ចំនួន​ពលរដ្ឋ​ដែល​សង្ស័យ​ពុល​ទឹក នៅ​ស្រុក​កែវ​សីមា​ឡើងដល់​ជាង​៣០​នាក់​ហើយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2018 ក+ ក-

​មណ្ឌល​គី​រី ៖
​គីត​ត្រឹម​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នេះ​មាន​ជនរងគ្រោះ​ដែល​សង្ស័យ​ពុល​ទឹក នៅ​ស្រុក​កែវ​សីមា បាន​កើនឡើង​ជាង​៣០​នាក់​ហើយ​។ នេះ​បើតាម​បញ្ជាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។

សូមបញ្ជាក់ថា ករណី​ពុល​ទឹក​នេះ​បានកើត​ឡើង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​១៤​នាក់ រង​នូវ​អាកា​រៈ​ក្អូ​ត​ចង្អោរ នៅ​ព្រឹក​នេះ​កើន​ឡើងដល់​ជាង​៣០​នាក់​។ ករណីនេះ​បានកើត​ឡង​នៅ​ភូមិ​ព្រះ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​
​តាម​ព័ត៌មាន​បឋម កាលពី​រសៀល​ថ្ងៃទី​៩ ខែឧសភា ម្សិលមិញ ក្នុងចំណោម​ពលរដ្ឋ​ទាំង​១៤​នាក់​នេះ មាន​ពលរដ្ឋ​៦​នាក់ មាន​អាការ​ធូរស្បើយ និង​៨​នាក់​ទៀត កំពុងធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នូល ខេត្តក្រចេះ​។ នេះ​បើ​សម្ដី​លោក ស៊ុន ប៊ុនធឿន អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដែល​ត្រូវបាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​មន្ទីរ​ព័ត៌មាន​ខេត្ត​មណ្ឌល​គី​រី​។​
​បើតាម​លោក​អភិបាលខេត្ត ក្រោយ​កើតរឿង​ហេតុនេះ​ភ្លាមៗ នៅ​ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច លោក​បាន​បញ្ជា​ផ្ទាល់​ទៅ ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ចាត់​កម្លាំង​នគរបាល​មូលដ្ឋាន និង​កម្លាំង​សមត្ថកិច្ច​ជំនាញ ចេញ​អន្ដរាគមន៍​ដើម្បី​បញ្ជូន​ពលរដ្ឋ​រងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​អាយុជីវិត​។​

សូមបញ្ជាក់ថា មកដល់ពេលនេះ ពលរដ្ឋ​រងគ្រោះ​ទាំង​១៤​នាក់​នោះ ក្រោយពី​មានការ​ជួយសង្គ្រោះ ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​នោះទេ ហើយ​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ មាន​អាកា​រៈ​ធូរស្បើយ​ដែល​អាច​ត្រលប់​ទៅ​គេហដ្ឋាន​បាន​វិញ​ហើយ នៅសល់​៨​នាក់​ទៀត កំពុងតែធ្វើការ​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​បង្អែក​ស្រុក​ស្នួល ខេត្តក្រចេះ​៕​