ប៉ូលិស​ដែល​ផ្ទុះអាវុធ​ពេល​បង្ក្រាប​ល្បែង​ជល់​មាន់​ធ្វើឱ្យ​ស្លាប់​មនុស្ស​អាច​ជាប់​គុក​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 January, 2018 ក+ ក-

​ភ្នំពេញ ៖ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៨​នេះ​បានបញ្ចប់​ការសាកសួរ​នគរបាល​ខណ្ឌ​ពោ​ធី៍​សែន​ជ័យ​ដែល​ផ្ទុះអាវុធ​ពេល​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​បណ្តាល​ឲ្យ​ចំ​បុរស​ម្នាក់​ស្លាប់​។​

​មន្ដ្រី​តុលាការ បាន​ថ្លែងថា ព្រះរាជអាជ្ញា សៀង សុខ បានសម្រេច​ចោទប្រកាន់​មន្ដ្រីនគរបាល​រូបនេះ ពីបទ «​មនុស្សឃាត​ដោយ​អ​ចេតនា​»​តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​បទចោទប្រកាន់​នេះ​អាច​នឹង​ប្រឈម​ការជាប់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​០៣​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ទៅ​៦​លាន​រៀល​។​

​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​អោយដឹងថា ក្រោយពី​បាន​ពិនិត្យ​ឯកសារ​សំណុំរឿង​សាកសួរ​ចម្លើយ​តាម​នីតិវិធី​និង​ពិនិត្យ​ភស្តុតាង​តំណាង​អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ពីបទ មនុស្សឃាត​ដោយ​អ​ចេតនា តាម​មាត្រា​២០៧​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​នៅ​ចំណុច​ក្រោយ​ផ្សា​រកា​ណា​ស៊ី​ធី​ដី​ឡូ​ត៌​គ្មាន​លេខ​ភូមិ​ចោមចៅ​២​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​គួរ​រំលឹក​ផងដែរ​ថាវ​មន្ត្រីនគរបាល​រូបនេះ មានឈ្មោះ ច​ន វិ​រៈ មាន​ឋានន្តរស័ក្តិ​អនុសេនីយ៍ត្រី​(​ស័ក្តិ​១) បម្រើ​ផ្នែក​អន្តរាគមន៍​នៃ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​ដល់​ស្នងការ​នគរបាល រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​ដោយ​ចាប់បញ្ជូន​មន្ត្រីនគរបាល​រូបនេះ​ដែលមាន​ការធ្វេសប្រហែស​បាញ់​បង្ក្រាប​នៅ​សង្វៀន​ជល់​មាន់​មួយកន្លែង ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ តែ​បាន​បណ្តាល​ឲ្យ​ត្រូវ​បុរស​ម្នាក់​ស្លាប់ ខណៈ​កំពុង​អើត​ពីលើ​បន្ទប់​ជួល​ជាន់​ទី​៣​មើល​ការចុះ​បង្ក្រាប​នេះ​។​

​បើទោះបី​មន្ត្រីនគរបាល​ដែល​បាន​បាញ់​បាន​កើតឡើង​នៅពេល​ចុះបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ហើយ​ទៅ​ចំ​ជនរងគ្រោះ​ស្លូតត្រង់​បណ្តាល​ឲ្យ​ស្លាប់​ដោយ​កំហុស​អ​ចេតនា យ៉ាងណាក៏ដោយ តែ​សម្រាប់​ការអនុវត្ត ច្បាប់​ត្រូវតែ​ធ្វើឡើង​ដើម្បី​ជាការ​ព្រមាន​ក៏ដូចជា​សារ​មួយ​ប្រាប់​ទៅគ្រប់​សមត្ថកិច្ច​ផ្សេង​ទៀតថា នៅពេល​ចុះ បំពេញបេសកកម្ម​ការ​ងារ​និង​ក្នុង​រង្វង់​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ត្រូវ​ប្រើប្រាស់​កាំភ្លើង​ដោយមាន​ប្រុងប្រយ័ត្ន មិនត្រូវ​ធ្វេសប្រហែស​នាំ​ឲ្យ​រងគ្រោះថ្នាក់​ដល់​ជនស្លូតត្រង់​នោះឡើយ ដូច​ករណីនេះ​ជា​ឧទាហរណ៍ ស្រាប់​៕​