តុលា​ការ ​សម្រេចឃុំខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​រូបបន្តទៀត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 May, 2018 ក+ ក-

​ភ្នំពេញ​៖ មន្ត្រី​តុលាការ ថ្លែង​ប្រាប់ថា លោក​ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នេះ​សម្រេច​ពន្យារពេល​នៃ​ការឃុំខ្លួន​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ពីរ​នាក់ ករណី​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើឱ្យ​អន្តរ​រាយ​ការការពារ​ជាតិ ។​

​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពី​ល្ងាច​ថ្ងៃ​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ សម្រេច​ឃុំខ្លួន​លោក អ៊ួ​ន ឈិន និង លោក យាង សុធា​រិន្ទ ហៅ​យាង​សុជា​មេត្តា ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ក្រោម​ការចោទប្រកាន់​ពីបទ ”​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាចធ្វើឱ្យ​អន្តរ​រាយ​ការការពារ​ជាតិ​” តាម​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ។​

​បទល្មើស​នេះ​ចែងថា “​បទ​ប្រគល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍ ដែល​អាចធ្វើឱ្យ​អន្តរ​រាយ​ការ​ការពារជាតិ អំពើ​ប្រគល់ ឬ​ធ្វើឱ្យ​ងាយស្រួល​ធ្លាក់​ដល់ដៃ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​វិធី វត្ថុ ឯកសារ ទិន្នន័យ​ព័ត៌មានវិទ្យា ឬ​ស​លាកប​ត្រ ដែល​អាចធ្វើឱ្យ​អន្តរាយ​ការការពារ​ជាតិ ត្រូវ​ផ្ដន្ទាទោស​ជាប់ពន្ធនាគារ​ពី ៧​ឆ្នាំទៅ​១៥​ឆ្នាំ​”​។​

គួររំលឹកថា លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា ជា​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ផ្ទះសំណាក់​យីហោ​”​ម៉ារ​ឌី​” ស្ថិតក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការឯកភាព​ពី​លោក អ៊ុ សុភ​ក្តី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ការឃាត់ខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​រក​ឃើញថា លោក អ៊ួ​ន ឈិន និង លោក យាង សុជា​មេត្តា លួច​ផលិត​អត្ថបទ​ព័ត៌មាន​បញ្ជូនទៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ជាទី​ស្នាក់ការ​របស់​វិទ្យុ​អាស៊ីសេរី ដោយ​រំលោភច្បាប់​កម្ពុជា ៕​