រាជបណ្ឌិត្យសភាកម្ពុជា រៀបចំ​វេទិកា​តុមូល​ឲ្យ​គណបក្ស​នានា​បង្ហាញ​ពី​គោលនយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2018 ក+ ក-

​ភ្នំពេញ ៖ រាជបណ្ឌិត្យសភាកម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា នេះ​បានរៀបចំ​ឱ្យមាន​វេទិការ​តុមូល សម្រាប់​អ្នកនយោបាយ ពិភាក្សាគ្នា និង​បង្ហាញ​អំពី កម្មវិធី​នយោបាយ​របស់​គណបក្ស​ដែលមាន​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ​។​

​នៅក្រោយ​កិច្ចពិភាក្សា​នោះ លោក បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា បាន​មានប្រសាសន៍​ឱ្យដឹងថា ការរៀបចំ​ឱ្យមាន​កិច្ចពិភាក្សា របស់​គណបក្សនយោបាយ​នៅថ្ងៃនេះ គឺ​ចង់ឱ្យ​គណបក្សនយោបាយ​ទាំងអស់ បង្ហាញ​នូវ​ទស្សនវិស័យ ដែលជា​គោលនយោបាយ​របស់ខ្លួន បង្ហាញ​ដល់​ម្ចាស់ឆ្នោត ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​គាត់​ផ្តល់នូវ​ជំនឿ​ចិត្ត ថា​អាច​នឹង​ដឹកនាំ​ប្រទេស​បាន នៅពេលដែល ជាប់ឆ្នោត​។​

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សា​ពេញ​មួយ​ថ្ងៃនេះ រាជបណ្ឌិតសភា​កម្ពុជា បាន​អញ្ជើញ​គណបក្សនយោបាយ​ចំនួន​២០ ដែលមាន​ឈ្មោះ​នៅក្នុង​បញ្ជី គ​.​ជ​.​ប​. ប៉ុន្តែ​មាន​គណបក្សនយោបាយ​ចំនួន​២ ដែល​មិនបាន​ចូលរួម​គឺ គណបក្ស​ខ្មែរ​ឈប់​ក្រ និង​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​។

សូមជម្រាប់ថា ​ព្រឹកមិញ​នេះ មាន​គណបក្សនយោបាយ​ចំនួន​៩​ចូលរួម និង​ល​ឲ​ពេល​ល្ងាច​ថ្ងៃ​ដដែល​នេះ នឹងមាន​គណបក្សនយោបាយ​ចំនួន​៩​ទៀត​នឹង​ចូលមក​ពិភាក្សា​។ ដោយឡែក​ចាប់ពី​ថ្ងៃស្អែក​ទៅ ក្នុង​១​ថ្ងៃ​នឹងមាន​គណបក្ស ចំនួន​២ នឹង​មក​ពិភាក្សា​ជា​បន្តបន្ទាប់​៕