​បង្ក្រាប​ឧក្រិដ្ឋជន​ចាប់ជំរិត​ជនជាតិ​ចិន​ផ្អើល​ផ្ទះសំណាក់​ដា​ល្លា​វ៉ាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ​ធ្វើការ​បង្ក្រាប និង​ចាប់ខ្លួន​ឧក្រិដ្ឋជន​ជនជាតិ​ចិន ចាប់ជំរិត​បានជា​បន្ត​បន្ទាប់​ព្រមទាំង​បាន​រំដោះ​ស្ត្រី​រងគ្រោះ​ពី​កណ្ដាប់ដៃ​ជន​ទាំងនោះ​ទៀតផង​។ ប្រតិបត្តិការ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦​ន ក្នុង​ទីតាំង​ដែល​ពួកគេ​លាក់ខ្លួន​និង​បង្ខាំង​ស្ត្រី​រងគ្រោះ​នៅផ្ទះ​សំណាក់​យីហោ ដា​ល្លា​វ៉ាន់ ស្ថិតក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​
​ឧក្រិដ្ឋជន​ដែលជា​ក្រុម​ចាប់ជំរិត ហើយ​ត្រូវបាន​សមត្ថកិច្ច​បង្ក្រាប​គឺ​ម្នាក់​ឈ្មោះ ទី យ៉ាក់​ពីង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ អ៊ឺ ឈឺ​សៀន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ពួកនេះ​គឺជា​អន្តោប្រវេសន៍​ជនជាតិ​ចិន​ឆ្លងដែន​ដោយ​ខុសច្បាប់ ស្នាក់នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ ឈី​ង ពីង​យ៊ី ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​ម៉ាស្សា ស្នាក់នៅ​ម្តុំ​បុរី​ញ៉ូ​ថោ​ន ជា​ជន​ជាតិចិន​ដូចគ្នា ហើយ​រវាង​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត និង​នារី​រងគ្រោះ គឺជា​មនុស្ស​ស្គាល់គ្នា ដោយសារតែ​ជនសង្ស័យ​គឺជា​ម៉ូយ​ដែល​ឧស្សាហ៍​ទៅ​ម៉ាស្សា ធ្វើ​ក្រចក និង​កាត់សក់​នៅក្នុង​ហាង​ដែល​នារី​រងគ្រោះ​ធ្វើការ ហើយ​ដោយសារតែ​នារី​រងគ្រោះ​មាន​រូប​សម្រស់​ស្រស់ស្អាត​ផង​នោះ ក្រុម​ជនសង្ស័យ​តែងតែ​លេង​ឆាត​ហៅ​នារី​រងគ្រោះ​ទៅ​ហូបបាយ និង​ដើរលេង​ជាមួយគ្នា​ញឹកញាប់​ថែម​ទៀតផង​។​
​លោក យឹម សារ៉ាន់ អធិការ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៣​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនសង្ស័យ​បាន​ហៅ​នារី​រងគ្រោះ​ពី​បូរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅ​ដើរលេង និង​ហូបបាយ​ជាមួយគ្នា បន្ទាប់មក​បាន​នាំទៅ​កាន់​ផ្ទះសំណាក់​យីហោ ដា​ល្លា​វ៉ាន់ ស្ថិតនៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែលជា​កន្លែង​បង្ខាំង​នាង​ទុក ។ លុះ​រហូតដល់​វេលា​ព្រឹក​ថ្ងៃ​ដដែល​នោះ​ពួកឧក្រិដ្ឋជន​បាន​ទូរស័ព្ទ​ទៅ​គំរាម​ថៅកែ​ហាង​ឲ្យ​ផ្ញើរ​លុយ​ឲ្យ​ពួកគេ​១​ម៉ឺន​ដុល្លារ​ជា​ថ្នូរ​នឹង​ការដោះលែង​នារី​រងគ្រោះ ព្រោះ​ពួកគេ​គឺជា​ក្រុម​ចាប់ជំរិត បើ​គ្មាន​លុយ​ឲ្យ​ទេ​នៅវេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែវិច្ឆិកា ពួកគេ​នឹង​សម្លាប់​នារី​រងគ្រោះ​ចោល​ភ្លាម​។​
​លោក យឹម សារ៉ាន់ បញ្ជាក់ថា ពេល​ទទួលបាន​ដំណឹង​ភ្លាម ថៅកែ​ហាង​ម៉ាស្សា​បាន​ទៅប្ដឹង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឲ្យ​ជួយ ទើប​ខាង​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា ព្រមទាំង​ទីកន្លែង​ដែល​ពួក​នោះ​លាក់ខ្លួន​និង​លាក់​នារី​រងគ្រោះ ។ បន្ទាប់ពី​កំណត់​បាន​មុខសញ្ញា​ហើយ កម្លាំង​ជំនាញ​បានធ្វើ​ការចរចា​ពន្យារ​ពេល​ជាមួយ​ជនសង្ស័យ​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ផ្លាស់ប្ដូរ​ពេលវេលា​ប្រគល់​លុយ​ពីថ្ងៃ​ត្រង់​ទៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល​វិញ ហើយ​ជនសង្ស័យ​តម្រូវ​ឲ្យ​ផ្ញើរ​លុយ​តាម​វី​ង ។ ក្រោយពី​ចរចា​ត្រូវរ៉ូវ​គ្នា​ហើយ សមត្ថកិច្ច​បានប្រកាស​ប្រាប់​គ្រប់កន្លែង​វី​ង​វេត​លុយ​ទូទាំង​ក្រុង​តាខ្មៅ​ថា បើ​មាន​ជន​ណា​មក​ដក​លុយ​តាម​លេខ​កូដ​ដែល​សមត្ថកិច្ច​បាន​ប្រាប់​នេះ​គឺ​ត្រូវ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម ព្រោះ​ជន​ដែល​មក​ដក​លុយ​នោះ​ជា​ជន​ចាប់ជំរិត​។​
​ក្រោយពេល​បង្ក្រាបបាន​ហើយ​ជនសង្ស័យ​ទាំង​២​ត្រូវបាន​សមត្ថកិច្ច​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​ឃុំខ្លួន និង​កសាង​សុំ​ណុំ​រឿង​ដើម្បី​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕

e99aa361-9885-4900-abaf-fd9ebe6e313f