​អាមេរិក​ផ្តល់ជំនួយ​ជាង​១​លាន​ដុល្លារសម្រាប់​សង់​​មជ្ឈមណ្ឌល ជាតិ​ផ្តល់​ឈាម​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2014 ក+ ក-

ភ្នំពេញ​៖ អាគារ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ថ្មី​មួយទៀត​នឹងត្រូវ​សាងសង់ ឡើង​នៅ​បរិវេណ​មន្ទីរពេទ្យ មិត្តភាព ខ្មែរ​-​សូ​វៀត នៅក្នុង​រាជ ធានី​ភ្នំពេញ ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ ១​លាន ៥​សែន​ដុល្លារ​អាមេរិក ដែល ជា​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​សហរដ្ឋអាមេរិក ។​

Untitled-1មន្ត្រី​សុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ ក្រោម​អធិបតីភាព​របស់លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ Jim Pasquarette មេបញ្ជាការរង​នៃ​កងទ័ពជើងគោក សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​។​

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម លោក​វេជ្ជបណ្ឌិត ហុក គីម​ចេង បាន​ឲ្យ​ដឹងថា ការសាងសង់​អាគារ​ថ្មី​នេះ គឺ​ស្ថិតក្រោម​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ សហរដ្ឋអាមេរិក ដែល​ផ្តល់​ថវិកា​ចំនួន ១​លាន ៥​សែន​ដុល្លារ តាមរយៈ​បញ្ជាការដ្ឋាន​កងទ័ព សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​។​
​លោក​ថា ការរៀប​ចំទាំង​បច្ចេកទេស ក៏មាន​ជំនួយ​ពី ជំនាញការ​ឯកទេស របស់​កាកបាទក្រហម អូស្ត្រាលី (ARC) អង្គការ​បង្ការ​របួស​ស្នាម សហរដ្ឋអាមេរិក (US CDC) និង​ជំនាញការ​នៃ កងវិស្វកម្ម សហរដ្ឋអាមេរិក (USACE)​។​

​អាគារ​ផ្តល់​ឈាម​ថ្មី​នេះ មាន​គ្រឹះ​សម្រាប់ ៦​ជាន់ តែ​សំណង់​នេះ គឺ​សាងសង់​ត្រឹមតែ ២​ជាន់​ប៉ុណ្ណោះ ដើម្បី​ធានា​នូវ​ដំណើរការ របស់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដោយ​ក្នុងនោះ រួមមាន កន្លែង​ស្តុក​ឈាម បន្ទប់​រង់ចាំ មន្ទីរពិសោធន៍ កន្លែង​ផលិត ផលិតផល​ឈាម ក៏ដូចជា បន្ទប់​សម្រាប់​ទទួល អំណោយ​ឈាម ដែល​អាចដាក់​គ្រែ រហូតដល់ ១៦ ជាដើម​។​បើតាម​គម្រោង​នឹង​បញ្ចប់​ការសាងសង់​របស់ខ្លួន នៅ​ចុងឆ្នាំ​២០១៥ ខាងមុខនេះ ហើយ​ក្រុមហ៊ុន​គីម​ម៉ិច ជា​អ្នកទទួល​ការសាងសង់​៕