អ្នកសារព័ត៌មាន​ដើរតួនាទី​សំខាន់ ក្នុងការ​ប្រយុទ្ធប្រឆាំងអំពើពុក រលួយ នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2014 ក+ ក-

ភ្នំពេញ​: មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌ មានបាន​ស្នើសុំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជួយ​ពិនិត្យ​ពិចារណា អំពី​វិធានការ​គាំពារ​តាមផ្លូវ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​ចូលរួមចំណែក ដោយ​សុវត្ថិភាព ក្នុង​បេសកកម្ម ដ៏​លំបាក​ស្មុ​គ្រ​ស្មាញ សំដៅ​សាង​សង្គម​កម្ពុ​ជាមួយ មានការ​អភិវឌ្ឍ ក្រោម​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​ចីរភាព​។​

​ទាក់ទង​នឹង​កា​ស្នើ​នេះ កាលពី​រសៀល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៤​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានរៀបចំ​កម្មវិធី អបអរសាទរ ទិវា​ជាតិ និង​អន្តរជាតិ ៩ ធ្នូ ប្រយុទ្ធ ប្រឆាំង​អំពើពុករលួយ ក្រោម​មូលបទ “​តួនាទី​ដ៏​វិសេសវិសាល នៃ​អ្នកសារព័ត៌មាន ក្នុងការ​ប្រឆាំង​អំពើពុករលួយ​” នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​។​

លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ថ្លែងថា ប្រជាពលរដ្ឋ​ខ្មែរ មាន​ភាពស្មើគ្នា ចំពោះមុខ​ច្បាប់ មាន​សិទ្ធិសេរីភាព និង​ករណីយកិច្ច​ដូចគ្នា​ទាំងអស់ ដោយ​ឥត​ប្រកាន់ពូជសាសន៍ ។ សារព័ត៌មាន មាន​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដែល​ស្ថិតក្នុង​ការគ្រប់គ្រង របស់​រដ្ឋាភិបាល លើកលែងតែ​ព័ត៌មាន​ណា ដែល​បណ្តាល​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​ជាតិ និង​ទំនាក់ទំនង ជាមួយ​ប្រទេស​ដទៃ និង​មានការ​បំពាន លើ​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ​។

​លោក​បាន​បន្តថា ដើម្បី​ពង្រឹង​អភិបាលកិច្ច​ល្អ រាជរដ្ឋាភិបាល បាន​ប្តេជ្ញាចិត្ត​អនុវត្ត ដោយ​ដាច់ខាត​នូវ រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ ដែលមាន​រួមមាន ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ ជាដើម​។ ក្រសួង​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​គាំទ្រ​ទាំងស្រុង ចំពោះ​គោល ការណ៍ និង​វិធានការ​ស្នូល របស់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ ដោយ​ស្នើសុំ​អង្គភាព​ប្រឆាំង អំពើពុករលួយ ជួយ​ពិនិត្យ​ពិចារណា អំពី​វិធានការ​គាំពារ តាមផ្លូវ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព សម្រាប់​អ្នកសារព័ត៌មាន ក្នុងការ​ចូលរួម​ចំំ​ណែ​ក ដោយ​សុវត្ថិភាព ក្នុង​បេសកកម្ម ដ៏​លំបាក​ស្មុ​គ្រ​ស្មាញ​នេះ សំដៅ​សាង​សង្គម​កម្ពុជា មួយ​មានការ​អភិវឌ្ឍ ក្រោម​អភិបាលកិច្ច​ល្អ និង​នីតិរដ្ឋ ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​ចីរភាព​។​

​លោក​បាន​បញ្ជាក់ថាៈ “​សារព័ត៌មាន ជា​កញ្ចក់​ឆ្លុះបញ្ចាំង នូវ​គ្រប់​ទិដ្ឋភាព​ជាក់ស្តែង នៃ​ជីវិត​សង្គម រួមទាំង​របប​គ្រប់គ្រង​រដ្ឋ នៅក្នុង​ប្រទេស​នីមួយៗ ជា​សង្គម​ឱនថយ ឬ​រីក ចម្រើន​រុងរឿង ជឿនលឿន និង​ប្រយុទ្ធប្រឆាំង អំពើពុករលួយ​”​។

​ចំណែក លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង អំពើពុករលួយ បាន​មានប្រសាសន៍ថា អ្វីៗ​ផ្សេងទៀត ក៏​អាច​បាន​ជោគជ័យ​ដែរ ប្រសិនបើ​យើង​រួមគ្នា សាមគ្គី​គ្នា ពិតប្រាកដ ក្នុងការ​ពង្រឹង ទប់ស្កាត់ លុបបំបាត់ អំពើពុករលួយ​។ លទ្ធផល​ការប្រឆាំង អំពើពុករលួយ កន្លងមក ក៏ដូចជា ការងារ​ដ៏​ច្រើន ទៅមុខទៀត ពិតជា​មិនអាច​កាត់ផ្តាច់​បាន ពី​ការចូលរួមចំណែក ការគាំទ្រ​ដោយផ្ទាល់ និង​ដោយ​ប្រយោល ពី​សំណាក់​ដៃគូ និង​តួអង្គ​ដ៏​សំខាន់ មិនអាច​ខ្វះ​បាន​មួយទៀត គឺ​វិស័យ​សារព័ត៌មាន​។ វិស័យ​សារព័ត៌មាន កាន់តែ​ដើរតួ​សំខាន់ ជា​កញ្ចក់​មួយ​សម្រាប់ ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម ជា​អ្នក​អប់រំ​សង្គម ជា​អ្នក​ផ្សព្វផ្សាយ ផ្តល់ព័ត៌មាន ដល់​សង្គម និង​ជា​អ្នក​យល់ ដឹង​គ្រប់​វិស័យ រួមទាំង​ការចូលរួម និង​ជំរុញ​ដល់​សាធារណជន​ទូទៅ ឲ្យ​ប្រកាន់យក​នូវ​ទំលាប់​ល្អ គោរព​ច្បាប់ គោរព​ខ្លួនឯង និង​គោរព​អ្នកដទៃ ក៏ដូចជា​គោរព​នូវ​ភាព​ស្អាតស្អំ សុច្ចរិត ទៀងត្រង់ និង​ត្រឹមត្រូវ​។

​លោក​បាន​បន្តថាៈ “​នៅ​ឆ្នាំ​២០១៥ ខាងមុខនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ នឹង​បោសសំអាត​មន្ត្រី​ខ្មោច​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ សំដៅ​កាត់បន្ថយ​ភាព​អសកម្ម នៃ​ការគ្រប់គ្រង​មន្ត្រីរាជការ និង​បង្កើន​សមត្ថភាព​ការងារ​”​។

​លោក​បាន​ថ្លែងថាៈ “​អ្នកសារព័ត៌មាន បាន​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាំងពី​អង្គភាព​ប្រឆាំង អំពើពុករលួយ មិនទាន់បាន​បង្កើត​ម​ក​ម្ល៉េះ​។ “​អ្នកសារព័ត៌មាន បាន​បញ្ចេញ​អត្ថបទ​របស់ខ្លួន ក្នុងការ​ប្រយុទ្ធប្រឆាំង អំពើពុករលួយ យ៉ាងសកម្ម ក៏​ដូច​ពេលខាងមុខ និង​ពេល​បច្ចុប្បន្ននេះ​។ យើង​ជឿជាក់​លើ​អ្នកសារព័ត៌មាន យើង​សង្ឃឹម ថា សង្គម​យើង នឹងមាន​រស្មី​រុងរឿង​ថែមទៀត ប្រសិនបើ​កិច្ចសហប្រតិបត្តិការ របស់​យើង​ម្នាក់ៗ ជាមួយ​អ្នកសារព័ត៌មាន បាន​យ៉ាង​ជិតស្និទ្ធ​”៕CEN