អាជីវកម្ម​ខ្នាតតូច និង​មធ្យម​គួរ​សម្រប​ខ្លួន​ទៅនឹង​សេដ្ឋកិច្ច​ឌីជីថល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ភ្នំពេញ ៖ ខណៈដែល​ប្រទេស​កម្ពុជា​កំពុង​វិ​វត្ត​ន៌​ខ្លួន​ទៅកាន់​សេដ្ឋកិច្ច​បែប​ឌីជីថល នា​ឆ្នាំ​២០២៣​ខាងមុខនេះ វិស័យ​ឯកជន​ដែលជា​ឆ្អឹងខ្នង​ដ៏​សំខាន់​នៃ​កំណើនសេដ្ឋកិច្ច​ក៏​ត្រូវតែ​ចាប់ផ្តើម​ផ្លាស់ប្តូរ​បរិបទ​ជា​បណ្តើរៗ​ពី​ការធ្វើ​អាជីវកម្ម​បែប​ប្រពៃណី ទៅកាន់​ការធ្វើ​អាជីវកម្ម​បែប​ទំនើប ទើប​អាច​តាម​ទាន់​ទីផ្សារ​ប្រកួតប្រជែង​។​

​នាពេល​បច្ចុប្បន្ន តំបន់​អាស៊ាន បាន​ឈាន​មកដល់​ដំណាក់កាល​បដិវត្ត​ន៌​នៃ​ឧស្សាហកម្ម​ទី​៤ ដែល​កំពុង​វិ​វត្ត​ន៌​យ៉ាងខ្លាំង​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ទាំង​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ការបំពេញ​កិច្ចការ​នានា ជាពិសេស អាស៊ាន ក៏​កំពុង​ឈានទៅរក​សេដ្ឋកិច្ច​បែប​ថ្មី​មួយ គឺ​សេដ្ឋកិច្ច​បែប​ឌីជីថល ដែល​តម្រូវអោយ​ប្រទេស​ជា​សមាជិក​ទាំង​១០ ត្រូវ​ពង្រឹងសមត្ថភាព​ដើម្បីអោយ​ដំណើរការ​នេះ​មាន​ភាពស៊ីសង្វាក់​គ្នា​ទៅនឹង​ស្ថានភាព​សេដ្ឋកិច្ច​ជាក់ស្តែង របស់​ប្រទេស​នីមួយៗ​។

​ទន្ទឹមនេះ ប្រទេស​កម្ពុជា ក៏​កំពុង​រៀបចំខ្លួន​ដើម្បី​ប្រែក្លាយ​ទៅក្នុង​សេដ្ឋកិច្ច​បែប​ឌីជីថល​នេះដែរ នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ​ដែរ ជាក់ស្តែង​តាមរយៈ​វេទិកា​សេដ្ឋកិច្ចពិភពលោក ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ កាលពី​ឆ្នាំ​២០១៧ រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ​យ៉ាងខ្លាំង អោយ​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ត្រូវ​ពង្រឹង​នូវ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ទំនើប ដើម្បី​តាម​អោយទាន់ ទៅនឹង​ការវិវត្ត​ន៌​របស់​ពិភពលោក​។ ប៉ុន្តែ​រហូតមកដល់​ឆ្នាំ​២០១៨​នេះ ក្នុង​វិស័យ​ឯកជន សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា​ភាគច្រើន នៅ​ពុំទាន់​មានការ​ប្រើប្រាស់ ប្រព័ន្ធ​អាជីវកម្ម​បែប​ទំនើប រឺ​ហៅថា បែប​ឌីជីថល អោយបាន​ទូលំទូលាយ​នៅឡើយ ខណៈដែល​សហគ្រាស​ធំៗ​ជាច្រើន កំពុង​ប្រើប្រាស់ ប្រព័ន្ធ​អាជីវកម្ម ទាំង​បែប​ប្រពៃណី និង​បែប​ឌីជីថល ។ លោក យ៉​ន សុភា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​ជានា​យក​គ្របគ្រង​គេហទំព័រ​ពាណិជ្ជកម្ម Bizkhmer យល់ឃើញថា ផ្អែកលើ​ស្ថានភាព​សេដ្ឋកិច្ច របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ម្ចាស់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម គួរ​ចាប់ផ្តើម ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​តាមបែប​ទំនើប រឺ​ហៅថា Digital Marketing ដើម្បី ត្រៀម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​បែប​ឌីជីថល​។ ជាពិសេស ការប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​តាមបែប​ទំនើប គឺ​មិន​ចំណាយ​ថវិកា​ច្រើន ដូច​ការប្រើ​យុទ្ធសាស្ត្រ​ទីផ្សារ​បែប​ប្រពៃណី​នោះទេ​។

​ទន្ទឹមនេះ លោក មើលឃើញថា ដោយសារ​បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ប្រហែល​ពាក់កណ្តាល​នៃ​ចំនួន​សរុប ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដូចនេះ​បើសិនជា​ម្ចាស់​អាជីវកម្ម ចេះ​ប្រើប្រាស់​បណ្តាញ​សង្គម បូកផ្សំ​ជាមួយ​យុទ្ធសាស្ត្រ​ទីផ្សារ​ទំនើប​អោយបាន​ត្រឹមត្រូវ នឹង​ធ្វើអោយ​ផលិតផល និង​ម៉ាក​យីហោ​របស់​អាជីវក​ម្មកា​ន់​តែ​រីកចម្រើន ៖៖៖ (​សម្ភាស​ន៌ លោក យ៉​ន សុភា​រិ​ទ្ធ សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច និង​ជានា​យក​គ្របគ្រង​គេហទំព័រ​ពាណិជ្ជកម្ម Bizkhmer ) គួរ​បញ្ជាក់ថា សហគ្រាស​ធុន​តូច និង មធ្យម មាន​ចំនួន​ប្រមាណ​៩០​ភាគរយ នៃ​ចំនួន​សហគ្រាស​សរុប​នៅ​កម្ពុជា​។