ពលករ​ខ្មែរ​ឈ្លោះ​វាយ​គ្នា​ស្លាប់​ម្នា​ក់នៅ​ ​ខេត្ត​ឈុន​បុរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

ប្រទេស​ថៃ ៖ ជនរងគ្រោះ​ម្នាក់​ដែលជា​កម្មករ​ខ្មែរ​ធ្វើការ​នៅក្នុង​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ បាន​ស្លាប់​ភ្លាមៗ​ក្រោយពី​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ខណៈដែល​ជនរងគ្រោះ​រូបនេះ កំពុង​អង្គុយ​ធ្វើការ​សុខៗ ស្រាប់​តែមាន​ជនជាតិខ្មែរ​ដូចគ្នា បាន​លប​វាយ​នឹង​ដំបង​ឈើ​ជ្រុង​ចំក្បាល​ពីក្រោយ ព្រមទាំង​បាន​វាយ​បន្ថែម​ទើប​រត់គេចខ្លួន​។​

​ហេតុការណ៍​ដែល​យើង​ទទួលបាន​ពី​សារព័ត៌មាន​ថៃ​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង ១២ ថ្ងៃត្រង់ នៅត្រង់ចំណុច​ទីតាំង​កន្លែង បាញ់ថ្នាំ​រថយន្ត មួយកន្លែង លេខ ១៩/១ ស្ថិត​ក្នុងភូមិ​១ ឃុំ​ណង​រី ស្រុក​មឿង ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ។ ជនរងគ្រោះ​មានឈ្មោះ វ៉ា គឹម​សេង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប៉ុន្តែ​គេ​មិនទាន់​ដឹងថា ជនរងគ្រោះ​រស់នៅក្នុង​ខេត្ត​ណា នៃ​ប្រទេស​កម្ពុជា នោះឡើយ ។

​បើតាម​ការអះអាង​ពីសា​ក្សី​ឈ្មោះ ស៊ុ សក្តិ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជា​ជនជាតិ​ថៃ ធ្វើការ​នៅ​កន្លែង​ជាមួយគ្នា បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​ជនរងគ្រោះ កំពុង​អង្គុយ​ធ្វើការ​ជាធម្មតា ឯ​ខ្លួន​ក៏​នៅ​ធ្វើ​ការមិន​ឆ្ងាយ​ពីគ្នា​ប៉ុន្មាន​ដែរ ។ ភ្លាមៗ​នោះ ក៏​ស្រាប់តែ​ឮ​ដូចជា​សម្លេង​គេ​វ៉ៃ​មនុស្ស លុះ​ពេល​ក្រលេក​មើលទៅ​ម្តងទៀត គឺ​ឃើញ ជនរងគ្រោះ​ដួល​ដេក​ទៅលើ​ដី ពោរពេញ​ដោយ​ឈាម​ទៅហើយ ហើយ​នៅ​ពីក្រោយ​ខ្នង ឃើញ​ឈ្មោះ ផេ​ក លៀប ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ត្រូវជា​ក្មួយ កំពុង​ឈរ​កាន់ដំបង​ឈើ​ជ្រុង​វាយ​បន្ថែមទៀត ទើប​ខ្លួន​បាន​លោត​ទៅ​ស្រែ​ឃាត់ ហើយ​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួនបាត់​តែម្តង ។​

​ដោយឡែក​អ្នកស្រី ថុ​ន​ឌី សកល អាយុ​៣៧​ឆ្នាំ ជា​ថៅកែ​នៅ​កន្លែងកើតហេតុ​នេះ បានលើកឡើង និង​សរសើរ​ថា ជនសង្ស័យ​ខាងលើ គេ​គឺជា​មនុស្ស​រាបសា​រណាស់ ដោយ​មិនដែល​ចេះ​កោងកាច​ដាក់​អ្នកណាម្នាក់​ឡើយ ដោយ​គ្រាន់តែ​កន្លងមក គេ​ធ្លាប់មាន​រោគ​សរសៃប្រសាទ​ហើយ​សង្ស័យថា អាច​ខាន​លេបថ្នាំ​យូរពេក​ទើប​រោគសញ្ញា​នេះ​រើ​ឡើងវិញ ។

​បន្ទាប់មក ក្រុម​តម្រួត​ថៃ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ឈុន​បុរី ព្រមទាំង​បាន​ជួយ​ធ្វើ​ចលនា​បេះដូង​ផង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​មិនទាន់បាន​ទៅដល់​មន្ទីរពេទ្យ​ផង ។ ឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ថៃ តាម​ប្រមាញ់​នឹង​ចាប់ខ្លួនបាន​នៅត្រង់ចំណុច​ឃុំ​បាង​ប្លា​សយ ក្នុងស្រុក​មឿង និង​បាន​នាំយកទៅ​សាកសួរ​បន្ត​តាមច្បាប់ ៕​