ក្រសួងបរិស្ថាន បានរកឃើញរោងចក្រ និងក្រុមហ៊ុនចំនួន២៨ទីតាំង ដែលបានបង្ហូរទឹកកខ្វក់បំពុលតំបន់ទឹកសាធារណៈ(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2025 ក+ ក-

ក្រុមការងារក្រសួងបរិស្ថាន បានរកឃើញរោងចក្រនិងក្រុមហ៊ុន ចំនួន២៨ទីតាំងផ្សេងគ្នា ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដារ ពុំមានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ ក្នុងឆ្នាំ២០២៤-២០២៥។ រោងចក្រ និងក្រុមហ៊ុនទាំងអស់នោះ ស្ថិតនៅ ខេត្តប៉ៃលិន ចំនួន១ ទីតាំង ខេត្តកណ្តាល ចំនួន៣ទីតាំង រាជធានីភ្នំពេញ ចំនួន ៥ទីតាំង ខេត្តកំពង់ស្ពឺ ចំនួន៣ទីតាំង ខេត្តបាត់ដំបង ចំនួន ៣ទីតាំង ខេត្តព្រះសីហនុ ចំនួន ៩ទីតាំង ខេត្តកំពត ចំនួន១ទីតាំង និងខេត្តត្បូងឃ្មុំ ចំនួន៣ទីតាំង។

កន្លងមក ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ និងវិធានការបច្ចេកទេស ចំពោះរោងចក្រ និងក្រុមហ៊ុន ដែលបានប្រព្រឹត្តបទល្មើសបញ្ចេញសំណល់រាវ បំពុលតំបន់ទឹកសាធារណៈទាំងអស់នោះ ដើម្បីទប់ស្កាត់ការបំពុលតំបន់ទឹកសាធារណៈ ដែលជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន៧ ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសរួចរាល់។ ជាមួយគ្នានេះ រោងចក្រ សហគ្រាស និងក្រុមហ៊ុន ចំនួន ១៦ ទីតាំង នៅមិនទាន់បានអនុវត្ត និងកំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេស។

បើតាមការបញ្ជាក់ពីក្រសួងបរិស្ថាន រោងចក្រទាំង២៨ទីតាំង បានល្មើសនឹងបទដ្ឋានបច្ចេកទេសបរិស្ថាន ល្មើសនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ។ រោងចក្រទាំងនោះ មិនមានការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងមិនទាន់មានប្រព័ន្ធអាងប្រព្រឹត្តកម្មសំណល់រាវស្របតាមស្តង់ដា ដែលធានាលើការបញ្ចេញសំណល់រាវ មុនបញ្ចេញទៅក្រៅ។

មកទល់ចុងខែឧសភានេះ ក្រសួងបរិស្ថានអះអាងថា មានក្រុមហ៊ុនតែមួយប៉ុណ្ណោះ បានអនុវត្តច្បាប់តាមលិខិតបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន។ ឯរោងចក្រចំនួន១៧ អនុវត្តបានចំណុចមួយចំនួន និងកំពុងស្ថិតក្នុងនីតិវិធីតាមដាន នៃការត្រួតពិនិត្យការអនុវត្តច្បាប់ និងបញ្ជាកែប្រែពីក្រសួងបរិស្ថាន ស្របតាមនីតិវិធីច្បាប់ និងកាលបរិច្ឆេទកំណត់។

ចំណែករោងចក្រនិងក្រុមហ៊ុនចំនួន១៣ទៀត កំពុងរៀបចំឯកសារបញ្ជាកែប្រែ ដាក់ឱ្យអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងបញ្ឈប់ការបញ្ចេញសំណល់រាវ បំពុលដល់ប្រភពទឹកសាធារណៈ។

ជាមួយគ្នានេះក្រសួងបរិស្ថានអំពាវនាវ ដល់ម្ចាស់រោងចក្រនិងក្រុមហ៊ុនទាំងអស់ កុំបញ្ចេញសំណល់រាវ ដោយមិនមានប្រព័ន្ធចម្រោះទឹកកខ្វក់ត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថាន និងភាពសុខដុមរមនារបស់មនុស្ស និងធម្មជាតិ ជាពិសេសកិត្តិយសនិងសេចក្តីថ្លៃថ្នូរ របស់រោងចក្រ និងក្រុមហ៊ុននានា ដែលកំពុងអនុវត្តច្បាប់កម្ពុជា៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/Dw_I789SyP8