ប្រធានរដ្ឋសភា​កម្ពុជាចូលរួម​មហា សន្និបាត​អន្តរ​សភា​អាស៊ាន (AIPA)នៅប្រទេសឡាវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2014 ក+ ក-

ភ្នំពេញ​៖ តប​តាម​ការអញ្ជើញ​របស់​ប្រធានរដ្ឋសភា​ឡាវ លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​រដ្ឋធានី​វៀង​ច័ន្ទ និង​ដើម្បី​ចូលរួម​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៣៥ ចាប់ពី​ថ្ងៃទី​១៣​ដល់​ថ្ងៃទី​១៧​ខែកញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ​។​
​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី​៨​កញ្ញា​នេះ​ថា គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​ប្រទេស​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​ដើម្បី​ចូលរួម​មហាសន្និបាត​អាយ​ប៉ា​(AIPA)​លើក​ទី​៣៥​។ ការចូលរួម​នេះ​តប​តាម​ការអញ្ជើញ​របស់លោក​ស្រី ប៉ានី យ៉ា​ថូ​ទូ​(Pany Yathotou) ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​ឡាវ​។
​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​នឹង​ជួប សវនាការ​សម្តែង​ការគួរសម​ជាមួយ​លោក ថង​ស៊ី​ង ថាំ​ម៉ា​វង្ស (Thongsing Thammavong) នាយករដ្ឋមន្ត្រី​ឡាវ ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោកស្រី​ប្រធានរដ្ឋសភា​ឡាវ និង​ចូលជួប សវនាការ​សម្តែង​ការគួរសម​ជាមួយ​លោក ជុំ ម៉ាលី សៃ​យ៉ា​សន (Choummal Sayasone) ប្រធាន​រដ្ឋ ឡាវ​ផងដែរ​។​

​បន្ទាប់ពី​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ និង​ជា​មិត្តភាព​រួចមក​លោក​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​នឹង​អញ្ជើញ​ចូលរួម​មហាសន្និបាត អាយ​ប៉ា ដែល​នឹង​បើក​ធ្វើជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកញ្ញា ឆ្នាំ ២០១៤​ក្រោម​អធិបតីភាព​លោកស្រី ប៉ានី យ៉ា​ថូ​ទូ ប្រធាន​អាយ​ប៉ា​លើក​ទី​៣៥ និង​ប្រធាន​រដ្ឋ សភា​ឡាវ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត​។​

​ក្នុង​មហាសន្និបាត​នេះ គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សំខាន់ៗ​មាន​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ អាយ​ប៉ា​អញ្ជើញ​ចូលរួម​ក្នុងជំនួប​សវនាការ​ជាមួយ​ប្រធានរដ្ឋសភា​នៃ​បណ្តា​ប្រទេស​ជា​សមាជិក អាយ​ប៉ា​ទាំង​១០​ប្រទេស គណៈប្រតិភូ​ប្រទេស​អ្នកសង្កេតការណ៍ អគ្គលេខា​ធិ ការ​អាយ​ប៉ា អគ្គលេខាធិការ​អាស៊ាន និង អគ្គលេខាធិការ IPU ផងដែរ​៕

Untitled-1           លោក ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​