស្ទឹងត្រែង
២- ទន្លេមេគង្គ-ក្រចេះ
៣- ទន្លេមេគង្គ-កំពង់ចាម
៤- ទន្លេបាសាក់-ចតុមុខ
៥- ទន្លេមេគង្គ-អ្នកលឿង
៦- ទន្លេបាសាក់-កោះខែល
៧- ទន្លេសាប-ព្រែកក្តាម
៨- ទន្លេសាប-កំពង់លួង៕

 

ក្រសួងធនធានទឹក ៖ ភ្លៀងបន្តធ្លាក់ក្នុងកម្រិតបង្គួរពីថ្ងៃ២៩ដល់កក្កដា ដល់ថ្ងៃទី ០៤ ខែសីហា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៨ ខែកក្កដានេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាសរបស់កម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០។

ក្រសួងបានបញ្ជាក់ឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតីបក់ក្នុងកម្រិតបង្គួរមកលើកម្ពុជា។ ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

ស្ថានភាពបែបនេះធ្វើឲ្យ ៖
 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៦.៦លាននាក់ ស្លាប់ជាង៦៥ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៦,៦២៨,០៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦៥៥,៨៤៥នាក់ និងជាសះស្បើយឡើងវិញ ១០,២១៧,២៨៩នាក់។

ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,៤៣១,៣៧៧នាក់ ស្លាប់ចំនួន ១៥០,៤០៤នាក់ និងជាសះស្បើយចំនួន ២,១៣៣,៥៨២នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,៤៤៣,៤៨០នាក់ ស្លាប់ចំនួន ៨៧,៦៧៩នាក់ និងជាសះស្បើយ ១,៦៦៧,៦៦៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,៤៨២,៥០៣នាក់ ស្លាប់ ៣៣,៤៤៨នាក់ និងជាសះស្បើយ ៩៥៣,១៨៩នាក់៕

 

ក្រសួងសុខាភិបាលរកឃើញអ្នកកើតជំងឺកូវីដ១៩ថ្មី ម្នាក់ទៀតជាបុរសជនជាតិឥណ្ឌា

ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសឱ្យដឹងនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះថា ខ្លួនបានរកឃើញអ្នកកើតជំងឺកូវីដ១៩ ម្នាក់ទៀត ជាបុរសជនជាតិឥណ្ឌា អាយុ៣២ឆ្នាំ។

បុរសរូបនេះ បានហោះមកពីប្រទេសឥណ្ឌា ឆ្លងកាត់តាមប្រទេសម៉ាឡេស៊ី និងបន្តជើងហោះហើរនៅ ប្រទេសកូរ៉េខាងត្បូង មកដល់រាជធានីភ្នំពេញយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០៕ 

 

សម្ដេច ស ខេង ណែនាំអភិបាលរាជធានីខេត្ត ស្ដីពីវិធានកាត់បន្ថយហានីភ័យនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងថ្ងៃឈប់សំរាកខាងមុខ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានីខេត្ត ស្ដីពីការពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គមតាមគោលការណ៍រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានីភ័យនៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលនៃថ្ងៃឈប់សំរាក ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២០៕

 

ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ដូណាល់ ត្រាំ ឆ្លងជំងឺ COVID-19

វ៉ាស៊ីនតោន ៖ សេតវិមានអាមេរិកកាលពីថ្ងៃចន្ទម្សិលមិញបានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិនៃប្រធានាធិបតីអាមេរិក គឺលោក រ៉ូបឺត អូប្រាយអ៊ែន (Robert O’Brien) បានធ្វើតេស្តវិជ្ជមាន COVID-19 នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ដូច្នេះថា «លោក O’Brien មានរោគសញ្ញាស្រាល និងកំពុងអនុវត្តវិធានការចត្តាឡីស័ក ហើយបំពេញការងារពីចម្ងាយ។ ទោះជាបែបនេះក្តី ការឆ្លងជំងឺ COVID-19 របស់លោក O’Brien មិនបានបង្កជាហានិភ័យអ្វីចំពោះលោកប្រធានាធិបតី និងលោកអនុប្រធានាធិបតីឡើយ។ ជាមួយគ្នានេះ កិច្ចការងាររបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក នៅតែបន្តទៅមុខយ៉ាងរលូន ដោយគ្មានភាពរាំងស្ទះនោះទេ»។

សូមជម្រាបថា មន្រ្តីបម្រើការងារនៅក្នុងសេតវិមាន ត្រូវទទួលការធ្វើតេស្តរក COVID-19 ជាប្រចាំ ហើយគិតមកទល់ឥឡូវ គឺលោក O’Brien ជាមន្រ្តីជាន់ខ្ពស់ជាងគេបង្អស់ ដែលបានឆ្លងជំងឺនេះ។ កាលពីឧសភាកន្លងទៅ ជំនួយការម្នាក់របស់លោក ត្រាំ និងអ្នកនាំពាក្យរបស់លោក ភែន ត្រូវបានធ្វើតេស្តរកឃើញថាឆ្លង COVID-19៕

 

១ថ្ងៃ ឥណ្ឌារកឃើញមានអ្នកឆ្លង COVID-19 ថ្មីជិត៥ម៉ឺននាក់ថែមទៀត

ញូដេលី ៖  ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទនេះបានចេញផ្សាយទិន្នន័យចុងក្រោយ ដោយបង្ហាញថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនបានរកឃើញករណីឆ្លងថ្មីៗចំនួន ៤៩,៩៣១ករណី ដែលចំនួនករណីឆ្លងច្រើនបំផុត មិនធ្លាប់មានក្នុងមួយថ្ងៃ និងអ្នកជំងឺ ៧០៨នាក់បន្ថែមបានស្លាប់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានថ្លែងថា តាមរយៈទិន្នន័យចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់១,៤៣៥,៤៥៣ ករណីក្នុងនោះអ្នកជំងឺសរុប ៣២,៧៧១នាក់បានស្លាប់។ ដោយឡែកមនុស្ស ៩១៧,៥៦៨នាក់បានជាសះស្បើយឡើងវិញ ធ្វើឲ្យចំនួនអ្នកជំងឺដែលកំពុងតែសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យនៅសល់ ៤៨៥,១១៤នាក់។

សូមជម្រាបថា ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រឥណ្ឌា ហៅកាត់ថា ICMR បានឱ្យដឹងថា គិតត្រឹមថ្ងៃទី ២៦ ខែកក្កដា ប្រទេសឥណ្ឌាបានពិនិត្យសំណាករក COVID-19 លើមនុស្សសរុបចំនួន ១៦,៨០៦,៨០៣ នាក់ក្នុងនោះ សំណាកពីមនុស្សចំនួន ៥១៥,៤៧២នាក់ត្រូវបានធ្វើតេស្ត តែក្នុងមួយថ្ងៃអាទិត្យម្សិលមិញនេះប៉ុណ្ណោះ៕

បុរាណវិទូអះអាថា បដិមាដែលប្រទះឃើញនៅប្រាសាទអង្គរវត្តគឺមិនមែនជាការកប់ចោលទេ

ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី២៧ កក្កដា ឆ្នាំ២០២០ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំបាឋកថាស្ដីពី «ព្រះពុទ្ធបដិមានៅអង្គរវត្ត» ដើម្បីចែករំលែកជុំវិញការងារដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានប្រទះឃើញព្រះពុទ្ធបដិមាច្រើនអង្គ ក្នុងរណ្ដៅដីនៅជ្រុងនិរតីនៃប្រាសាទអង្គរវត្ត។ តាមបទបង្ហាញរបស់ក្រុមអ្នកជំនាញ បានបង្ហាញឱ្យឃើញច្បាស់ថា ការកប់នេះមិនមែនជាការកប់ចោលលេងៗនោះទេ តែជាការរៀបចំត្រឹមត្រូវ និងដោយការគោរពចំពោះបដិមាទាំងនោះ។

បុរាណវិទូ លោកស្រី ភិន វិជ្ជាសច្ចរ៉ា អំឡុងពេលធ្វើបាឋកថាបានរៀបរាប់ថា តាមការសិក្សាយ៉ាងលម្អិត និងត្រួតពិនិត្យនៅក្នុងរណ្ដៅកប់បំណែកព្រះពុទ្ធបដិមា ឃើញថាការកប់នេះមិនមែនជាការកប់បោះចោលនោះទេ។ លោកស្រីពន្យល់ថា ការកប់នេះគឺមានការយកចិត្តទុកដាក់បំផុត ដោយមានការកប់ជាដំណាក់ៗនិងដោយព្រឹត្តព្រៀងបំផុតដើម្បីចំណេញទីតាំង។

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ពន្យល់បន្ថែមថា ជាទូទៅសម្រាប់អ្នកមានជំនឿដែលជឿលើបដិមាដែលស័ក្ដិសិទ្ធិទាំងនោះ គឺតែងរៀបចំរូបដែលបាក់បែកនៅកន្លែងទីតាំងសមរម្យ តែមិនមែនមានន័យថាបោះចោលទេ។ តួយ៉ាងករណីនៅប្រាសាទអង្គរវត្តនេះ គឺចាស់បុរាណសម័យមុនទុកដាក់រៀបចំកប់ត្រឹមត្រូវ និងដោយការគោរពវត្ថុទាំងនោះ។

គួររំលឹកថា នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២០ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរានៃនាយកដ្ឋានគ្រប់គ្រងទឹក ក្នុងគម្រោងរៀបចំប្រព័ន្ធស្រោចស្រពស្មៅនៅបរិវេណប្រាសាទអង្គរវត្ត បានប្រទះឃើញបំណែកព្រះពុទ្ធបដិមាច្រើនអង្គក្នុងរណ្ដៅរួមមួយ។ បំណែកទាំងនោះមាន ដងខ្លួនព្រះពុទ្ធបដិមាសម័យក្រោយអង្គរ បំណែករូបសិល្បៈ សម្ភារប្រើប្រាស់ កាំបិទ ដប។ល។ ដែលតាមការសន្និដ្ឋានរូបទាំងនោះត្រូវបាននាំយកពីរូតព្រះពាន់ និងតាមការសន្និដ្ឋាន ការកប់នេះអាចធ្វើឡើងនៅអំឡុងឆ្នាំ១៩៨០ប៉ុណ្ណោះ៕

 

វៀតណាម​ជម្លៀស​មនុស្ស៨ម៉ឺន​នាក់ចេញពីក្រុងដាណាង ក្រោយ​រកឃើញ​អ្នកឆ្លង​កូវីដថ្មី៣នាក់

ហាណូយ ៖ វៀតណាម កំពុងជម្លៀស​មនុស្សប្រមាណ ៨ម៉ឺននាក់​ចេញពីក្រុងដាណាង ដែលភាគច្រើន​ជាភ្ញៀវទេសចរក្នុងស្រុក បន្ទាប់ពីមនុស្ស៣នាក់​ត្រូវបាន​រកឃើញ​ថាមានផ្ទុកកូវីដ១៩។ នេះបើយោងតាមសារព័ត៌មាន Vietnam Express

សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលវៀតណាម ឱ្យដឹងថា ការជម្លៀសនេះ នឹងធ្វើឡើង​រយៈពេលយ៉ាងហោចណាស់ ៤ថ្ងៃ​ ដោយបញ្ជូនចេញតាម​ជើងហោះហើរចំនួន១០០ ចេញពីក្រុងដាណាង ទៅ​ក្រុងចំនួន១១ផ្សេងទៀត​ក្នុងប្រទេសវៀតណាម។ អ្នកដែលត្រូវជម្លៀសចេញ តម្រូវឱ្យធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនចំនួន ១៤ថ្ងៃ។

ជាមួយគ្នានេះ វៀតណាម​ក៏បាន​ដាក់ចេញវិធានការចត្តាឡីស័កយ៉ាងតឹងរឹង និង​អនុវត្តនូវការធ្វើតេស្តរកកូវីដ១៩ ជាទ្រង់ទ្រាយធំផងដែរ។

សូមជម្រាប​ថា កាលពីថ្ងៃអាទិត្យម្សិលមិញ វៀតណាមរកឃើញ​ករណីវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅក្រុងដាណាង និង​ក្រុង Quang Ngai។ នេះជាលើកដំបូងហើយក្នុងរយៈពេល ៩៩ថ្ងៃ ដែល​វៀតណាម​បានជួបករណីឆ្លងក្នុងស្រុក។ អាជ្ញាធរកំពុងតែស្វែងរកប្រភពនៃការចម្លងវីរុសនេះ៕