លោក​អភិបាល​ប៉ា សុជាតិ​វង្ស ចេញ​តាម​ទ្វារក្រោយ​បន្ទាប់ពី​ចូលឆ្លើយបំភ្លឺ​គណៈ កម្មការ​ទី​១​របស់រដ្ឋសភា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2014 ក+ ក-

ភ្នំពេញ​: អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​ដឹកនាំ​ប្រតិភូ​ចូល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ នៅ​ចំពោះមុខ​គណៈកម្មការ​ទី​១​របស់​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង អំពី​បញ្ហាដីធ្លី​នៅ​រាជធានី​ភ្នំពេញ ពិសេស​ករណី​បឹងកក់ និង​បុរី​កីឡា​។

​ក្នុងពេល​ចូល​រដ្ឋសភា​គេ​ឃើញ​លោកប៉ា សុជាតិ​វង្ស បាន​ចូល​តាម​ទ្វារ​ខាង​មុខតែ​នៅពេល​ចេញមក​វិញ លោក​បានចេញ​តាម​ទ្វារក្រោយ ទំនងជា​លោក​ត្រូវគេ​ប្រាប់ថា​នៅមុខ​រដ្ឋសភា​មាន​ក្រុម​អ្នក​បឹងកក់ និង​អ្នក​បុរី​កីឡា បាន​ប្រមូលផ្តុំ​លើក​បដា​តវ៉ា​នៅ​ទីនោះ​។​

​យ៉ាងណាក៏ដោយ បន្ទាប់ពី​ចូល​បំភ្លឺ​ចំពោះមុខ​គណៈកម្មការ​ទី​១ រួចមក លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា លោក​បាន​លើក​ឡើ​លង​ពី​បញ្ហាដីធ្លី និង​ដំណោះស្រាយ ដែល​អាជ្ញាធរ​រាជធានី បាន​ប្រឹងប្រែង ក្នុងពេល​កន្លងមក​។ ការដោះស្រាយ​នោះ អាជ្ញាធរ​ខិតខំ​ប្រឹង​ធ្វើ​នៅនឹងកន្លែង​និ​មួយៗ ពិសេស​លើ​ករណី​បឹងកក់ និង​បុរី​កីឡា​។ បើ​ដោះស្រាយ​មិន​ចេញ​ទេ ទើប​អាជ្ញាធរ បញ្ជូនទៅ​តុលាការ​។​

​ចំពោះ​ការចាប់​កាត់ទោស​អ្នក​តវ៉ា​ដីធ្លី​បឹងកក់ និង​ព្រះសង្ឃ សរុប ១១ រូប កាលពី​ថ្ងៃទី​១១ និង​ថ្ងៃទី​១២​វិច្ឆិកា ត្រូវបាន​លោក​អភិបាល លើកឡើងថា ការចាប់ខ្លួន​នោះ មិនមែន​ស្ថិតក្នុង​រង្វង់​នៃ​ទំនាស់​ដីធ្លី​ទេ តែ​ជា​នីតិវិធី​របស់​តុលាការ​។​

​ចំណែក​លោក​អេង​ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១ របស់​រដ្ឋសភា បាន​លើកឡើងថា ការឆ្លើយបំភ្លឺ​របស់​អភិបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៧​វិច្ឆិកា​នេះ មាន​ចំណុច​ជាច្រើន អាច​ទទួលយកបាន​។ គណៈកម្មការ​រដ្ឋសភា នឹង​បន្ត​ពិនិត្យ​លើ​ការលើកឡើង​របស់​អាជ្ញា​ធរ ពាក់ព័ន្ធ​នឹង​បញ្ហាដីធ្លី​នៅ​បឹងកក់ និង​នៅ​បុរី​កីឡា​។​

​លោក​អេង​ឆៃអ៊ាង បន្តថា តំណាងរាស្ត្រ ក្នុង​គណៈកម្មការ​ទី​១ របស់​រដ្ឋសភា ក៏​នឹង​បន្តការងារ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុងការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ដ៏​រ៉ាំ​រៃ​នោះ​៕

Untitled-1Untitled-1