All posts by មេគង្គ ប៉ុស្តិ៍

ពិន័យជាប្រាក់១លានរៀលលើស្រ្តីខ្មែរអាមេរិក ដែលរត់ចេញពីបន្ទប់ចត្តាឡីស័ក

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចផាកពិន័យចំនួន ១លានរៀល ព្រមទាំងធ្វើកិច្ចសន្យាលើស្រ្តីខ្មែរ អាមេរិកាំង ម្នាក់ ដែលបានលបរត់ចេញពីបន្ទប់ចត្តាឡីស័កនៅ រាជធានីភ្នំពេញ ទៅដល់ខេត្តកំពង់ចាម។

កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្រ្តីខ្មែរអាមេរិករូបនេះបានលបរត់ចេញពីកន្លែងចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានរកឃើញ ស្ត្រីរូបនេះនៅថ្ងៃទី១៨ ខែកក្កដា ក្នុងក្រុងកំពង់ចាម។ តាមការសាកសួរ គេបានរកឃើញ មនុស្សចំនួន ១០នាក់ផ្សេងទៀតដែល បាន ប៉ះពាល់ដោយផ្ទាល់ជាមួយគាត់។

សូមបញ្ជាក់ថា រួមដំណើរជាមួយស្រ្តីខ្មែរអាមេរិក រូបនេះ តាមជើងយន្តហោះមកកម្ពុជា គឺគេបានរកឃើញមន្រ្តីស្ថានទូតអាមេរិក ចំនួន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន កំពុងស្ថិតក្រោមការតាមដានសុខភាពជាប្រចាំ៕

គ្រួសារជនរងគ្រោះដោយសាររន្ទះបាញ់២នាក់ នៅស្រុកជើងព្រៃ ទទួលអំណោយមនុស្សធម៌

ខេត្តកំពង់ចាម ៖ លោកជំទាវ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា អមដំណើរដោយលោកនាយកសាខា លោកស្រីប្រធានអនុសាខាស្រុក និងក្រុម ការងារ កាកបាទក្រហមកម្ពុជាឃុំ នារសៀល ថ្ងៃ ទី ២១ ខែកក្កដា ឆ្នាំ ២០២០នេះ បាននាំយកសម្ភារ និងថវិកា ជូនជនរងគ្រោះ០២គ្រួសារ ក្នុង នោះមាន ៖ ១.ចូលរូម រំលែកទុក្ខគ្រួសារសពឈ្មោះ ដន គួយអេង ភេទស្រី អាយុ២២ ឆ្នាំ នៅភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ២.សួរសុខទុក្ខ ឈ្មោះ យាន សុខអ៊ាន់ ភេទស្រី អាយុ២២ឆ្នាំ ដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកជើងព្រៃ។

គួរ បញ្ជាក់ផងដែរថា ទាំង០២នាក់នេះ ជាកម្មការិនី ធ្វើការនៅ រោងចក្រផលិតស្បែកជើង ស្កាយណាយ ស្រុកជើងព្រៃ បានរងគ្រោះដោយត្រូវរន្ទះបាញ់ស្លាប់ម្នាក់ និងរបួសម្នាក់ កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២០ ពេលចេញពីធ្វើការ ហើយជិះម៉ូតូឌុបគ្នា វិលត្រឡប់មកផ្ទះទាំងកំពុងភ្លៀង ។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍សាខា បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ពី លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ម្តាយ ប្រពន្ធ បង ប្អូន ជាទីស្រឡាញ់ និងចំពោះអ្នករងរបូសដែលគ្រោះថ្នាក់ដោយឧប្បត្តិហេតុចៃដន្យនេះ ។

ជាមួយនេះ លោកជំទាវ ប៉ាង ដានី ក៏បានណែនាំទាំងអស់គ្នា ត្រូវខិតខំការពារខ្លួនជាប្រចាំ ជៀសអោយផុតពីការឆ្លងនៃជំងឺCovid19 ដោយអនុវត្តត្រឹមត្រូវតាមសារណែនាំរបស់ក្រសួងសុខាភិបាល ។

សម្ភារដែលចូលបុណ្យសព រួមមាន អង្ករ២៥គក្រ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកសុទ្ធ ទឹកផ្លែឈើ និងបច្ច័យចំនួន ៥០០,០០០រៀល ។ ដោយឡែក អ្នករកងរបួស កំពុងសម្រាកនៅមន្ទីរពេទ្យស្រុក ផ្តល់ជូន មី ត្រីខ និងថវិកាចំនួន ៣០០,០០០ រៀល ផង ដែរ ៕ ដោយ ៖ ប៉ែន សុផល

វ៉ាក់សាំង COVID-19 ចំនួន៣កំពុងស្ថិតក្នុងការអភិវឌ្ឍ

ឈីកាហ្គោ ៖ សារព័ត៌មាន CNA ចេញផ្សាយថា ទិន្នន័យអំពីការអភិវឌ្ឍវ៉ាក់សាំង COVID-19 ចំនួនបី បាននិងកំពុងអភិវឌ្ឍន៍បណ្តើរៗសម្រាប់មនុស្សជាតិលើផែនដី ខណៈការធ្វើតេស្តនានាកន្លងមកបានបង្ហាញថា វ៉ាក់សាំងទាំងនេះអាចដាស់ប្រព័ន្ធភាពសុំាឲ្យមានសមត្ថភាពទប់ទល់វីរុសកូរ៉ូណាថ្មីបាន ដោយមិនបង្កផលប៉ះពាល់ ដល់សុខភាពរបស់មនុស្សឡើយ។

សារព័ត៌មានដដែលបញ្ជាក់ថា ពីរក្នុងចំណោមវ៉ាក់សាំងកំពុងស្ថិតក្នុងការអភិវឌ្ឍចំនួនបីនោះ គឺមួយជារបស់ក្រុមហ៊ុនផលិតឱសថអាស្ត្រាហ្សេណេកា (AstraZeneca) និងមួយរបស់សាកលវិទ្យាល័យអុកស្វដ (Oxford) ដែលស្ថាប័នទាំងពីរនេះ ស្ថិតនៅក្នុងចក្រភពអង់គ្លេសដូចគ្នា ក្រោយការធ្វើតេស្តប៉ុន្មានដំណាក់កាលមកហើយ បានបង្ហាញឲ្យឃើញថា វ៉ាក់សាំងបានដាស់ប្រព័ន្ធភាពសុំារបស់ក្រុមអ្នកទទួលការធ្វើតេស្ត ឲ្យងើបឡើងទប់ទល់វីរុសកូរ៉ូណាថ្មី (COVID-19) បន្ទាប់ពីការចាក់វា បញ្ចូលទៅក្នុងខ្លួនម្នាក់ៗចំនួន ២ដូស (dose) ដោយគ្មានផលប៉ះពាល់ដល់សុខភាព។

ដោយឡែកវ៉ាក់សាំងកំពុងស្ថិតនៅក្នុងការអភិវឌ្ឍមួយទៀតនោះ គឺជារបស់ស្ថាប័នស្រាវជ្រាវឱសថនៃយោធាចិន និងក្រុមហ៊ុនខេនស៊ីណូបាយអូឡូជីក (CanSinoBiologics) ព្រោះក្រោយពីការចាក់វ៉ាក់សាំងនេះទៅលើ អ្នកស្ម័គ្រចិត្តប្រកបដោយសុខភាពល្អចំនួន ៥០៨នាក់ ភាគច្រើនក្នុងចំណោមពួកគេ មានការអភិវឌ្ឍប្រព័ន្ធភាពសុំា ដែលអាចទប់ទល់នឹងវីរុសកូរ៉ូណាថ្មីបាន ហើយក៏មិនមានបញ្ហាដល់សុខភាពនោះដែរ។

ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីន (Johns Hopkins) ដូចជាលោក ណាអ័រ បាហ្ស៊ីវ (Naor Bar-Zeev) និងលោក វីលៀម ម៉ូស (William Moss) ជាដើមបានលើកឡើងដូចៗគ្នាថា លទ្ធផលពីការធ្វើវ៉ាក់សាំងរបស់អង់គ្លេស និងចិនខាងលើនេះ គឺមានលក្ខណៈទូលំទូលាយ និងជាក្តីសង្ឃឹមដូចគ្នា។

សូមជម្រាបថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,០៨១,០៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦១៨,៤១១នាក់ និងជាសះស្បើយឡើងវិញ ៩,១០២,៥៨០នាក់៕

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង១៥លាននាក់ ស្លាប់ជិត៦២ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៥,០៨១,០៥៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦១៨,៤១១នាក់ និងជាសះស្បើយឡើងវិញ ៩,១០២,៥៨០នាក់។

គេហទំព័រដដែលបានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដែលមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤,០២៥,៥១២នាក់ ស្លាប់ចំនួន ១៤៤,៩១០នាក់ និងជាសះស្បើយចំនួន ១,៨៨៥,០៦០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២,១៦៦,៥៣២នាក់ ស្លាប់ចំនួន ៨១,៥៩៧នាក់ និងជាសះស្បើយ ១,៤៦៥,៩៧០នាក់ ខណៈប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ១,១៩៤,០៨៥នាក់ ស្លាប់ ២៨,៧៧១នាក់ និងជាសះស្បើយ ៧៥២,៣៩៣នាក់៕

 

ភ្លៀងមួយមេធំលាយឡំដោយខ្យល់កន្ត្រាក់បង្កការជន់លិចផ្លូវច្រើនកន្លែង ក្នុងក្រុងព្រេះវិហារ

ខេត្តព្រះវិហារ ៖ ភ្លៀងមួយមេធំលាយឡំនិងខ្យល់កន្ត្រាក់ បណ្ដាលឲ្យបាក់ដើមឈើរលំលេីផ្លូវ និងស្ទះលូលិចផ្លូវជាច្រើនកន្លែងក្នុងក្រុងព្រះវិហារ មន្ទីរសាធារណការខេត្ត សហការជាមួយសមត្តកិច្ចចុះអន្តរគមន៍ទាំងយប់។

នៅព្រលប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ ដើមឈើជាច្រើនដើមបានបាក់រលំលើផ្លូវជាតិលេខ ៦២ ជាច្រើនកន្លែង និងផ្លូវជាច្រើនខ្សែទៀត នៅក្នុងក្រុងព្រះវិហារ បានរងការលិចលង់ដោយសារស្ទះលូ ក្រោយហេតុការណ៍ភ្លៀង មួយមេធំលាយ និងឡំខ្យល់កន្ត្រាក់។

ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនបង្អង់យូរនោះ ដោយបានចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ាលហាលទាំងយប់ ចុះកាត់ដើមឈើដែលរលំលើផ្លូវជាតិលេខ៦២ ចំនួន៤កន្លែង និងដើរប្រមូលសម្រាមដែលបណ្តាលឲ្យលូស្ទះលិចផ្លូវ ជាច្រើនខ្សែរផងដែរ។

ទន្ទឹមគ្នានោះដែរ លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ ត្រូវចូលរួមសហការសម្អាតអនាម័យ បរិស្ថាន ដោយមិនត្រូវចោលសម្រាមផ្តេសផ្តាស ពិសេសមិនត្រូវយកសម្រាមដាក់មាត់លូ ដែលធ្វើឲ្យលូស្ទះនោះឡើយ៕ ដោយ ៖ កូវ ប៊ុនហេង

អ្នកឆ្លង Covid-19 លើពិភពលោកកើនដល់ជាង១៤លាននាក់ និងស្លាប់ជាង៦១ម៉ឺននាក់

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ Worldometer បានចុះផ្សាយថា គិតត្រឹមព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ចំនួនមនុស្សឆ្លងវីរុស Covid-19 សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១៤,៨៥១,២៩១នាក់ និងមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៦១៣,១៤៦នាក់ ខណៈដែលមនុស្សជាសះស្បើយ ពីវីរុសផ្លូវដង្ហើមមួយនាក់ ក៏បានកើនឡើងដល់ចំនួន ៨,៩០៦,៣៦៨នាក់ផងដែរ។

ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអង្គារនេះដែរ វីរុស Covid-19 បានសម្លាប់មនុស្សអស់ជាង ៤ពាន់នាក់ ក្នុង១ថ្ងៃ គឺចំនួន ៤,០៤៦នាក់ ហើយវីរុសនេះ បានចម្លងទៅមនុស្សថ្មី ប្រមាណជាង ២០ម៉ឺននាក់ គឺចំនួន ២០៥,៣៤៨នាក់ ក្នុងរយៈពេល ២៤ម៉ោងដូចគ្នា នៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិកនៅតែឈរលំដាប់លេខ១ នៅលើពិភពលោក ដែលមានមនុស្សស្លាប់ និងឆ្លងវីរុស Covid-19 ច្រើនជាងគេ បន្ទាប់មកប្រទេសប្រេស៊ីល ឥណ្ឌា រុស្ស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង៕

 

ជនជាប់ចោទ កឹម សុខា ដើរ​ហួស​គំនូស​ក្រហម​រង​ការព្រមាន​ពី​តុលាការ​

 ​ភ្នំពេញ ៖ តុលាការ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​បាន​ផ្ញើលិខិត​មួយ​ទៅជូន​លោក កឹម សុខា ខណៈដែល​លិខិត​នោះបាន​ក្រើនរំលឹក​ឲ្យ​ជនជាប់ចោទ​ឈ្មោះ កឹម សុខា ត្រូវគោរពឲ្យ​បាន​ហ្មត់ចត់​ម៉ឺងម៉ាត់​និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច​ដែល​តុលាការ​បាន​តម្រូវ​ដាក់​លើ​ជន ជាប់ចោទ។​

​សូមជម្រាបថា ការ​ក្រើនរំលឹក​របស់​តុលាការ​ខាងលើនេះ ក្រោយ​ពេលដែល​ជនជាប់ចោទ កឹម សុខា បាន​ចុះទៅ​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា ហើយ​បាន​ថ្លែងអំណរគុណ​ពលរដ្ឋ​ដែល​បាន មក​ទទួល​ស្វាគមន៍​លោក​ជា​ហូរហែរ​ផងដែរ។​

​គួ​រម្លឹកថា កាលពី​ម្សិលមិញ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក កឹម សុខា បានសរសេរថា “​ខ្ញុំ​សូម​ថ្លែង​អំណរ​ព្រះ​គុណ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះសង្ឃ និង​បងប្អូន​ជនរួមជាតិ មកពី​រាជធានី ខេត្ត​មួយចំនួន​ដែល​កន្លងមក​បាន​និមន្ត និង​អញ្ជើញ​មក​សួរសុខទុក្ខ​ខ្ញុំព្រះករុណា ខ្ញុំ​នៅ​គេហ ដ្ឋា​ន​ផ្ទាល់ និង​ចំពោះ​ព្រះសង្ឃ​បងប្អូន ដែល​បាន​ស្កាត់ មកជួប​សួរសុខទុក្ខ​ដោយ​សម្តែង​នូវ​មនោសញ្ចេតនា​នឹករលឹក​ក្រៃលែង ចំពោះ​រូបខ្ញុំ នៅពេលដែល​ខ្ញុំ​ធ្វើ ដំណើរ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួន​នាពេល​ថ្មីៗ​នេះ ទោះបី​មិនមាន​ការជូនដំណឹង ឬ​ផ្សព្វផ្សាយ​ក៏ដោយ​”​។​

​លោក ​កឹម សុខា ​បង្ហាញ​អារម្មណ៍​ថា នៅតែមាន ក្តី​នឹករលឹក ចង់​ជួប ចង់​ស្តាប់ និង​ចង់​និយាយ​ឆ្លើយឆ្លង​សួរសុខទុក្ខ​ជាមួយ​ពលរដ្ឋ​នៅ​ទីកន្លែង​នានា​បន្តទៀត ឲ្យ​តែមាន​ឱកាស​។​

​ប៉ុន្តែ​តុលាការ​បានចាត់ទុក​ការចុះ​តាម​បណ្តា​ខេត្ត​របស់លោក កឹម សុខា គឺជា​ការបំពាន​ទៅ នឹង​ការសម្រេច​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បានដាក់​ឲ្យ​ជន ជាប់ចោទ កឹម សុខា ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ។ ដូច្នេះ​សកម្ម​ភាពចុះ មូលដ្ឋាន​របស់លោក កឹម សុខា អាច​នឹង​ឈានទៅ​ហួស​ព្រំដែន​ឬ​នាំទៅដល់​ការបំពាន​លើ កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលា​ការដែល​តម្រូវ​ដាក់​លើ​ជនជាប់ចោទ៕

 

លោក គឹង វណ្ណះ និងក្រុមការងារសមាគមមូលនិធិវ៉ាយអិលភីចុះពិនិត្យកសិដ្ឋានដាំបន្លែ និងចិញ្ចឹមសត្វនៅឃុំចំណោម និងឃុំភ្នំធំ

ខេត្តបន្ទាយមានជ័យ  ៖ លោក គឹង វណ្ណះ អភិបាលរងខេត្តបន្ទាយមានជ័យនិងក្រុមការងារសមាគមមូលនិធិ វ៉ាយអិលភីបានចុះពិនិត្យ តាមបណ្តាកសិដ្ឋាន ដាំបន្លែ និងចិញ្ចឹមសត្វនៅឃុំចំណោម និងឃុំភ្នំធំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០។

លោកគឹងវណ្ណះបានមានប្រសាសន៍ទៅកាន់កសិករថាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបានផ្តល់ទុនជូនប្រជាកសិករខ្ចីដោយគ្មានការប្រាក់ផ្តល់លទ្ធភាពឲ្យកសិករបានយកទៅដាំដុះបន្លែនិងចិញ្ចឹមសត្វមានចំណូលដើម្បីលើកកំពស់ជីវភាពគ្រួសារ។

ក្នុងឱកាសដើរពិនិត្យមើលបន្លែគ្រប់មុខនិងកន្លែងចិញ្ចឹមសត្វនោះលោកគឹងវណ្ណះបានធ្វើការអប់រំអំការបណ្ដុះបណ្ដាលពីរបៀបដាំដុះបន្លែជាលក្ខណគ្រួសារ និងជាលក្ខណះទ្រង់ទ្រាយធំ ដើម្បីបង្កើនជីវភាពគ្រួសារ ហើយ ក្រៅពី ការ ផ្គត់ផ្គង់ ក្នុង គ្រួសារ បន្លែ ធម្មជាតិ ទាំងនេះ អាច នាំ យក ទៅ លក់ នៅ លើ ទីផ្សារ ក្នុង ភូមិ ឃុំ ស្រុក ថែមទៀត ព្រោះថា បន្លែ ទាំងនេះ គ្មាន ជាតិគីមី ដែល មិន ធ្វើ ឲ្យ ប៉ះ ពាល់ ដល់ សុខភាព អ្នក ហូប និង ម្យ៉ាងទៀត ជួយ កាត់បន្ថយ ការ នាំចូល បន្លែ ពី ប្រទេសជិតខាងផងដែរ។

លោកគឹងវណ្ណះបានបញ្ជាក់ឲ្យដឹងទៀតថា ការងារ ដាំ ដុះ នេះ អាច ជា មុខរបរ រួមផ្សំ មួយ នៅ ពេល ទំនេរ ពី ការងារ បង្ក បង្កើន ផល ស្រូវ ក្រុម គ្រួសារ នី មួយៗ ក្រៅពី ការងារ បង្កបង្កើនផល ស្រូវ ដើម្បី បង្កើន ជីវភាព គ្រួសារ ហើយ សង្ឃឹមថា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនាំគ្នាបន្តដាំដុះបន្លែផ្លែឈើ កាន់តែ ផុលផុស នា ពេល ខាង មុខ។

លោកគឹងវណ្ណះក៏បានធ្វើការណែនាំប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ទុកដាក់ក្នុងការដាំដុះបន្លែជាលក្ខណះគ្រួសារបន្ថែមទៀត ប្រសិនបើ មានការ ខ្វះខាត នូវ លក្ខណ បច្ចេកទេស ដាំ ដុះ ណាមួយ មន្ត្រី កសិកម្ម និង ជួយ ជា ប្រឹក្សា ផ្តល់ យោបល់ បន្ថែម អំពី លក្ខណៈ ដាំ ដុះ តាម បច្ចេកទេស ថ្មី ទទួល បាន ផល ច្រើនគ្មាន ជាតិគីមី។

លោកគឹង វណ្ណះ បាន ឲ្យ ដឹង បន្តថា ក្រៅពី ផ្តល់ ពូជ បន្លែ លោកតែងតែ ផ្តល់ ប្រឹក្សា អំពី របៀប ដាំ ដុះ របស់ ប្រជាពលរដ្ឋ នូវ បច្ចេកទេស ថ្មីៗ ដល់ ពួកគាត់ កាន់ តែ មាន ភាព ងាយ ស្រួល ហើយ មកដល់ សព្វថ្ងៃនេះ ប្រជាពលរដ្ឋក្នុងខេត្តបានងាកមកដាំបន្លែជា លក្ខណ គ្រួសារ នៅ តាម ភូមិ ឃុំ ហើយ ទទួល បាន ផល គួរ ឲ្យ កត់សំគាល់ ផង ដែរ៕

ថ្ងៃនេះ កម្ពុជារកឃើញអ្នកជំងឺកូវីដ១៩ ចំនួន២៦នាក់ថ្មីទៀត ខណៈអ្នកជាសះស្បើយមាន៤នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនព័ត៌មាន ប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន២៦នាក់ថ្មីទៀត ដែលសុទ្ធសឹងជាករណីនាំចូល ខណៈអ្នកព្យាបាលជាសះស្បើយមានចំនួន៤នាក់។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន២៦នាក់នេះ ក្នុងនោះជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីសិក្សានៅរុស្ស៊ី និងប្រទេសអេហ្ស៉ីបចំនួន២៥នាក់ និងម្នាក់ទៀតជាបុរសជនជាតិខ្មែរមកពីប្រទេសកូរ៉េខាងត្បូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលរួចរាល់ហើយនៅ មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

បើតាមក្រសួងសុខាភិបាលជំងឺកូវីដ១៩ថ្មីទាំង២៦នាក់នេះ មាន២៥នាក់ធ្វើដំណើរមកពីសិក្សានៅប្រទេសរុស្ស៊ី និងអេហ្ស៊ីប តាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដោយបន្តដំណើរតាមជើងហោះហើរតាមប្រទេសម៉ាឡេស៊ី មកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ ចំណែកម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ធ្វើដំណើរប្រទេសកូរ៉េខាងត្បូង ចូលមកកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។ សម្រាប់អ្នកដំណើរដែលរួមដំណើរលើយន្តហោះទាំង២ សរុបចំនួន២២៨នាក់ផ្សេងទៀត ត្រូវបានដាក់ធ្វើចត្តាឡីស័ក ដើម្បីតាមដានបន្តទៀត។

ដោយឡែកសម្រាប់អ្នកព្យាបាលជាសះស្បើយចំនួន៤នាក់ ក្នុងនោះមាន៣នាក់ជាបរុសជនជាតិខ្មែរដែលត្រឡប់មកពីប្រទេសអារ៉ាឌីសាអូឌីត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ ដែលត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី ។ អ្នកជាសះស្បើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីធ្វើតេស្តអវិជ្ជមាន២លើក៕

 

WHO ៖ ជនជាតិដើម​ភាគតិច កំពុង​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់បំផុត​ឆ្លង COVID-19

​ហ្សឺ​ណែវ ៖ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ព្រមាន​កាលពី​ថ្ងៃ​ច័ន្ទ​ទី១៩ ខែកក្កដា​ថា សហគមន៍​ជនជាតិដើម​ភាគតិច​ដែលមាន​ប្រជាជន​ចំនួន​កន្លះ​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក ងាយ​នឹងរង​គ្រោះ​ដោយសារ​ការឆ្លង​ជំងឺ​រាតត្បាត​ថ្មី COVID-19 ដោយសារតែ​លក្ខខណ្ឌ​រស់នៅ​របស់​ពួកគេ​មិនមាន​ភាពល្អប្រសើរ​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​ប្រធាន WHO លោក Tedros Adhanom Ghebreyesus បាន​និយាយថា​គិត​ត្រឹម​ថ្ងៃទី ៦ ខែកក្កដា​មាន​ករណី​ឆ្លង COVID-19 ជាង ៧០០០០ ករណី ក្នុងនោះ​ជាង ២,០០០​នាក់​បាន​ស្លាប់ ត្រូវបាន​រាយការណ៍​នៅក្នុង​ចំណោម​សហគមន៍​ជនជាតិដើម​ភាគតិច នៅក្នុង​តំបន់​អាមេរិក​។​

​លោក​បាន​ថ្លែងប្រាប់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ​ពី​ទីស្នាក់ការ​របស់ WHO នៅ​ទីក្រុង​ហ្សឺ​ណែវ​ថា​“ សហគមន៍​ជនជាតិដើម​ភាគតិច ដែល​កំពុង​រស់នៅក្នុង​ក្រោម ភាពក្រីក្រ​, គ្មាន​ការងារ​ធ្វើ​, ខ្វះ​អាហារ​រូប​ត្ថ​ម្ភ និង​ខ្វះ​ការទំនាក់ទំនង​ពី​ពិភព​ខាងក្រៅ អាច​នឹង​ងាយ​រងគ្រោះ​ជាងគេ​បំផុត ពី​ការឆ្លង​រាតត្បាត COVID-19 ហើយ WHO ពិតជា​មានការ​ព្រួយបារម្ភ​ជាខ្លាំង​ពី​ផលប៉ះពាល់​លើ​ជនជាតិដើម​ភាគតិច ជាពិសេស​នៅ​តំបន់​អាមេរិក ដែល​កំពុង​បន្ត​ជា​ចំណុចកណ្ដាល​នៃ​ការ ឆ្លង​រាតត្បាត COVID-19។

​ជុំវិញ​បញ្ហា​នេះ​លោក Tedros បាន​ជំរុញ​ឱ្យ​ប្រទេស​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់​និង​ចាត់វិធានការ​បង្ការ​ចាំបាច់​នានា ដែល​អាចធ្វើ​ទៅបាន​ដើម្បី​ទប់ស្កាត់ COVID-19 ពោលគឺ​មិនត្រូវ​រង់ចាំ​រហូត​ទាល់​តែមាន​វ៉ាកសាំង​នោះទេ តែ​គឺ​ចាប់ផ្ដើម​ពី​ឥលូវ​តែម្ដង​៕

 

រដ្ឋមន្ត្រី​ប្រេ​ស៊ី​ល​២​រូប​ទៀត​ ធ្វើ​តេ​ស្តិ៍​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩

​ប្រេ​ស៊ី​ល ៖ សមាជិក​២​រូប​នៃ​គណៈរដ្ឋមន្ត្រី​របស់​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​និយាយថា​ពួកគេ​បាន​ឆ្លង COVID-១៩ កាលពី​ថ្ងៃ​ច័ន្ទ​។ ​នេះ​បើ​យោងតាម​ប្រភពពី​ស៊ិន​ហួរ​។​

​ដ្ឋ​មន្ត្រី​ក្រសួង​ពលរដ្ឋ​លោក Onyx Lorenzoni និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ដែល​ទើប​តែងតាំង​ថ្មី​លោក Milton Ribeiro បានប្រកាស​ពី​ការធ្វើ​រោគវិនិច្ឆ័យ​នេះ​និង​វិធានការ​នៅ​ដាច់ដោយឡែក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​ ​លោក Lorenzoni គឺជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Jair Bolsonaro ហើយ​បាន​អួតអាង​ថា ​ថ្នាំ​គ្រុនចាញ់ Chloroquine គឺជា​ថ្នាំ​ដែល​អាច​ព្យាបាល​ជំងឺ​កូ​វីដ​បាន​។​

​ចំណែក​លោក Bolsonaro ដែល​ត្រូវបាន​គេ​ដា​ក់នៅ​ដាច់ដោយឡែក​បន្ទាប់ពី​គាត់​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ​វីរុស​កូ​រ៉ូ​ណា​បាន​លេបថ្នាំ Hydroxychloroquine​។ ថ្នាំ​ទាំងពីរ​ប្រភេទ​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺគ្រុនចាញ់​ហើយ​លោក Bolsonaro បាន​ក្លាយជា​អ្នកគាំទ្រ​ពេញទំហឹង​ក្នុងការ​ប្រើ​វា​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​បើទោះបីជា​មិនមាន​ភស្តុតាង​រឹងមាំ​ដែលថា​ពួកគេ​អាច​ប្រឆាំងនឹង​ជំងឺ​នេះ​បាន​ក៏ដោយ​។​

​យោងតាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញថា មនុស្ស​ជាង​៨០,០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ក្នុងចំណោម​ជាង​២.១​លាន​ករណី​។ ក្រុម​អ្នកជំនាញ​បាន​និយាយថា ចំនួន​ពិតប្រាកដ​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទំនងជា​ខ្ពស់​ជាងនេះទៅទៀត​ដោយសារតែ​កង្វះ​នៃ​ការធ្វើ​តេស្ត​៕

 

គិតត្រឹមថ្ងៃទី២០កក្កដា ការបើកប្រាក់ឧបត្ថម្ភ​ជូន​ពល​រដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ-១៩ បានចំនួន៥៣ម៉ឺនគ្រួសារ

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានគូស​បញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ការបើកប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលវិបត្ដិជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បាន​ចំនួនប្រមាណជា៥៣ម៉ឺនគ្រួសារ លើប្រមាណ៥៦ម៉ឺនគ្រួសារ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពីនីតិវិធី និងដំណើរការនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់​ប្រាក់ជូន​គ្រួសារក្រីក្រ និងជនងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាល​ពី​ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា លោក វង សូត បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ​មូល​ដ្ឋាន សូមជូន​ដំណឹងដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលនៅសេសសល់មិនទាន់​បាន​បើក​ប្រាក់ សូម​អញ្ជើញរួសរាន់មកបើកឱ្យបានមុនថ្ងៃកំណត់ សម្រាប់ជុំទី១នេះ ដែលបាន​អនុវត្ដន៍ ពីថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋ​មន្រ្ដីបានបន្ដថា សម្រាប់ប្រជាពលរដ្ឋ ដែលធ្លាប់បានបើករួចហើយនៅខែមិថុនា(ជុំទី១) ក៏​សូមអញ្ជើញ​ទៅ​បើកជុំទី២ នៅថ្ងៃទី២៥ ខែកក្កដា រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដែលនេះ​ជាការបើកក្នុងខែទី២ (ជុំទី២) របស់រាជរដ្ឋាភិបាលកម្ពុជា នៅតាមបណ្តាភ្នាក់ងារ​វីង​តែម្តង មិនចាំបាច់ទៅឃុំ សង្កាត់ទៀតទេ។

សូមបញ្ជាក់ថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានប័ណ្ណសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់​ប្រាក់​ជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅសាលាឃុំ សង្កាត់៕

 

ក្រសួងធនធានទឹកបន្តអំពាវនាវឲ្យប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០។

ក្រសួងធនធានទឹកបានបញ្ជាក់ថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតីអូសបន្លាយ និងមានឥទ្ធិពលមធ្យមមកលើកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៦-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានជាយថាហេតុ៕

 

 

សម្តេច ហ៊ុន សែន អញ្ជើញពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករនៅស្រុកព្រៃកប្បាស

ភ្នំពេញ ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចុះពិនិត្យការធ្វើស្រែ ព្រមទាំងសំណេះសំណាលជាមួយប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។

តាមរយៈហ្វេសប៊ុក សម្តេចតេជោបានសរសេរថា ៖ «នៅព្រឹកថ្ងៃអង្គារ ទី២១ កក្កដា នេះ ខ្ញុំនឹងចុះទៅពិនិត្យមើលសកម្មភាពធ្វើស្រែបង្កបង្កើនផល និងសំណេះសំណាលជាមួយបងប្អូនប្រជាកសិករនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ»។

សម្តេចបន្តថា ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម។ ពេលនេះជាឱកាសល្អបំផុតក្នុងការជញរុញវិស័យកសិកម្មនៅទូទាំងប្រទេសអោយកាន់តែរីកចម្រេីន។

សម្តេចបន្តទៀតថា ខេត្តតាកែវគឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។ ព្រឹកនេះ ខ្ញុំអាចនឹងចុះជួយស្ទូង និងច្រូតស្រូវជាមួយបងប្អូនប្រជាពលរដ្ឋយើង​ ប៉ុន្តែមិនច្រូតដោយដៃទៀតទេ​ គឺដោយគ្រឿងម៉ាស៊ីន​៕

 

រុស្ស៊ី ៖ ការធ្វើ​តេស្ត​វ៉ាក់សាំង​កូ​វីដ​១៩​លើ​មនុស្ស​ទទួលបាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​

​រុស្ស៊ី ៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស ដែល​អភិវឌ្ឍ​ឡើង​ដោយ​វិទ្យាស្ថាន​ស្រាវ​ជំងឺឆ្លង និង​មីក្រូ​សារពាង្គកាយ​រុស្ស៊ី Gamaleya រួមគ្នា​ជាមួយ​ក្រសួងការពារជាតិ​រុស្ស៊ី បាន​បិទ​បញ្ចប់​ហើយ​នៅឯ​មន្ទីរពេទ្យ​យោធា Burdenko ដោយ​លទ្ធផល​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក Sergey Borisevich ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​កណ្តាល​ទី ៤៨ នៃ​ក្រសួង​បាន​ប្រាប់​កាសែត Krasnaya Zvezda ថា ការធ្វើ​តេស្ដ​វ៉ាក់សាំង COVID-19 លើ​មនុស្ស​នៅ​រុស្ស៊ី​បានបញ្ចប់​ហើយ នៅឯ​មន្ទីរ​ព​ទ្យ Burdenko នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ក្រុម​អ្នកចូលរួម​ស្ម័គ្រចិត្ត​ទី ២ និង​ចុងក្រោយ មាន​សមាជិក ២០​នាក់ ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​។​

​លោក Borisevich បាន​បញ្ជាក់ថា ក្រុម​អ្នកស្រាវជ្រាវ​នៅ​ត្រូវការ​ពេល​សិក្សា​ជាច្រើន​ទៀត ប៉ុន្តែ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​នេះ​បាន​បង្ហាញថា វ៉ាក់សាំង​មាន​សុវត្ថិភាព និង​គុណភាព​គួរឱ្យ​ទុកចិត្តបាន ដោយសារតែ​វា​អាច បង្កើត​អង់​ទីករ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ថ្មី​បាន​៕