ការ​ផ្សង​ប្រ​ថ្នូ​ល​គោ​ឧសភរាជ​ឆ្នាំនេះ ដំណាំ​ស្រូវ ពោត និង​សណ្តែក ទទួលបាន​ផល​ខ្ពស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 May, 2018 ក+ ក-

​ស្វាយរៀង ៖ ពិធី​ផ្សង​ប្រ​ថ្នូ​ល តាមរយៈ​ការបរិភោគ​អាហារ​របស់​គោ​ឧសភរាជ​បរិភោគ នៅក្នុង ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ បានឱ្យដឹងថា ទិន្នផល​ដំណាំ​ស្រូវ ពោត និង​សណ្តែក​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ខ្ពស់​។ នេះ​គឺជា​ការប្រកាស​របស់​ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ ដែល​បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទី​ព្រះ​ស្រែ ស្ថិត នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពស់​ខ្ពស់បំផុត​របស់ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ជាមួយគ្នានេះ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​ជាតិ ក៏បាន​អញ្ជើញ​ចូលរួម​ក្នុង​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នេះ​ផងដែរ ក្នុងនោះ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្តេច​ចៅ​វា​ហ្វា​វាំង វរវៀងជ័យ អធិបតី​ស្រឹង្គា​រ៍ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង និង​ជា​ប្រធាន​គណៈកម្មាធិការ ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ព្រះ​វត្តមាន និង​វត្តមាន​របស់​ព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ជា​សមាជិក​សមាជិការ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា​ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​កម្ពុជា ព្រមទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជាកសិករ​ជាច្រើន​ពាន់​នាក់​។​

​សម្រាប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅ​ឆ្នាំ​២០១៨​នេះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​តម្កល់​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ ឯកឧត្តម ហ៊ួ​ត ប៊ុន​ណា​រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជា​អ្នក​កាន់​នង្គ័ល​យោង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ច្រត់ព្រះនង្គ័ល​ជា ស្តេច​មាឃ និង​លោកជំទាវ ឈុន ណា​រី ជា​មេ​ហូ និង ឯកឧត្តម កុល ប៊ុនលី រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង ជា​អ្នក​កាន់​នង្គ័ល​ក្រោយ​។​

​សម្រាប់​ឆ្នាំ​ទិន្នផល​កសិកម្ម​នៅ​ឆ្នាំ​២០១៨​នេះ បើតាម ព្រហ្ម​ណ៍​ព្រះរាជ​គ្រូ បានប្រកាស​ឱ្យដឹងថា អាហារ​ទាំង ៧​មុខ ដែល​រួមមានៈ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និង​ស្រា ដែល​បាន​តំកល់​លើ​តុ​កណ្តាល​ទី​ព្រះ​ស្រែ ដើម្បីឱ្យ​គោ​ឧសភរាជ​បរិភោគ ដែលជា​កិច្ច​ផ្សង​ប្រ​ថ្នូ​លតា​ម​បវេណី​នោះ ឃើញថា អាហារ​តែ ៣ មុខ​ប៉ុណ្ណេះ ដែល​ត្រូវបាន​គោ​ឧសភរាជ​បរិភោគ រួមមាន​៖ ស្រូវ ពោត និង​សណ្តែក តាមរយៈ​នេះ បាន​បង្ហាញថា ដំណាំ​ស្រូវ​ឆ្នាំនេះ ទទួលបាន​ទិន្នផល​ល្អប្រសើរ រហូតដល់​ទៅ ៩៥% ដំណាំ​ពោត ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​រហូតដល់​ទៅ ៩៥% និង​ដំណាំ​សណ្តែក ក៏​ទទួលបាន​ទិន្នផល​ល្អប្រសើរ​ដូចគ្នា រហូតដល់​ទៅ ៨០%​។

​ជាមួយនឹង​ការប្រកាស​នូវ​លទ្ធផល​ផ្សង​ប្រផ្នូល​ដូច្នេះ អាច្ចារ្យ​ព្រហ្ម​ព្រ​លោហិត បាន​លើកឡើងថា នេះ​គឺជា​ការ​ផ្សង​ប្រផ្នូល​ទៅតាម​ទំនៀម​ទំលាប់​ព្រះរាជ​វេ​ណី នៃ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ដែលមាន​តាំងពី​បុរាណកាល​មក​ប៉ុណ្ណោះ ក៏ដូចជា​ការប្រកាស​ថា រដូវ​វប្បមង្គល​ចូលមក​ដល់​ហើយ​។ ដូច្នេះ​សូម​ប្រជាកសិករ ត្រៀមលក្ខណៈ​សម្បត្តិ​ប្រុងប្រៀប​រៀបចំ​ការងារ​ប​ង្ក បង្កើន​ផល ឲ្យ​បានទទួល​នូវ​ទិន្នផល​ខ្ពស់ ដើម្បី​លើកស្ទួយ​កម្រិត ជីវភាព​បានល្អ​ប្រពៃ​។​

​ស្ថិតក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះដែរ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហា ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ប្រោស​ព្រះរាជទាន នូវ​ព្រះ​រាជអំណោយ​ចំពោះ​ប្រជាកសិករ ចំនួន ១០០​នាក់ ដោយ​ក្នុងនោះ​បុរស ក្នុង​ម្នាក់ៗ ទទួលបាន មួក ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល និង​នារី ក្នុង ម្នាក់ៗ ទទួលបាន​ក្រមា ១ ខាវ​អាវ ១​ក​ម្លេ ស្បែកជើង ១​គូរ និង​ថវិកា ២០​មឺ​ន​រៀល​ដូចគ្នា​។ បន្ទាប់មក ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បួ​ង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គ បាន​សព្វ​ព្រះរាជ​ហរ​ទ័យ ស្តេចយាង​ទត ព្រះ​ពន្លា​តាំង​ពិ​ព័រ​ណ៌ ដែល​តាំង​បង្ហាញ ដោយ​បណ្តាល​ក្រសួង​នានា របស់​រាជរដ្ឋាភិបាល​ផងដែរ​៕