ជិះ​ម៉ូតូ​ប៉ះ​រទេះ​លក់​ដូង​ដួល​ត្រូវ​រថយន្ត​ទួរីស​មកពី​ក្រោយ​កិន​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2014 ក+ ក-

ភ្នំពេញ​៖ បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ក្រោយពី​ជួប​គ្រោះថ្នាក់ ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត​ទួរីស​មួយគ្រឿង​ទៀត កាលពី​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៤ ស្ថិត​នៅមុខ​ផ្សារ​សុ​វណ្ណា តាមផ្លូវ​លេខ​២៧១ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

ប្រ​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​អ្នកបើក​ម៉ូតូ​ម្នាក់ កំពុងធ្វើដំណើរ​តាមផ្លូវ​លេខ​២៧១ លុះ​មកដល់​មុខ​ផ្សារ​សុ​វណ្ណា​ស្រាប់តែ​ទាក់​ដៃចង្កូត នឹង​រទេះដឹក​ផ្លែ​ដូង​ក៏​ដួល​ចូល​រថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា ប្រភេទ​១២​កៅអី​ដឹកទំនិញ​មក​បុក​ពីក្រោយ​និង​កិន​បណ្ដា​យ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​នោះបាន​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​។ ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​សេ​១២៥ ពណ៌​ក្រហម សេរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ កណ្តាល 1K-1690​។​

ក្រោយពី​កើតហេតុ ម៉ូតូ​និង​រថយន្ត​ទួរីស​សមត្ថកិច្ច​នាំយកទៅរ​ក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។​

ជនរងគ្រោះ​ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យរុស្ស៊ី​នៅក្បែរនោះ ប៉ុន្តែ​ដោយ​របួស​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​ក៏​ស្លាប់​តែម្តង ហើយ​នៅ​កន្លែងកើតហេតុ​ធ្វើ​ឲ្យ​មានការ​កក ស្ទះចរាចរណ៍​យ៉ាងខ្លាំង​ផងដែរ​៕