ឯកអគ្គរដ្ឋទូតបារាំងនៅភ្នំពេញ ថា មិនលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋបារាំង ប្រចាំនៅកម្ពុជាថ្មី បានថ្លែងអោយដឹងក្នុងជំនួបពិភក្សាការងារជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាថា បារាំងនិងមិនលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយពីជំនួបពិភាក្សាការងារ និងសំដែងការគួរសមរវាង លោកជំទាវ អ៊ីវ៉ា ង្វៀង ប៊ីញ ឯកអគ្គរដ្ឋទូត និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រទេសបារាំងថ្មីប្រចាំងនៅកម្ពុជា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០១៧ នាវិមានព្រឹទ្ធសភាថា ប្រទេសបារាំងនឹងមិនលូកដៃចូលកិច្ចផ្ទៃក្នុងប្រទេសកម្ពុជា ជាពិសេស ដែលកើតមាននាពេលបច្ចុប្បន្ននេះ ។
លោកជំទាវបានលើកឡើងថា ក្នុងនាមប្រទេសបារាំងគ្រាន់តែចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំងការទូតដែលមានជាយូលង់ណាស់មកហើយអោយកាន់តែមានភាពរឹងមាំបន្ថែមទៀត។
អ្នកនាំពាក្សបាន បញ្ជាក់ថា លោកជំទាវ បានសន្យាថា ប្រទេសបារាំងគាំទ្រពេញទំហឹង ដល់ព្រឹទ្ធសភាកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់មន្ត្រីព្រឹទ្ធសភា និងនិស្សិតកម្ពុជា អោយបន្តការសិក្សា នៅប្រទេសបារាំង បន្ថែមទៀតក្រោយពីព្រឹទ្ធសភារៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងរៀបចំគណះកម្មាធិការនានា និងថ្នាក់ដឹកនាំព្រឹទ្ធសភារួចរាល់នៅឆ្នាំ ២០១៨ ព្រមទាំងផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំព្រឹទ្ធសភាកម្ពុជា និងថ្នាក់ព្រឹទ្ធសភាសាធារណរដ្ឋបារាំង ទៅវិញទៅមកនាពេលខាងមុខ។
ជាការឆ្លើយតប សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអបអរសាទរលោកជំទាវ អ៊ីវ៉ា ង្វៀង ប៊ីញ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងថ្លែងអំណរគុណ ដល់រដ្ឋាភិបាលបារាំងដែលបានធ្វើអោយប្រទេសទាំងពីរកម្ពុជា-បារាំងមានទំនាក់ទំនងកាន់តែល្អប្រសើរ ព្រមទាំងបានធ្វើទស្សនកិច្ច ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរទៅវិញទៅមកកាន់តែមានភាពស្អិតរមួតនាពេលកន្លងមក៕