លោក សុខ ទូច ៖ ឡាវ​ប្ដឹង​កម្ពុជា​ទៅ​តុលាការអន្តរជាតិ​រឿង​ព្រំដែន​ចំណុច​អូរ​តា​ង៉ាវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 May, 2018 ក+ ក-

​ភ្នំពេញ ៖ ប្រធាន​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​លើកឡើងថា ភាគី​ឡាវ​បានដាក់​ពាក្យ​ប្ដឹង​កម្ពុជា ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ទីក្រុង​ឡាអេ ទាក់ទិន​បញ្ហា​ព្រំដែន ខេត្តស្ទឹងត្រែង ចំណុច​អូរ​តា​ង៉ាវ​។ នេះ​បើតាម​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៨​។​

​វិទ្យុ​អាស៊ីសេរី​រាយការណ៍​ថា លោក​ថ្លែង​បែបនេះ ក្នុង​វេទិកា​តុមូល ស្ដីពី​គោលនយោបាយ​របស់​គណ​បក្ស​ទាំងអស់​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោតជាតិ នៅ​រសៀល​ថ្ងៃទី​២៨ ឧសភា នៅ​រាជបណ្ឌិតសភា​កម្ពុជា​។​
​លោក សុខ ទូច ថា លោក​បាន​ត្រៀម​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន និង​មាន​ផែនទី ១៣​ផ្ទាំង រួមទាំង​ការស្រាវជ្រាវ​របស់លោក​ផ្ទាល់​ផង ត្រៀម​តតាំង​ផ្នែក​ច្បាប់​ជាមួយ​ភាគី​ឡាវ​។

​កាលពីដើម​ខែសីហា ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​បញ្ចេញ​កងទ័ព​ទៅកាន់​តំបន់​ព្រំដែន​នៃ​ខេត្តស្ទឹងត្រែង និង​ទុកពេល​ឲ្យ​ឡាវ ដកទ័ព​ចេញ​ក្នុង​រយៈពេល ៦​ថ្ងៃ​។ ក្រោយពី​លោក ហ៊ុន សែន ព្រមាន​រួច លោកនាយក​រដ្ឋមន្ត្រី​ឡាវ លោក ថង​លួ​ន ស៊ី​ស៊ូ​លី​ត បាន​ឯកភាព​ដក​កងទ័ពរ​បស់​ខ្លួន​ឲ្យ​អស់​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ ២០១៧​។

​កាលពីដើម ឆ្នាំ​២០១៧ ទាហាន​ឡាវ ប្រដាប់​ដោយ​អាវុធ​រាប់រយ​នាក់​បាន​សង់​លេណដ្ឋាន​នៅលើ​កោះ​ឫស្សី ចំណុច​អូរ​តា​ងាវ និង​អូរ​អាឡៃ នៃ​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ប្រហែល​ជាង ១​ខែ បំណង​គ្រប់គ្រង​ដី​នៅ​តំបន់​នោះ ខណៈ​សក្ដានុពល​ធនធាន​ធម្មជាតិ​ទីនោះ​សំបូរ​រ៉ែ​មាស និង​រ៉ែ​ត្បូង​។ លើសពីនេះ យោធា​ឡាវ បាន​ព្យាយាម​រារាំង​កងកម្លាំង​វិស្វកម្ម​របស់​កម្ពុជា មិន​ឲ្យ​ស្ថាបនា​ផ្លូវ​ខ្សែក្រវាត់​ព្រំដែន​នៅ​តំបន់​នោះ​។

​ប្រទេស​កម្ពុជា មាន​ព្រំដែន​គោក​ជាប់​ជាមួយ​ប្រទេស​ឡាវ ប្រវែង ៥៤០​គីឡូម៉ែត្រ ក្នុងនោះ​មាន​បង្គោល​ព្រំដែន​ដែល​ត្រូវ​បោះ​ចំនួន ១៤៥​បង្គោល​។ បច្ចុប្បន្ន រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​បោះបង្គោល​រួច​ចំនួន ១២១​បង្គោល ដែល​ស្មើ​ប្រមាណ ៨៤​ភាគរយ​។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹងថា ចំណុច​ដែល​សេសសល់​មិនទាន់​បោះ​រួច គឺ​ឋិត​ក្នុង​ខែត្រ​ព្រះវិហារ និង​ខែត្រ​ស្ទឹងត្រែង​៕

(​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥) RFA​