តុលាការ​សាកសួរ​បង​ប្រុស​លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​លើ​ស្ត្រី ចេ​វ សុ​វ​ឌ្ឍ​នា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2018 ក+ ក-

​ភ្នំពេញ ៖ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៨ នេះ សាកសួរ​លោក​ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​ត្រូវជា​បងប្រុស​បង្កើត​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​នារី ចេ​វ សុ​វ​ឌ្ឍ​នា ។ លទ្ធផល​នៃ​ការសាកសួរ​នេះ ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ​។​

​គួរ​បញ្ជាក់ថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក​ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង​បក្ខពួក​៣​នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ ។​

​លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងថា អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ​ឡាយ វណ្ណៈ និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ​លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។​

ជនសង្ស័យ​ត្រូវ​ចោទ​ទាំង​៤​នាក់ រួមមាន​ទី​១ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ​, ទី​២​លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក​ឡាយ វណ្ណៈ​, ទី​៣​ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក​ឡាយ វណ្ណៈ និង​ទី​៤​ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​ស្ត្រី​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា​។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ​។​

​លោក ឡាយ វណ្ណៈ អាយុ​៤៥​ឆ្នាំ និង​លោក ឡាយ ណា​រិ​ទ្ធ ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល​ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង ឈ្មោះ​ជឹម​វុ​ធ​ហៅ​ថូត​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ​ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ​សង្កាត់​រកា​ក្នុង​ក្រុង​ដូន​កែវ​ខេត្តតាកែវ​កាលពី​ថ្ងៃទី​២៦​ខែមករា​ឆ្នាំ​២០១៨​តាម​មាត្រា​៥៣២​នៃ​ក្រមព្រហ្មទណ្ឌ ។​

​យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ​បាន​ចែងថា មាត្រា​១៩៩ បទ​ឃាតកម្ម​អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា​ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ​ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា​២០០ (​បទ​ឃាតកម្ម​គិតទុក​ជាមុន​) ដល់​មាត្រា​២០៥ (​បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម​អំពើ​ឃោរឃៅ​ឬ​អំពើ​រំលោភ​សេពសន្ថវៈ​)​នៃ​ក្រម​នេះ គឺជា​ឃាតកម្ម​។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០(​ដប់​)​ឆ្នាំទៅ​១៥(​ដប់​ប្រាំ​)​ឆ្នាំ​។​

​មាត្រា​៥៣២​បទ​លាក់​បំបាំង​តម្រុយ​អំពើ​កែប្រែ​លុបបំបាត់​ឬ​លាក់​បំបាំង​តម្រុយ​ឬ​ស្លាកស្នាម​នៅលើ​ទីកនលែង​នៃ​បទឧក្រិដ្ឋ​ឬ​បទមជ្ឈិម​ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​១(​មួយ​)​ឆ្នាំទៅ​៣(​បី​)​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​២,០០០,០០០(​ពីរលាន​)​រៀល ទៅ​៦,០០០,០០០(​ប្រាំមួយ​លាន​)​រៀល​៕