ខេត្តកណ្តាល៖មានអំពើឃាតកម្មមួយបានបង្កឲ្យភ្ញាក់ផ្អើល ទាំងព្រឹកថ្ងៃទី២១ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល គ្រាដែលបុរសមានជំងឺសសៃប្រសាទប្រចាំកាយ៤ឆ្នាំម្នាក់ ពេលជំងឺធ្វើទុក្ខបានទៅទាញកាំបិតបុ័ងតោ មកចិញ្ច្រាំកាប់ម្តាយកំពុងសម្រាន នៅលើគ្រែបណ្តាលឲ្យ រងរបួសធ្ងន់ គួរឲ្យអាណិតយ៉ាងពន់ពេក។ ភ្លាមៗនោះ ពេលប្អូនប្រុសឃើញទ្រាំមិនបាន ក៏ចូលទៅជួយម្តាយយកដំបង វាយជនបង្កជាបងប្រុសរហូតដល់ស្លាប់។
នគរបាលបានឲ្យដឹងថា បុរសសសៃប្រសាទឈ្មោះ ហួត ហេង អាយុ៤៩ ឆ្នាំ និងស្ត្រីរងគ្រោះជាម្តាយឈ្មោះ ឃី ញ៉ អាយុ ៦៦ ឆ្នាំ និងមានប្តីឈ្មោះ គឹម ឡេងហ៊ួត អាយុ 75 រីឯជនដៃដល់ឈ្មោះ ហ៊ួត សំតិច អាយុ ២៦ ឆ្នាំ មុខរបរកម្មកររោងចក្រ ។
នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះនិងម្តាយនៅក្នុងផ្ទះជាមួយគ្នាចំណែកលោក តាជាប្តីស្ត្រីរងគ្រោះបានទៅហូបកាហ្វេបាត់ ក្រោយមកជនបង្ក បានទៅទាញកាំបុ័តោ១មកកាប់ម្តាយកំពុងតែសម្រាននៅលើគ្រែម្នាក់ឯង គឺកាប់ក្បាលខាងក្រោយ១កាំបិត ក១កាំបិត ដៃ១កាំបិត និងក្បាលពោះ១កាំបិត។ ពេលនោះ ប្អូនប្រុសឃើញដូច្នេះ បានស្ទះទៅជួយម្តាយដោយទាញបានដំបងឈើមួយដើមទៅវាយសំពងលើបងប្រុសបណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្តង។
បើយោងតាមសម្តីអ្នកជិតខាងបាននិយាយថា ជនរងគ្រោះស្លាប់នេះ គឺជាកូនបងបង្អស់ក្នុងចំណោមកូន១០នាក់ស្រីម្នាក់ ហើយគេមានជំងឺប្រចាំកាយ រយៈពេល៤ឆ្នាំមកហើយ ដោយកន្លងមកគេធ្លាប់ព្យាយាមសម្លាប់ ខ្លួនជាបន្តបន្ទាប់តែត្រូវក្រុមគ្រួសារជួយទាន់៕