តារាភាពយន្ត​បូលីវូត ជនជាតិ​ឥណ្ឌា អំពាវនាវ​ឲ្យ​បង្កើន​ការគាំទ្រ​ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 May, 2018 ក+ ក-

​ឥណ្ឌា ៖ តារាភាពយន្ត​បូលីវូត និង​ជា​អគ្គរដ្ឋទូត​សុ​ច្ឆ័​ន្ទះ​អង្គការ​យូ​ណេ​សេ​ហ្វ UNICEF នាង ព្រី​យ៉ាន​កា​ចូ​ប្រា បាន​អំពាវនាវ​សុំ​ឲ្យ សហគម​ន៏​អន្តរជាតិ បង្កើន​ការគាំទ្រ ស្ត្រី​និង​កុមារ ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​បាន​ភៀសខ្លួន​ចូលទៅ​កាន់​ប្រទេស​បង់​ក្លា​ដេ​ស គេច​ចេញពី​ការ បង្ក្រាប​ដោយ​យោធា ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។

​តារាភាពយន្ត​ឥណ្ឌា នាង​ចូ​ប្រា ត្រូវបាន​គេ ស្គាល់ តាមរយៈ​ការសម្តែង​ភាពយន្ត​ជាច្រើន​រឿង បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌ មាន បន្ទាប់ពី ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់ ជំរុំ​ជនភៀសខ្លួន គូ​ទូ​បា​ឡុង បា​លូក​ហា​លី ក្នុង​តំបន់​ខុ​ក​បា​សា ប្រទេស​បង់​ក្លា​ដេ​ស​។

​តារាភាពយន្ត​ស្ត្រី​វ័យ​៣៥​ឆ្នាំ​រូបនេះ បាន​ជំរុញ ឲ្យ សហគម​ន៏ អន្តរជាតិ ដោះស្រាយ​បញ្ហា​កុមារ​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា ដែល​កំពុង​រស់នៅ​គ្មាន សិទ្ធ​ជា​មូលដ្ឋាន​ក្នុងការ​ទទួល​អាហារ ទឹកស្អាត ទីជម្រក ការសិក្សាអប់រំ និង​អនាម័យ​ឲ្យ បាន​សមរម្យ​។ ការឆ្លើយតប​របស់​យោធា ទៅនឹង​ការវាយប្រហារ​ដោយ​ក្រុម​ប៉ះ​បោ លើ ប៉ុ​ស្ត៏​ប៉ូលីស និង​មូលដ្ឋាន​កងទ័ព​មួយកន្លែង នៅ​រដ្ឋ​រ៉ា​ខា​ញ​ភាគ​ខាងជើង កាលពី​ខែសីហា ឆ្នាំ​កន្លងទៅ បាន​ជម្រុញ​ឲ្យ ជន​មូស្លីម រ៉ូ​ហ៊ី​ន​យ៉ា ជិត​៧​សែន​នាក់ ឆ្លងកាត់​ព្រំដែន ចូល ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស​ដែល​ភាគច្រើន កំពុង​ចោទប្រកាន់​កងកម្លាំង​សន្តិសុខ ពីបទ កាប់សម្លាប់ រំលោភ និង​ដុត​ផ្ទះ​នៅក្នុង​ភូមិ​។

​កាលពី​ខែ​មិនា អង្គការសហប្រជាជាតិ បាន អំពាវ​សុំ​ថវិកា ចំនួន ៩៥១​លាន​ដុល្លារ ដើម្បី​ជួយ ជនភៀសខ្លួន​រ៉ូ​ហ៊ី​ន​យ៉ា រយៈពេល​ពេញ មួយឆ្នាំ ប៉ុន្តែ​វា​នៅតែ តិចជាង​២០​ភាគរយ ដែល​បានផ្តល់​មូលនិធិ​៕