ក្រសួង​រ៉ែ ព្រមាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​រ៉ែ​ដែល​បំពាន​ច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2018 ក+ ក-

​ភ្នំពេញ ៖ ក្រសួង​រ៉ែ​និង​ថាមពល ប្រជុំ​ជាមួយ​ក្រុមហ៊ុន​ដែលមាន​ការងារ​ពា​ក៉​ព័ន្ធ​និង​រ៉ែ ដើម្បី​ពង្រឹង ការអនុវត្ត​ការប្រតិបត្តិ​ធនធាន​រ៉ែ បន្ទាប់ពី​មានការ​ប៉ះពាល់​បរិស្ថាន និង​សង្គម ដែល​សង្ស័យ អាច​កើតឡើង​ពី​សារធាតុពុល ដោយ​ការប្រើ​សារធាតុ​គីមី ពាក់ព័ន្ធ​និង​ការ រុករក​រ៉ែ​និង​អាជីវកម្ម​រ៉ែ ។​

​រដ្ឋមន្ត្រី ក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ព្រមាន​បញ្ចប់​អាជ្ញាប័ណ្ណ ចំពោះ​ក្រុមហ៊ុន​ណា​ដែល​អនុវត្ត​ការងារ​របស់ខ្លួន បាន​បំពាន​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​រ៉ែ​។​

​ការព្រមាន​នេះ​បាន​ធើ្វ​ឡើង​នៅក្នុង កិច្ចប្រជុំ​រវាង​ក្រសួង​រ៉ែ​និង​ថាមពល ជាមួយ​ក្រុមហ៊ុន ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ និង​ក្រុមហ៊ុន​អាជីវកម្ម​រ៉ែ កាលពី​ព្រឹក ថ្ងៃ​២៣ ខែឧសភា​២០១៨​។​

​លោក ស៊ុយ សែម មានប្រសាសន៍​បន្តថា ក្រុមហ៊ុន​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​រុករក​រ៉ែ ត្រូវគោរព​អាជ្ញាប័ណ្ណ​នោះ​ដែល​ក្រសួង​បានកំណត់​ទំហំ​ឲ្យ​រុករក​និង​រយៈពេល​អនុញ្ញាត​។ ប្រសិនបើ​ការរុករក​នោះ រកឃើញ​មាន​រ៉ែ​លោហៈ ដែល​ក្រុមហ៊ុន​ចង់​ធ្វើ​អាជីវកម្ម ត្រូវ​បញ្ចប់ អាជ្ញាប័ណ្ណ​រុករក​រ៉ែ ហើយ​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​វិញ​។ នៅពេល​ធ្វើ​អាជីវកម្ម ក៏ដូចជា​រុករក​រ៉ែ មិនត្រូវ​បញ្ចេញ​កាកសំណល់ ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន រួមមាន ទឹក ខ្យល់ ដី ជាដើម​។​

​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង ស័​ក្ត​ធារ៉ា មានប្រសាសន៍ថា ក្រសួង​រ៉ែ​និង​ថាមពល​មិន​បកស្រាយ​លើ​ការពុល ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រងគ្រោះ នៅ​ខេត្តក្រចេះ​និង​ខេត្តមណ្ឌលគិរី​ទេ ព្រោះ​មាន​ស្ថាប័ន និង​ក្រសួង ផ្សេងៗ​បាន​ផ្សព្វផ្សាយ រួច​អស់​ទៅហើយ​។ ក្រសួង​បន្ត​លុបបំបាត់​អាជីវកម្ម​រ៉ែ​អាណាធិបតេយ្យ ទាំង​ឯកជន និង​គ្រួសារ​។​

​លោក ម៉េង ស័​ក្ត​ធារ៉ា បាន​អាន​នូវ​ការណែនាំ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដែល​អនុវត្ត​ការងារ ធនធាន​រ៉ែ គួរ​ប្រតិបត្តិ​តាម​នូវ​ភារកិច្ច​ទទួលខុសត្រូវ សង្គម​និង បរិស្ថាន ដែលមាន​ចែង នៅក្នុង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ធនធាន​រ៉ែ អនុក្រឹត្យ និង​ប្រកាស​ផ្សេងៗ ផែនការ​កិច្ចសន្យា បរិស្ថាន បង្ការ​កុំ​ឲ្យ​ក្លាយទៅជា​បទល្មើស​ព្រ​ហ​ទណ្ឌ​។ ការប្រើប្រាស​ដីធ្លី​រុករក​រ៉ែ ក៏​ដូច អាជីវកម្ម​រ៉ែ កុំ​ឲ្យ​ប៉ះពាល់ ទ្រព្យ​ឯកជន​របស់​ប្រជាជន ឬ​របស់​រដ្ឋ និង​តំបន់​ការពារ​។ ការដឹក​ឥ​វ៉ាន់​ឬ​រ៉ែ​ចេញចូល​ការដ្ឋាន ត្រូវមាន​ការអនុញ្ញាត​ពី​ក្រសួង អាជ្ញាធរ​និង​សហគមន៍​ក្នុង​មូលដ្ឋាន​។ ការ​ទុកដាក់​កាកសំណល់​ផ្សេងៗ ហាម​លេច​ធ្លាយ​សារធាតុពុល មកលើ​ប្រភពទឹក ឬ​តំបន់​ប្រជាពលរដ្ឋ​រស់នៅ ត្រូវ​គ្រប់គ្រង​នៅក្នុង​ការដ្ឋាន​និង​ឲ្យ​ត្រូវ​តាម អាជ្ញាប័ណ្ណ​។ អាជ្ញាប័ណ្ណ​ដែល​ក្រសួង​រ៉ែ និង​ថាមពល បានចេញ​ឲ្យ​អនុវត្ត ត្រូវ​លើក​ប៉ាណូ ផ្សព្វផ្សាយ​ជា​សាធារណៈ មុននឹង​ក្រុមហ៊ុន​ចូលទៅ​អនុវត្ត​ការងារ ត្រូវគោរព​ទំហំ​ដី ជម្រៅ​ជាដើម​តាមច្បាប់​។​

​របាយការណ៍ ក្រសួង​រ៉ែ​និង​ថាមពល ឲ្យ​ដឹងថា ក្រុមហ៊ុន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​និង​រុករក​រ៉ែ បច្ចុប្បន្ន​មាន​២៥ ដែល​ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ ឲ្យ​អនុវត្ត​ការងារ​រ៉ែ​។ ក្រុមហ៊ុន​ដែល​មក​ចូលរួម​ប្រជុំ មានតែ​២៤​ទេ ក្រុមហ៊ុន​ដែល​មិន​បានមក​ប្រជុំ លោក​រដ្ឋមន្ត្រី ស្នើសុំ ឲ្យ​ទៅ​ទិ​ស្តី​ការ​ក្រសួង​រ៉ែ​និង​ថាមពល ដើម្បី​ទទួលយក​ការណែនាំ​បន្ថែម​៕