ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​៤​នាក់ តាម​បណ្តឹង វិវាទ​ដីធ្លី​របស់​ឧកញ៉ា តាន់ តា​ត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 May, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ក្នុងចំណោម ៦​នាក់ ត្រូវបាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​អោយ​ជាប់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ចោទ​ពីបទ «​ប្រើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​» ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៨​។​

​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន មាន​ចុះហត្ថលេខា និង​បោះត្រា លោក ឡូត ផា​រី ចៅក្រម​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង ខេត្ត​ព្រះសីហនុ ចុះ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៨ បានសម្រេច​៖

១– បញ្ជា​ជា​ឲ្យ​ភ្នាក់ងារ​មាន​សមត្ថកិច្ច នៃ​កម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ លុច ទូច ហៅ​ទូច ភេទ​ស្រី – ឈ្មោះ កៅ ហេង ហៅ​ចិក ភេទ​ប្រុស – ឈ្មោះ មែន ខេន ភេទ​ប្រុស និង​ឈ្មោះ ញ៉ា​ញ់ ជាតិ ភេទ​ប្រុស មាន​អាសយដ្ឋាន​នៅ​ក្រុម​៤ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។ ជន​ត្រូវ​ចោទ​ទាំង ៤​នាក់ ត្រូវ​តុលាការ​បង្គាប់ ឲ្យ​នាំខ្លួន​ទៅ​ដា​ក់នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដោយ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​នីតិវិធី​នៃ​ច្បាប់​។​

២– បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ទទួល​ជន​ត្រូវ​ចោទ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង ៤​នាក់ រហូតដល់​មាន​ដីកា​សម្រេច​ផ្សេង​ពីនេះ​។​
៣– បង្គាប់​ឲ្យ​ភ្នាក់ងារ​នៃ​កម្លាំង​សាធារណៈ​ទាំងអស់​នៅពេល​បានឃើញ​ដីកា​នេះ ត្រូវ​សហការ​អនុវត្ត​ឲ្យ​បានល្អ ក្នុងករណី​ចាំបាច់​។​

​សូមបញ្ជាក់ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃអាទិត្យ ទី​៦ ខែឧសភា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៦​នាក់ រស់នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​តាម​បណ្ដឹង​របស់លោក​ឧកញ៉ា តាន់ តា​ត់ អ្នកមាន​ទ្រព្យ​ដ៏​ល្បីល្បាញ ដែល​បាន​ប្តឹង​ចោទ​ពលរដ្ឋ​ទាំងនោះ​ពីបទ «​ប្រើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​»​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​ចំនួន ៦​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចាប់បញ្ជូន ជាមួយ​ការដាក់​ខ្នោះដៃ ទៅកាន់​សាលាដំបូង​ខេត្ត កាលពី​ថ្ងៃទី​៧ និង​ទី​៨ ខែឧសភា ឆ្នាំ​២០១៨​។ ពលរដ្ឋ​ទាំង ៦​នាក់ បន្ទាប់ពី​ត្រូវ​តុលាការ​សាកសួរ​រួច​នៅ​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ ៤​នាក់ ក្នុងចំណោម ៦​នាក់​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ នៅ​ល្ងាច​ថ្ងៃ​អង្កា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨​។​

​ប្រជាពលរដ្ឋ​ទាំង ៤​នាក់ ដែល​ត្រូវ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកាឃុំខ្លួន ដាក់​ក្នុង​ពន្ធនាគារ​បណ្តោះអាសន្ន ចាត់ទុក​ដីកា​បង្គាប់​នេះ​ថា មាន​ភាពអយុត្តិធម៌ បំផុត សម្រាប់​ពួកគាត់ ដែលជា​ម្ចាស់​ដី​ពិតប្រាកដ​។ ពួកគាត់ បាន​សំណូមពរ ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច ប៊ុន រ៉ានី ជួយ​រក​យុត្តិធម៌ ដោយ​អនុគ្រោះ​។​

​នៅក្នុង​សំណុំរឿង​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ កំពុង​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​តាមដាន​ឃ្លាំមើល​សំ​មើល​សំណុំរឿង​ដីធ្លី​នេះដែរ ពួកគេ​បាន សម្តែង​ការសោកស្តាយ យ៉ាងខ្លាំង នៅ​គ្រា​ដែល​ទទួលបាន​ព័ត៌មាន​មក​ថា លោក ឡូត ផា​រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់ពន្ធនាគារ ទៅតាម​បណ្តឹង របស់លោក​ឧកញ៉ា តាន់ តា​ត់ អ្នកមាន​ទ្រព្យ​ដ៏​ល្បីល្បាញ នៅ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​អង្គា​រ៍ ទី​៨ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ព្រះសីហនុ​ដ៏​ដែល​បាន​លើកឡើងថា លោក ឡូត ផា​រី ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពលរដ្ឋ​ក្រីក្រ​មានទំនាស់​ដីធ្លី​ចំនួន ៤​នាក់ ដាក់ពន្ធនាគារ មាន​ភាព​អ​យុ​ត្តិ​ធ៌​មណាស់​៕