អនាគត​ស្តេច​ថៃ​ជាប់​រឿងអាស្រូវ​ពុក រលួយដោយសារ​ព្រះ​ជាយា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2014 ក+ ក-

​បាងកក​៖ យោងតាម​RFI បានសរសេរថា ព្រះ រាជវង្សានុវង្ស​ថៃ​កំពុងតែ​មានរឿង​អា​ស្រួ​វ​ស្អុយរលួយ យ៉ាងធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ នោះ​គឺ​ដោយសារម្ចាស់​ក្ស​ត្រី​ដែល ជា​ជាយា​របស់​ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន ព្រមទាំង​ក្រុមគ្រួសារ មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿងរ៉ាវ​ពុករលួយ ដែលមាន​ទឹកប្រាក់ ប្រមាណ​ជា ៣២០ លាន​ដុល្លារ​អាមេរិក​។ ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន ដែល​នឹង​ក្លាយជា​ស្តេច​ស្នង​រាជ​ពី មហាក្សត្រ​ថៃ​បច្ចុប្បន្ន មិនសូវ​ជាមាន​ប្រជាប្រិយភាព​ស្រាប់​ទៅហើយ ហើយ​ពេលនេះ បន្ថែម​រឿង​ព្រះ​ជាយា ប្រព្រឹត្ត​អំពើពុករលួយ​ទៀត​។​

RFI បាន​ផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា នេះ​ថា ម្ចាស់​ក្ស​ត្រី ស្រ៊ីរ​ស្ម៊ី ព្រះ​ជាយា​របស់​ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន អនាគត​មហាក្សត្រ​ថៃ កំពុង​ប្រឈមមុខ​ជាមួយ​រឿងអាស្រូវ​ពុករលួយ​ដ៏​ធំ​។ រឿងអាស្រូវ​បាន​លេច​ឮថា ព្រះអង្គម្ចាស់​ក្ស​ត្រី​អង្គ​នេះ ព្រមទាំង​ក្រុមគ្រួសារ​បាន​ប្រើ​គោរមងារ​ខ្លួន​ទៅ​ឃុបឃិត​រកស៊ី​ជួញដូរ​វត្ថុ​បូរាណ​ជាមួយ​ឈ្មួញ​។ ទឹកប្រាក់​ដែល​គេ​ប៉ាន់ស្មាន​ពី​ការឃុបឃិត​នេះ មាន​ប្រហែលជា ៣២០​លាន​ដុល្លារ​អាមេរិក​។ មាន​រូប​ព្រះ​ពុទ្ធបដិមា​ជាច្រើន​ពាន់​អង្គ ដែល​នគរបាល​ថៃ​រឹបអូស​បាន ហើយ​ធ្វើការ​ស្រាវជ្រាវ​ទៅ​ទើប​ធ្លាក់​ទៅដល់​ក្រុមគ្រួសារ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី ស្រ៊ីរ​ស្ម៊ី ។​

​ភ្លាមៗ​ក្រោយ​ហេតុការណ៍​នេះ ព្រះបរមរាជវាំង​ថៃ បានសម្រេច​ដក​ព្រះ​គោរមងារ​ជា​ក្រុមគ្រួសារ​ព្រះ​ញាតិវង្ស ចេញពី​ព្រះអង្គម្ចាស់​ក្ស​ត្រី ព្រមទាំង​ក្រុមគ្រួសារ​ទាំងអស់​។ សូមបញ្ជាក់ថា តាម​ធម្មតា ព្រះអង្គម្ចាស់​ក្ស​ត្រី​អង្គ​នេះ នឹង​ក្លាយជា​ព្រះមហាក្សត្រី​យា​នី ក្នុងពេល​ខាងមុខ បើសិនជា​ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន ឡើង​សោយរាជ្យ បន្ត​ពី​ព្រះអង្គ​ភូមិ​ប៊ុល អា​ឌុល​យ៉ា​ដេ​ជ ដែលមាន​ព្រះ​ជន្ន ៨៦ ព្រះវស្សារ​ទៅហើយ​។​

RFI បន្តថា កន្លងមក​មតិ​មហាជន​នៅ​ថៃ​ក៏ដូចជា​ក្នុង​ក្រុមគ្រួសារ​រាជវង្ស​ថៃ មិនសូវ​ជា​ពេញចិត្ត​ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន ឲ្យ​ឡើង​គ្រងរាជ្យ​ទេ ព្រោះថា​ព្រះអង្គម្ចាស់​នេះ មិនដែល​ចាប់អារម្មណ៍​ពី​កិច្ចការ​ប្រទេសជាតិ​ទេ តាំងពីដើម​មក​។ ព្រះអង្គ​យកតែ​សុខ​មួយ​អង្គឯង ក្នុង​ជីវភាព​យ៉ាង​ស្តុកស្តម្ភ ជាមួយ​ព្រះ​ជាយា​។ ប៉ុន្តែ​ដោយសារ​ព្រះ​អង្គជា​បុត្រា​ច្បង ទើប​រាជបល្ល័ង្គ​ត្រូវ​ធ្លាក់​ទៅលើ​ព្រះអង្គ​។​

RFI បន្តទៀតថា រឿងអាស្រូវ​ក្នុង​ពេលនេះ នឹង​រឹតតែ​ធ្វើ​ឲ្យ​ប្រជាប្រិយ ភាព​របស់​ព្រះអង្គម្ចាស់​ធ្លាក់ចុះ​បន្ថែមទៀត​។ តាម​ការសង្ស័យ​រឿងរ៉ាវ​ដល់​ថ្នាក់​នេះ​ទៅហើយ ព្រះអង្គម្ចាស់ នឹង​ធ្វើការ​លែងលះគ្នា ជាមួយ​ម្ចាស់​ក្ស​ត្រី​ស្រ៊ីរ​ស្ម៊ី​។ ចំណែក​បណ្តាញសារព័ត៌មាន​ក្នុង​ស្រុកថៃ​វិញ មិនសូវមាន​នរណា​ហ៊ាន​និយាយ​ពី​បញ្ហា​នេះ​ទេ ព្រោះ​គ្រប់គ្នា​ខ្លាច​គេ​ចោទថា មើលងាយ​ព្រះមហាក្សត្រ និង​ក្រុមគ្រួសារ​រាជវង្ស​៕

Untitled-1ព្រះអង្គម្ចាស់ វិ​ជ្ជ​រ៉ា ឡុងកន និង ព្រះ​មាតា ព្រះមហាក្សត្រី​យា​នី ស៊ី​រី​គីត នៅ​ក្រុង​បាងកក ​៖ REUTERS/