All posts by មេគង្គ ប៉ុស្តិ៍

ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង អំពាវនាវឲ្យផ្អាកការនេសាទនៅរដូវត្រីពង ជាពិសេសត្រីប៉ាសេអ៊ី

ខេត្តស្ទឹងត្រែង ៖ ប្រធានមន្ទីរកសិកម្មខេត្តស្ទឹងត្រែង អំពាវនាវឲ្យប្រជាពលរដ្ឋផ្អាកការនេសាទ ជាពិសេសការនេសាទត្រីប៉ាសេអ៊ី នៅរដូវត្រីពង ដើម្បីរក្សាចំនួនត្រីឲ្យមានស្ថេរភាព និងបង្កើនបរិមាណមច្ឆជាតិ។

ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លោក លាង សេង បានឲ្យដឹងថា រដូវត្រីពងបានចូលមកដល់ រាល់ការ នេសាទលក្ខណៈទ្រង់ទ្រាយធំជាអាជីវកម្មអាជីវកម្ម ត្រូវបានបិទជាបណ្តោះអាសន្ន។ លោកបានក្រើនរំលឹកដល់ប្រជានេសាទ ចូលរួមគោរពច្បាប់ និងទប់ស្កាត់ បទល្មើសនេសាទនៅរដូវត្រីពងកូន ដើម្បីបង្កើនទិន្នផលត្រីឲ្យកាន់តែច្រើនថែមទៀត។ ជាពិសេសប្រជានេសាទ ត្រូវផ្អាកការនេសាទត្រីនៅរដូវនេះ ដើម្បីទុកឱកាស សម្រាប់ការបន្តពូជរបស់ត្រី ជាពិសេសគឺត្រីប៉ាសេអ៊ី ដែលជាប្រភេទត្រីកម្រនិងស្ទើរតែជិតផុតពូជទៅហើយនោះ។ លោកពន្យល់ថា ខេត្តស្ទឹងត្រែងបានបិទការនេសាទ តាំងតែពីថ្ងៃទី០១ ខែឧសភា ពោលគឺបិទមុនខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា១ខែ ដោយសារតែខេត្តនេះមានលក្ខណៈពិសេសគឺជាជំរុំមេត្រីពូជ ពិសេសគឺត្រីប៉ាសេអ៊ី។

លោកបានបន្ថែមទៀតថា ត្រីប៉ាសេអ៊ីគឺជាប្រភេទត្រីដែលមានរសជាតិឆ្ងាញ់ជាងប្រភេទត្រីនានា ដូច្នេះហើយទើបធ្វើឲ្យត្រីនេះមានតម្លៃថ្លៃ។ ត្រីដែលមានទម្ងន់ក្រោមមួយគីឡូក្រាម មានតម្លៃចាប់ពី ១០ម៉ឺនរៀលទៅ ១៥ម៉ឺនរៀល ឯត្រីដែលមានទម្ងន់លើសមួយគីឡូក្រាម ក្នុងមួយគីឡូមានតម្លៃចាប់ពី ៤០ម៉ឺនរៀលទៅ៦០ម៉ឺនរៀល។

គួរបញ្ជាក់ផងដែរថា ទិន្នផលត្រីដែលប្រជានេសាទ នេសាទបានក្នុងលក្ខណៈគ្រួសារមុនពេលបិទការនេសាទ នៅក្នុងឆ្នាំ២០២០នេះ គឺទទួលបានទិន្នផលសរុបជិត១០០តោនផងដែរ៕

ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាព្រឹត្តិការណ៍ស៊ីហ្គេមនឹងសម្រេចយកផ្លូវការនៅថ្ងៃ ២កក្តដា

ភ្នំពេញ ៖ គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ហៅកាត់ថា CAMSOC នាព្រឹកថ្ងៃទី២៣ ខែមិថុនា នេះ បានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ដែលមានពី ២ទៅ ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២កក្កដា ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា កិច្ចប្រជុំក៏បានពិនិត្យមើលវឌ្ឍនភាពការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ដោយសម្របសម្រួលឲ្យដំណើរការល្អប្រសើរ និងជម្រះបញ្ជីចាស់ ដើម្បីបន្តធ្វើដំណើរតទៅមុខទៀត ប្រកបដោយភាពរលូន។

លោក បញ្ជាក់ទៀតថា ឯកឧត្តម ថោង ខុន ប្រធានអង្គប្រជុំក៏បានលើកឡើងអំពីគណៈកម្មការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ក្នុងការរៀបចំឡើងវិញក្នុងការបញ្ជូនអត្តពលិកកម្ពុជាចេញទៅហ្វឹកហាត់នៅប្រទេសចិន ដែលនេះឯកឧត្តមចាត់ទុកថា ជាការពន្លឿននៃស្ថានភាពវិបត្តិជំងឺកូវីដ-១៩ កាន់តែល្អប្រសើរ ដើម្បីពង្រឹងគុណភាព បច្ចេកទេសរបស់អត្តពលិកជម្រើសជាតិកម្ពុជា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

សូមបញ្ជាក់ថាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ២ទៅ៣ដែលបានសម្រេចជ្រើសក្នុងកិច្ចប្រជុំនេះ និងយកទៅឆ្លងសម្តេច ពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី២កក្កដា ខាងមុខនេះ ដើម្បីយកប្រើប្រាស់ជានិមិត្តសញ្ញាផ្លូវការនៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាទាំងនោះ ចាប់ផ្តើមប្រាស់ផ្លូវការសម្រាប់ធ្វើការផ្សព្វផ្សាយពីចុងឆ្នាំ២០២០ទៅដល់ស៊ីហ្គេមឆ្នាំ២០២៣៕

រដ្ឋមន្រ្តីការងារជំរុញឲ្យបន្តយន្តការដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រុញដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក គណៈកម្មការ សម្រាប់ដោះស្រាយបញ្ហា កូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច មន្ទីរការងាររាជធានី-ខេត្ត ត្រូវបន្តចូលរួមសហការគ្នាឱ្យកាន់តែជិតស្និត ប្រឹងប្រែងដោះស្រាយ នូវសំណូមពរ ការទាមទារស្របតាមច្បាប់ជូនប្រជាពលរដ្ឋនិងកម្មករនិយោជិត ហើយបន្តចាត់វិធានការចំពោះអ្នកមានចេតនាញុះញង់ធ្វើឱ្យខាតបង់ផលប្រយោជន៍ប្រជាពលរដ្ឋប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងបង្កអំពើហិង្សានានានៅក្នុងសង្គមជាតិ។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការសម្រាប់ដោះស្រាយកូដកម្ម បាតុកម្ម នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នៅទីស្តីការក្រសួង។ជាមួយនោះ ឯកឧត្តមប្រធានអង្គប្រជុំ បានស្នើអោយបន្តការផ្សព្វផ្សាយ ការយល់ដឹងដល់កម្មករនិយោជិត ពីផលវិបាកដោយសារជំងឺកូវីត១៩ និង វិធាការនានារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ដើម្បីជួយសម្រួលដល់ប្រក្រតីភាព នៃអាជីវកម្ម ផលិតកម្ម របស់រោងចក្រ សហគ្រាស ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ។

លោកបណ្ឌិត អ៊ិត សំហេង បានស្នើដល់គណៈបញ្ជាការឯកភាពនិងគណៈកម្មការដោះស្រាយ បញ្ហាកូដកម្ម បាតុកម្មនិងគ្រប់ភាគីពាក់ព័ន្ធ ត្រូវមានផែនការអនុវត្ត ក្នុងភូមិសាស្រ្តរបស់ខ្លួន។ រាល់ការកើតមានបញ្ហាណាមួយ នៅតាមភូមិសាស្រ្តរបស់ខ្លួន ត្រូវទទួលខុសត្រូវដឹកនាំបញ្ជាដោះស្រាយរាល់ករណីជាក់ស្តែង និងត្រូវខិតខំដោះស្រាយឱ្យអស់លទ្ធភាព ជាពិសេសត្រូវក្តាប់នូវមូលហេតុ នៃបញ្ហា ភស្តុតាង និងមុខសញ្ញា ដោយខិតខំការពារសន្តិសុខសុវត្ថិភាព ជូនសហជីព កម្មករនិយោជិត ដែលធ្វើកូដកម្ម បាតុកម្មស្របច្បាប់។

លោករដ្ឋមន្ត្រី បានជំរុញឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចុះជួបជាប្រចាំ ជាមួយកម្មករនិយោជិត នៅតាមតំបន់ផ្ទះជួល ឬ កន្លែងស្នាក់នៅរបស់កម្មករនិយោជិត ដើម្បីក្តាប់ឱ្យបាននូវស្មារតី ស្ថានភាពរស់នៅ បញ្ហាថ្លៃបន្ទប់ ថ្លៃអគ្គិសនី ថ្លៃទឹកស្អាត និងសំណូមពររបស់កម្មករនិយោជិត ព្រមទាំងពិនិត្យហានិភ័យនានា ដែលអាចកើតមាន ចំពោះកម្មករនិយោជិត នៅក្នុងតំបន់ភូមិសាស្ត្ររបស់ខ្លួន។ ផ្តល់លេខទូរស័ព្ទទំនាក់ទំនងរបស់ក្រុមមេធាវី ស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងករណីកម្មករនិយោជិត ត្រូវការប្រើប្រាស់សេវាផ្នែកច្បាប់ដើម្បីការពារខ្លួនពីករណីរំលោភបំពាននានា ដែលអាចកើតមានចំពោះពួកគាត់ ក្នុងវិស័យការងារ៕

កម្ពុជា-ថៃឯកភាព​ឱ្យ​អាជីវករ​ខ្មែរ ចូលទៅ​ពិនិត្យ​ទំនិញ​នៅ​ផ្សាររុងក្លឿ​ក្នុងទឹកដី​ថៃ

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រជុំជាមួយ លោក វរ៉ាផាន់ សុវាណុន H.E .WORAPHAN SUWANNUN អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសំឡេង រូបភាព (Video Conference)។

របៀបវារៈនៃកិច្ចប្រជុំមាន ៖ ១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក។ ២.ពិភាក្សាសុំឲ្យមានការចេញ-ចូលលក់ដូរត្រឹមផ្សាររុងក្លឿ។ ៣.ពិភាក្សាករណីពលករ(ចេញ-ចូល)។ ៤.បញ្ហាផ្សេងៗ ។

ជាលទ្ធផល ឆ្លងកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់ អភិបាលខេត្តបន្ទាយមានជ័យ និងអាជ្ញាធរថៃបានឯកភាពជាគោលការណ៍ឲ្យមានការចូលទៅផ្សាររុងក្លឿ ពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញតាមរយៈរថយន្តចំនួន៥០ឡាន មនុស្សក្នុង១ឡាន ២នាក់ ដោយមានការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាលដោយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ។ ហើយរយៈពេល នៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង៨ និង០០ ដល់ម៉ោង១០នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣ និង០០ នាទីរៀលចេញពីទឹកដីថៃវិញ។ ចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រង់ចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃ។

សម្រាប់ករណីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក គឺនៅបន្តបិទដដែល។ ចំពោះប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញមកពីប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ គឺមានការសម្របសម្រួលដោយរក្សាការឯកភាព ​ឱ្យចេញតាមច្រកអូរបីជាន់ដដែល៕

មកដល់​ឆ្នាំ​២០២០​កម្ពុជា​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម​គ្រ័​ចិត្តបាន​ជាង​១១​លាន​ដុល្លារ​

​ភ្នំពេញ ៖ រហូតមក​ទល់នឹង​ឆ្នាំ​២០២០​នេះ កម្ពុជា​បាន​លក់ ឥណទាន​កាបូន​ក្នុង​ទីផ្សារ​ស្ម័គ្រ​ចិត្តបាន​ថវិកា​ចំនួន​១១,៦ លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​កម្ពុជា​បាននិងកំពុង​ស្វះ​ស្វែងរក​ដៃគូ​ផ្សេងៗ ទៀត​ដើម្បី បន្ត​ទិញ​ឥណទាន​កាបូន​នេះ បន្ថែមទៀត ខណៈ​កាបូន​ដែល​បាន​បំ​ភាយ​ចេញ ពី​ព្រៃឈើ​នៅតាម​តំបន់ការពារធម្មជាតិ នានា​ដែល​កម្ពុ​ជាមាន នៅ​សេស​បរិមាណ​ច្រើន​។

​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ ក្នុងឱកាស​ដែល​លោក​និង​ប្រតិភូ​ក្រសួងបរិស្ថាន​ចុះ ពិនិត្យ​ការគ្រប់គ្រង​និង អភិរក្ស​តំបន់​ដែន ជម្រក​សត្វព្រៃ​តា​តៃ​ក្នុង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ ២០២០ ខណដែល​លោក ក៏បាន​គូសបញ្ជាក់ថា តំបន់​ដែនជម្រកសត្វព្រៃ​តា​តៃ​ជាទី​តាំង​មួយ ក្នុងចំណោម​ទីតាំង​៣ ដែល​កម្ពុជា​លក់​កាបូន​បាន​ក្នុងនោះ​ក៏មាន​ដែន​ជម្រក សត្វព្រៃ​កែវ​សីមា ឧទ្យាន​ជាតិ​ជួរ​ភ្នំ ក្រវ៉ា​ញ​ខាងត្បូង​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែង​បញ្ជាក់ថា ក្រុមហ៊ុន​ដែល​បាន​ទិញ​ឥណទាន ការ​បូ​ន​ក្នុង​ទីផ្សារ​ស្ម័គ្រចិត្ត​មាន​ក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និង​ក្រុមហ៊ុន Gucci​។ រហូតមកដល់​ពេលនេះ មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុង ចំណោម ប្រទេស​អាស៊ាន ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​នេះ​។

​គួរ​បញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា មាន​ធនធានធម្មជាតិ និង​ជីវៈចម្រុះ ដ៏​សំបូរបែប​។ ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០% នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់បំផុត នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ ការពារ​ធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១% នៃ​ផ្ទៃដី​ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,៣ លាន ហិកតា​ដែល​ក្នុងនោះ​មាន​ឧទ្យាន​ជាតិ ដែនជម្រកសត្វព្រៃ តំបន់​ប្រើប្រាស់​ច្រើន យ៉ាង តំបន់​រ៉ា​ម​សារ តំបន់​ការពារ​បេតិកភណ្ឌ ធម្មជាតិ និង​របៀង​អភិរក្ស​ជីវៈចម្រុះ​សរុប​ចំនួន ៦៩ កន្លែង និង​មាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ចំនួន ១២៦០ នាក់​ដោយ​សហការ​ជាមួយ​សហគមន៍​តំបន់ ការពារ​ធម្មជាតិ និង​អង្គការ​ដៃគូ​នានា បាននិងកំពុង​ឈរជើង​ការពារ​។

​ចំណូល​បន្ថែម​និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មក ហើយ​របស់​ប្រជា​ពល រដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​តាមរយៈ​នៃ​ការបង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង សម្រាប់​បម្រើសេវា កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់ សហគមន៍ របស់​ពលរដ្ឋ​ផងដែរ​៕

 

សម្តេច ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» នៅថ្ងៃទី២៦មិថុនា

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលនឹងប្រព្រឹត្តទៅ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

ការចូលរួមក្នុងកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមាន ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួងសុខាភិបាល និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវីដេអូ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩ វិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោក៕

 

ខេត្តបន្ទាយមានជ័យ តែងតាំងប្រធានមន្ទីរសាធារណការថ្មី

ខេត្តបន្ទាយមានជ័យ ៖ លោក សុក ចាន់ថា ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ជំនួសលោក គឹម សុវណ្ណ ដែលត្រូវបានដកអោយទៅបម្រើការងារនៅក្រសួងវិញ។ ពិធីប្រកាសធ្វើឡើងនៅរសៀលថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ នាសាលប្រជុំសាលាខេត្តបន្ទាយមានជ័យក្រោមវត្តមានលោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួម ពីសំណាក់អស់លោកប្រធាន អនុប្រធាន មន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្តជាច្រើននាក់ផងដែរ។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យថ្មី បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលមានការជឿទុកចិត្ត ចំពោះរូបលោក និងបានស្នើតែងតាំងរូបលោកជាប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ។ លោកក៏បាន ធ្វើការប្តេជ្ញាចិត្តថា ៖ យកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់បន្តអនុវត្តនូវគោលការណ៍យុទ្ធសាស្រ្តចតុកោណ របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ អនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយ និងផែនការការងាររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍខេត្ត ។ ពង្រឹងសមត្ថភាពការងាររបស់មន្ត្រីក្រោមឱវាទ លើកទឹកចិត្ត និងចាត់ចែងការទទួលខុសត្រូវឲ្យបានល្អ ដើម្បីធានាបាននូវការអនុវត្តការងារ និងទទួលបានលទ្ធផលការងារល្អ ។ ពង្រឹងដល់ការផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាប្រកបដោយតម្លាភាព ។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ។ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយ អង្គភាពដែលមានការពាក់ព័ន្ធដើម្បីសម្រេចបានគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន ។
ក្នុងពិធីនេះលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ វាយតម្លៃនិងកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ របស់លោកប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យចាស់ ដែលសម្រេចបានល្អប្រសើរបំផុត ។ និងបានសំណូមពរដល់ ថ្នាក់ដឹកនាំនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន មេត្តារៀបចំកន្លែងការងារ ដែលល្អប្រសើរជូនដល់លោក គឹម សុវណ្ណ ប្រធានមន្ទីរចាស់ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីល្អ ។ ឯកឧត្តម ក៏បានមានប្រសាសន៍ សង្ឃឹមយ៉ាងមុតម៉ាំថា លោកប្រធានមន្ទីរសាធារណៈការថ្មី នឹងបន្តកិច្ចសហប្រតិបត្តិការល្អនិងរឹងមាំ ជាមួយមន្ទីរអង្គភាពដែលពាក់ព័ន្ធ ដើម្បីពង្រឹងកិច្ចការងារឲ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងកិច្ចសហការផ្ទៃក្នុងជាមួយមន្ត្រីក្រោមឱវាទ ដោយយកគំរូតាមលោកប្រធានចាស់ ។
ជាមួយគ្នានេះលោក ស៊ុយ សាន រដ្ឋលេខាធិកាក្រសួងសាធារណៈការនិងដឹកជញ្ជូន តំណាងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា លោកប្រធានមន្ទីរសាធារណការថ្មី គឺជាវិស្វករសំណង់ស៊ីវិល ដែលមានជំនាញច្បាស់លាស់ និងបានឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវ ហើយកន្លងមកលោកក៏ធ្លាប់ធ្វើជាអនុប្រធានមន្ទីរសាធារណៈការខេត្ត ។ លោកក៏បានផ្តាំផ្ញើផងដែរ ចំពោះលោកប្រធានមន្ទីរថ្មី ឲ្យបន្តអនុវត្តការងារឲ្យបានលទ្ធផលល្អប្រសើរ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ សំដៅបន្តអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ការផ្ដល់សេវាសាធារណៈចាំបាច់ និងសេវាតម្រូវការគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឲ្យបានលទ្ធផលការងារល្អ ស្របតាមពាក្យថា “ធ្វើឲ្យបាន ធ្វើឲ្យឆាប់ និងធ្វើឲ្យមានតម្លាភាព” ។ ជាពិសេស ត្រូវធានាទប់ស្កាត់ឲ្យបាន ចំពោះយានយន្តដឹកទំនិញលើសទម្ងន់ ចូលរួមលុបបំបាត់យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបាននឹងកំពុងធ្វើចរាចរណ៍លើដងផ្លូវឲ្យកាន់តែមានប្រសិទ្ធភាព ។ និងសុំឲ្យមន្ត្រីរបស់យើង បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាអនាម័យខ្លួនប្រាណ កាត់បន្ថយការជួបជុំ បើមិនចាំបាច់ត្រូវរក្សាគម្លាត និងពាក់ម៉ាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 ដែលជាជំងឺដ៏កាចសាហាវ ហើយពុំទាន់មានថ្នាំការពារនៅឡើយ៕

 

ទីប្រឹក្សា​សេត​វិមាន ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន ​បានចប់​ហើយ​

​វ៉ាស៊ីនតោន ៖ ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​សេត​វិមាន​លោក Peter Navarro បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​បាន​ចប់​ហើយ ដោយ​លោក​ផ្សារភ្ជាប់​ជាមួយ​កំហឹង​សហរដ្ឋអាមេរិក​ទៅលើ​ប្រទេស​ចិន ដែល​ត្រូវបាន​អាមេរិក​ចោទប្រកាន់ថា មិនបាន​ធ្វើការ​ព្រមាន​ឲ្យ​ទាន់ពេល ចំពោះ​ឥទ្ធិពល​ដ៏​អាក្រក់​នៃ​ជំងឺឆ្លង COVID-19​។ នេះ​បើតាម​ការចេញផ្សាយដោយសារ​ព័ត៌មាន CNA។

​នៅពេលដែល​ត្រូវបាន​គេ​សួរ​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន លោក Navarro បាន​ប្រាប់ Fox News ថា​“ វា​ចប់​ហើយ​”។ មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ខាងលើនេះ ថែមទាំង​បាន​ចោទ​ប្រទេស​ចិន​ទៀតថា បាន​បណ្តែតបណ្តោយ​ឲ្យ​មនុស្សម្នា​ធ្វើដំណើរ​ដោយ​សេរី មកកាន់​សហរដ្ឋអាមេរិក ដើម្បី​ចម្លងជំងឺ​នេះ​មកកាន់​សហរដ្ឋអាមេរិក ដោយ​មិនមាន​ការព្រមាន​ទុកជាមុន​ជាដើម​។​

​ទំនាក់ទំនង​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បាន​ឈានដល់​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចាប់តាំងពី​ការ​រាតត្បាត​នៃ​មេរោគ​ឆ្លង​កូ​វីដ​១៩​ដែល​បាន​ផ្ទុះឡើង​នៅក្នុង​ប្រទេស​ចិន ដែល​បាន​បង្ក​ផលប៉ះពាល់​ដល់​សហរដ្ឋ​អាមេរិក​យ៉ាងខ្លាំង​។ ​ទោះជា​បែបនេះ​ក្តី ប្រទេស​ចិន​ជារឿយៗ បានចេញ​មុខ​ទាត់ចោល​ការចោទប្រកាន់ ពី​សំណាក់ ប្រទេស​មួយចំនួន​ជាពិសេស​អាមេរិក អំពី​ចេតនា​បង្ក​ឲ្យ​វីរុស​រីកសាយ​ភាយ​លើ​លោក​។​

​សូមជម្រាបថា នៅពេលដែល​វីរុស​កូ​រ៉ូ​ណា​ថ្មី ផ្ទុះឡើង​ដំបូង​នៅ​ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​២០១៩ និង​បានសម្លាប់​ប្រជាជន​ចិន​រាប់ពាន់នាក់​ទៅហើយ ឈាន​មកដល់​ដើមឆ្នាំ​២០២០ នោះ ប្រទេស​មួយចំនួន និង​សហរដ្ឋអាមេរិក​ផ្ទាល់ ទើបតែ​មាន​ករណី​ឆ្លង​ប៉ុន្មាន​ករណី​ប៉ុណ្ណោះ ខណៈ​ការបិទ​ទីក្រុង​វូ​ហាន ដោយ​អាជ្ញាធរ​ចិន ដើម្បី​រាំងខ្ទប់​ជំងឺ COVID-19 មិន​ឆ្លង​ទៅកាន់​ខេត្ត​ផ្សេងៗ ឬ​ពិភពលោក​នោះ បែរជា​បានទទួល​ការរិះគន់​ខ្លាំងៗ​ថា ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ទៅវិញ​៕

 

ដោយសារភ្លើង​ប្រច័ណ្ឌ ប្តី​ប្រើ​កាំបិត​ស្នៀត​​ចាក់​សម្លាប់​ប្រពន្ធ​​

​ភ្នំពេញ ៖ ប្តី​កំណាច​ម្នា​ក់បាន​ប្រើ​កាំបិត​ស្នៀត​ចាក់​ប្រពន្ធ​ចំ​ទ្រូង​ខាងស្តាំ បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ករណីនេះ​ត្រូវបាន​គេ​សង្ស័យថា មកពី​ភ្លើង​ប្រច័ណ្ឌ។​

​ករណីនេះ​កើតឡើង​នៅ​ខណ្ឌ​កំបូល នា​យប់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩៖២០​នាទី ករណីនេះ​កើតឡើង នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ដូនរ័ត្ន សង្កាត់​ឪឡោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ លាង ផល្លា ភេទ​ស្រី អាយុ​២៣​ឆ្នាំ រីឯ​ជនសង្ស័យ​ឈ្មោះ សុខលី សម្បត្តិ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​គេចខ្លួន​) នៅ​ភូមិ​សង្កាត់​ខាងលើ​។​

​សាក្សី​និយាយថា នៅមុន​ពេល​កើត​ខាងលើ ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ធ្វើការ​រោងចក្រ រួច​ហើយក៏​ងូតទឹក និង​ហាល​ខោអាវ ស្រាប់តែ​ប្តី​យក​កាំបិត​ស្នៀត​មកចាក់​ចំ​ទ្រូង​ខាងស្តាំ​បណ្តាល​ឲ្យ​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត៕

 

ថ្ងៃអង្គារនេះ ចិនរកឃើញករណីឆ្លង COVID-19 ចំនួន២២ករណីទៀត

ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ ខ្លួនបានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ២២ករណីបន្ថែមទៀត ដោយក្នុងនោះមាន ១៣ករណីជាប្រភេទករណីឆ្លងក្នុងស្រុក និង ០៩ករណីទៀតជាករណីនាំចូលពីបរទេស។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

នៅក្នុងរបាយការណ៍ស្តីអំពីស្ថានការណ៍ COVID-19 សម្រាប់ថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមប្រភេទករណីឆ្លងក្នុងស្រុកទាំង ១៣ករណីខាងលើនេះ គឺត្រូវបានរាយការណ៍ចេញពីរដ្ឋធានីប៉េកាំងទាំងអស់ ជាទីដែលមានការផ្ទុះករណីឆ្លងជាចង្កោមថ្មីនៅទីនោះ។ ចំណែកឯ ០៩ករណីទៀត ដែលជាប្រភេទករណីនាំចូលពីបរទេសវិញ គឺត្រូវបានរាយការណ៍ចេញពីខេត្តហ្គាន់ស៊ូ (Gansu) ចំនួន ០៧ករណី ខណៈ ០២ករណីទៀតនៅខេត្តជាំងស៊ូ (Jiangsu) និងខេត្តសានស៊ី (Shaanxi) ចំនួនមួយករណីម្នាក់។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ទៀតថា ខ្លួនក៏បានរកឃើញអ្នកជាសះស្បើយឡើងវិញពីជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយសរុប នៅទូទាំងប្រទេសចិនកើនដល់ ៧៨,៤២៥នាក់។ គិតត្រឹមពេលនេះចិនមានករណីឆ្លង COVID-19 សុរប ៨៣,៤១៨ករណី ខណៈតួលេខនៃអ្នកស្លាប់គឺនៅរក្សាបានត្រឹម ៤,៦៣៤នាក់ដដែល៕

 

ថ្ងៃនេះរកឃើញអ្នកកើតជំងឺកូវីដ១៩ម្នាក់ថ្មីទៀត សរុបកើនឡើងដល់១៣០នាក់

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ មួយនាក់ថ្មីទៀត លើបុរសជនជាតិខ្មែរ សញ្ជាតិអាមេរិក ធ្វើដំណើរពីអាមេរិកត្រឡប់មកកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទើបទទួលបានមុននេះបន្តិច។

ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសខ្មែរ មានសញ្ជាតិអាមេរិកកាំងនេះ មានអាយុ៦៦ឆ្នាំ (រស់នៅសហរដ្ឋអាមេរិក) មានអាសយដ្ឋានស្នាក់ នៅភូមិដំណាក់ប្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ទទួលបានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតរួចហើយ។

ក្រសួងបានបញ្ជាក់ឲ្យដឹងទៀតថា ជើងហោះហើរដែលរកឃើញបុរសជនជាតិខ្មែរមានជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១១២នាក់ (ស្ត្រី ៤១នាក់ និងបុរស ៧១នាក់) ហើយក្នុងចំនួននេះមានជនជាតិខ្មែរចំនួន៨៩នាក់ (ស្រី ៣៥នាក់) និងជនបរទេសចំនួន២៣នាក់ (ស្រី ៦នាក់)។ អ្នកដំណើរដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចតាឡីស័ក ចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន១ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ថ្លៃសណ្ឋាគារ) និងសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ (សម្រាប់អ្នកដែលជ្រើសរើសយកការបង់ថ្លៃសណ្ឋាគារ) ដើម្បី តាមដានសុខភាពបន្តសទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៣០នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩១នាក់)។ ចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន១២៧នាក់ (ស្មើនឹង ៩៧.៦៩% ធៀប នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់) នៅក្នុងចំនួននេះមានស្រី ៣៩នាក់ និងបុរស៨៨នាក់ អ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០៣នាក់ ក្នុងនោះមានបុរសជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី, បុរសជនជាតិខ្មែរ វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី និងបុរសខ្មែរ មានសញ្ជាតិអាមេរិកកាំង ដែលបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក៕ 

 

ភ្ញៀងនឹងបន្តធ្លាក់ពីខ្សោយទៅច្រើនពីថ្ងៃទី២៤-៣០ ខែមិថុនា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី បក់ក្នុងកម្រិតបង្គួរ ជាមួយនឹងជ្រលងសម្ពាធទាប បន្តអូសបន្លាយលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ៖

 

ចំនួនអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៩លាននាក់ ស្លាប់ជាង ៤៧ម៉ឺននាក់

បរទេស ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៩,១៧៩,៩១៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤៧៣,៤៥៩នាក់ និងជាសះស្បើយឡើងវិញ ៤,៩០៤,២៦៩នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,៣៨៨,០៤៩នាក់ ស្លាប់ចំនួន ១២២,៦០៧នាក់ និងជាសះស្បើយចំនួន ៩៩១,០៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ១,១១១,៣៤៨នាក់ ស្លាប់ចំនួន ៥១,៤០៧នាក់ និងជាសះស្បើយ ៥៧៩,២២៦នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសរុស្ស៉ី។ រុស្ស៉ី មានអ្នកឆ្លង ៥៩២,២៨០នាក់ ស្លាប់ ៨,២០៦នាក់ និងជាសះស្បើយ ៣៤៤,៤១៦នាក់៕

 

ចិន​នឹង​ចុះហត្ថលេខា​ផ្តល់មូលនិធិ​ជាង ៧លានដុល្លារ គាំទ្រ​គម្រោង​របស់​កម្ពុជា​ចំនួន ២០

ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិនប្រចាំ​កម្ពុជា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពីមូលនិធិ​ពិសេស​សម្រាប់​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង ឆ្នាំ​២០២០ នៅថ្ងៃទី​២៣ ខែមិថុនា។ នេះបើតាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងការបរទេស។

ក្នុង​ក្របខណ្ឌនេះ គម្រោង​កម្ពុជា​ចំនួន ២០ ត្រូវបាន​គាំទ្រ និងផ្តល់មូលនិធិ ដែលមាន​ទឹកប្រាក់​ចំនួន ៧ ២២៥ ៤០០ ដុល្លារ​អាមេរិក ភាគច្រើន​គ្របដណ្តប់​ទៅលើសកម្មភាព​នានា​ពាក់ព័ន្ធ​នឹង​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច-សង្គម អភិវឌ្ឍន៍​ធនធានមនុស្ស សន្តិសុខ​តាមប្រព័ន្ធ​អ៊ីនធឺណេត ការកសាង​សមត្ថភាព ទេសចរណ៍ និង​សេវាកម្ម បរិស្ថាន និង​ការការ​សម្បត្តិវប្បធម៌ជាដើម៕

អាមេរិក ​និង​រុស្ស៊ី ផ្តើមពិភាក្សា​ស្តីពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ 

​វៀតណាម ៖ សហរដ្ឋអាមេរិក​ និង​រុស្ស៊ី បាន​ជួបគ្នា​នៅ​ថ្ងៃ​ច័ន្ទ​ទី​២២ ខែមិថុនា​នេះ​នៅ​ទីក្រុង Vienna ប្រទេស​វៀតណាម សម្រាប់​កិច្ចពិភាក្សា​ស្តីពី​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ចុងក្រោយ​របស់​ពួកគេ​ក្រោយពេល​មាន​ភាព​តានតឹង និង​ភាពមិន​ស៊ីចង្វាក់​គ្នា​ជុំវិញ​អ្វីដែល​ពួកគេ​មើលឃើញថា ជា​តម្លៃ​នៃ​ការគ្រប់គ្រង​អាវុធ​ទាំងអស់​។​ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​ទីភ្នាក់ងារសារព័ត៌មាន CNA​។​

​ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​ទទូចថា​ប្រទេស​ចិន​គួរតែ​ចូលរួម​ក្នុង​កិច្ចចរចា​ស្តីពី New START ដែលជា​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រវាង​អាមេរិក និង​រុស្សី ព្រោះថា​ចិន​រហូតមក​ដល់ពេលនេះ មាន​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​អ្វីដែល​គេ​ចូលចិត្ត​ក្នុងការ​អភិវឌ្ឍន៍​អាវុធ​។​ទោះយ៉ាងណា ចិន​មិន​បង្ហាញ​សញ្ញា​ពី​ការ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​ឡើយ​។​

​លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រប់គ្រង​អាវុធ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ការទទូច​ចង់​រួមបញ្ចូល​ទាំង​ប្រទេស​ចិន​បាន​បង្ហាញថា​រដ្ឋបាល Trump មិនមាន​ភាពម៉ឺងម៉ាត់​ចំពោះ​កិច្ចព្រមព្រៀង​នោះទេ​។​

​លោកបាល​មានប្រសាសន៍​ថា​“ ការសន្និដ្ឋាន​តែមួយគត់​ដែល​ខ្ញុំ​អាច​ដឹង​គឺថា​…​រដ្ឋបាល​របស់លោក Trump មិនមាន​ចេតនា​ពង្រីក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ New START ឡើយ និង​ព្យាយាម​ឲ្យ​ចិន ដែល​មិន​ចាប់អារម្មណ៍​សោះ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ត្រីភាគី​ស្តី​ព​ការគ្រប់គ្រង​អាវុធ ដែល​នេះ​ជា​លេស​មួយ​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ផុត​ការ​បរិច្ឆេទ​”​។​

​លោក Trump បាន​លុបចោល​ស​ន្និ​សញ្ញា​ជាច្រើន​ជាមួយនឹង​រុស្សី ដូច​ជាស​ន្និ​សញ្ញា​ស្តី​ហោះហើរ​លើ​ដែនអាកាស និង​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​។ ទោះ​បែបនេះ​ក្ដី ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​លោក Marshall Billingslea និង​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី​លោក Sergei Ryabkov មិនទាន់​ពិភាក្សា​អំពី​អនាគត​ស​ន្និ​សញ្ញា New START ដែល​បាន​ព្រមព្រៀង​កាលពី​ឆ្នាំ ២០១០ និង​ត្រូវផុត​ការ​បរិច្ឆេទ​វិញ​នៅ​ខែ កុម្ភៈ ឆ្នាំ ២០២១​ខាងមុខ​។​

​ដូច្នេះ​វា​មាន​ពេលវេលា​តិចតួច​ណាស់​ក្នុង​ការបន្ត​កិច្ចព្រមព្រៀង​ស្មុគស្មាញ​មួយ​ដោយ​ទុកឱ្យ​ការចរចា​នៃ​កិច្ចព្រមព្រៀង​ថ្មី​ជាមួយនឹង​ប្រទេស​ចិន​សិន ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ដែល​នឹង​មកដល់​។​

​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង New START ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០១០ រវាង​មហាអំណាច​ទាំងពីរ ដោយ​វា​បានដាក់​កម្រិត​ឲ្យ​ភាគី​ទាំងពីរ​មាន​ក្បាល​នុយក្លេអ៊ែរ​មិន​លើសពី ១.១៥០​គ្រាប់​៕