នាយករដ្ឋមន្ត្រី​ថៃ​នឹង​មក​បំពេញ​ទស្សន កិច្ច​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៣០-៣១​ខែតុលា​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2014 ក+ ក-

ភ្នំពេញ​៖ នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា (Prayut Chan O Cha) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី​៣០ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤ ក្រោយ​ពេលដែល​លោក បាន​ឡើងកាន់តំណែង​ថ្មី កាលពី​ថ្ងៃទី​២១ ខែសីហា​កន្លងទៅនេះ​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហការ​ប្រតិបត្តិការ​អន្តជាតិ​កម្ពុជា ចុះ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​បាន​បង្ហាញថា តប​តាម​ការអញ្ជើញ​របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ នាយករដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ថៃ​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​ផ្លូវ​វ​ការលើក​ដំបូង​នៅ​ព្រះ​ជាណា​ចក្រ​កម្ពុជា ។​
​តាម​សេចក្តីប្រកាស​ដដែល​បាន​បញ្ជាក់ថា បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ហើយ​លោក​ជោ ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹងធ្វើ​សន្និសីទកាសែត​រួមគ្នា ដើម្បី​បញ្ជាក់​ពី​ដំណើរ​ទស្សន កិច្ច​នេះ​។​

ប្រភព​បន្តថា ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​ក​ម្ពូ​ជា​លើកទីមួយ​នេះ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ចូល​បង្គំ​គាល់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជួប​ពិ​ភា​ក្ស​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ជាមួយគ្នានេះដែរ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នឹង​ចូល​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌល​ព្រះ​បរម​រូប នា​សួនច្បារ​វិមានឯករាជ្យ​ផងដែរ​។​

ប្រភព​បន្តទៀតថា បន្ទាប់​ជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន សែន និង​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា និង​នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​បី រួមមាន ទី​១-​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍ រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ​, ទី​២-​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដើម្បី លុបបំបាត់​ការជួញដូរ​មនុស្ស និង​ជួយ​ជនរងគ្រោះ​ដោយសារ​ការជួញដូរ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ និង​ទី​៣-​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការតភ្ជាប់​ផ្លូវដែក​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រាជរដ្ឋាភិបាល​ថៃ​៕

Untitled-1នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ថៃ​លោក Prayut Chan O Cha