ព្យុះ​ទី​ហ្វុ​ង​ដំរី​នៅ​ភាគខាងត្បូង​វៀតណាម​ផ្តាច់ជីវិត​មនុស្ស​កើន​ដល់​១០៦​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017

​វៀតណាម ៖ ព្យុះ​ទី​ហ្វុ​ង​ដំរី​បានសម្លាប់​មនុស្ស​កើន​ដល់​១០៦​នាក់​ខណៈដែល​អាង​ស្តុក​ទឹក​ដ៏​ច្រើនសន្ធឹក​សន្ធាប់​បាន​បញ្ចេញ​ទឹក​ស្រប​ពេលដែល​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ត្រូវ​រៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់​តំបន់​មួយ​។​
​គណៈកម្មាធិការ​ស្វែងរក​និង​ជួយសង្គ្រោះ​របស់​ប្រទេស​នេះ​បាន​និយាយថា គិត​ត្រឹម​ថ្ងៃ​ពុធ មនុស្ស​ចំនួន​១០៦​នាក់​ត្រូវបាន​គេ​ដឹងថា​ស្លាប់​ដោយសារតែ​ព្យុះ​ធំ​ទី​១២​ក្នុងឆ្នាំនេះ​ដែល​បាន​វាយប្រហារ​កាលពី​ថ្ងៃ​សៅរ៍​ហើយ​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​២៥​នាក់​បាត់​ខ្លួន​និង​១៩៧​នាក់​ទៀត​រងរបួស​។​
​អាជ្ញាធរ​បាន​និយាយថា កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា​ត្រូវបាន​ធ្វើឡើង​ដើម្បី​ចៀសវាង​ការ​ជន់​លិច​នៅ​ជុំវិញ​ទីក្រុង Danang ដែល​នឹង​ទទួល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump, លោក Xi Jinping នៃ​ប្រទេស​ចិន​និង​លោក Vladimir Putin របស់​រុស្ស៊ី​ក្នុងចំណោម​មេដឹកនាំ​អាស៊ី​ប៉ាស៊ីហ្វិក​ដទៃទៀត​នៅឯ​កិច្ចប្រជុំ​កំពូល​ក្នុង​សប្តាហ៍​នេះ​។​
​គណៈកម្មាធិការ​បង្ការ​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ទឹក​កំពុង​ត្រូវបាន​បញ្ចេញ​ពី​អាង​ស្តុក​ទឹក​យ៉ាងហោចណាស់​ចំនួន​៤៩​ដែលមាន​កម្រិត​គ្រោះថ្នាក់​។​ទឹកភ្លៀង​កម្ពស់​១,៧០០​មី​លី​ម៉ែត្រ​ត្រូវបាន​កត់ត្រា​នៅ​ស្ថានីយ​អាកាសធាតុ​មួយ​។​ភ្លៀង​ធ្លាក់​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​មុនពេល​ថយចុះ​វិញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​
​កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ដោយ​លោក Trump, Xi និង Putin នឹងចូលរួម​ជាមួយ​មេដឹកនាំ​ថ្នាក់​តំបន់​ផ្សេងទៀត​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​។​
​ទោះបីជា​យ៉ាងណាក៏ដោយ ភ្លៀង​មិនបាន​រំខាន​ដល់​កាលបរិច្ឆេទ​នៃ​ការជួបប្រជុំ​នេះ​ទេ​ប៉ុន្តែ​ប្តី​ប្រពន្ធ​របស់​មេដឹកនាំ​អាច​នឹងមិន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Hoi An ដែលជា​បេ​តិក​ភ័​ណ្ឌ​របស់​អង្គការ UNESCO បានទេ​ដែល​គ្រោងទុក​នៅ​ថ្ងៃ​សៅរ៍​៕