សង្គម​ហ្វេ​ស​ប៊ុ​ក​វាយប្រហារ​ព្រោងព្រាត ក្រោយ​ដោះលែង​អន្ទិត ស្រិល វណ្ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2018 ក+ ក-

ប៉ោយប៉ែត ៖ បន្ទាប់ពី​ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្តភ្នំ​បាក់​លើ ព្រះនាម ស្រិល វណ្ណា​ហៅ អៀម វណ្ណា និង​ត្រូវបាន​នាំខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ការពារ​សុវត្ថិភាព​បញ្ញចៀ​ស​ហិង្សា​បាន​ប៉ុន្មាន​ម៉ោង​រួចមក សមត្ថកិច្ច​បានអនុញ្ញាត​ឲ្យ​អន្ទិត​រូបនេះ​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ នា​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ថ្ងៃ​ដែល​បាន​ចាប់​ផ្សឹក​។​ ​ភ្លាមៗនោះ នៅលើបណ្តាញសង្គមហ្វេសប៊ុក គេឃើញមានការបង្ហោះព្រោងព្រាតពាក់ព័ន្ធនឹង រឿងនេះ ដែលភាគច្រើន ជាមតិរិះគន់។

​លោក សិទ្ធ ឡោះ ស្នងការ​ងរ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ​បញ្ជាក់ថា ចៅអធិការ​វត្តភ្នំ​បាក់​លើ និង​ជា​អនុគណៈ​ក្រុង​សិរីសោភ័ណ​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ដែល​កម្លាំង​នគរបាល​ខេត្តបន្ទាយមានជ័យ​ដឹក​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិនមែន​ឃាត់ខ្លួន​នោះទេ​គឺ​ដឹក​គាត់​ចេញពី​ហ្វូងមនុស្ស​ដែល​ចង់​ប្រើ​ហិង្សា​នៅក្បែរ​ព្រះវិហារ​ជា​កន្លែង​ផ្សឹក ហើយ​មកដល់ពេលនេះ​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ត្រូវបាន​ប្រគល់ជូន​មន្ទីរ​ធម្មការ​និង​សាសនា​ឲ្យ​ត្រឡប់​ទៅវិញ​ដើម្បី​ទៅពិនិត្យ​សម្ភារៈ​ក្នុង​កុដិ​វត្តភ្នំ​បាក់​លើ​។ ចំពោះ​ការដោះលែង​ទៅវិញ​នេះ គឺ​ដោយសារ​គ្មាន​ពាក្យបណ្តឹង​ចោទប្រកាន់​ណាមួយ​ទៅលើ​គាត់​ទេ ។​

​លោក ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តបន្ទាយមានជ័យ យិន យឿន ឲ្យ​ដឹ​ថា ក្រោយពេល​ផ្សឹក​ចៅអធិការ​វត្តភ្នំ​បាក់​លើ ដែល​បរាជិក​ដោយ​ចោទប្រកាន់​ពី​ស្ត្រី​ឈ្មោះ កាយ វិ​តា អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ក្បាលកោះ សង្កាត់​/​ក្រុង​ប៉ោយប៉ែត បាន​ចោទថា​បាន​ចាប់​នាង​រំលោភ បានសម្រេច​និង​គម្រាម ហើយ​ត្រូវ​មន្ត្រី​ធម្មការ និង​សាសនា​ខេត្ត​រួមជាមួយ​មន្ត្រី​សង្ឃ​ផ្សឹក នៅ​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ នៅក្នុង​វត្ត​សុមា​ធិ​ផល​ស្ថិតក្នុង​សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។ ក្នុង​ឱ​កា​នោះ គេ​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ចោមរោម​ទំនងជា​ប៉ុនប៉ង​ប្រើ​ហិង្សា ហើយដោយ​មានការ​ព្រួយបារម្ភ​ខ្លាច​ផ្ទុះ​ហិង្សា​កើតឡើង និង​ដើម្បី​ការពារ​សុវត្ថិភាព​កម្លាំង​នគរបាល​ស្នងការ​នគរបាល​ខេត្ត​ប្រមាណ​១០​នាក់ បានការ​ពារ​នាំយក​ឡើង​រថយន្ត​ដឹក​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​ដឹក​ចេញ​តែម្តង ។​នៅ​សៀ​ល​ថ្ងៃ​ដដែល​មន្ត្រី​ធម្មការ និង​សាសនា​រួមជាមួយ​មន្ត្រី​សង្ឃ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​នាំខ្លួន​ឈ្មោះ ស្រិល វណ្ណា ហៅ អៀម វណ្ណា ទៅ​វត្តភ្នំ​បាក់​លើ វិញ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សម្ភារៈ​ផ្ទាល់ខ្លួន ត្រូវបាន​ប្រគល់ជូន​ឲ្យ​ទទួលយក​ទៅផ្ទះ​វិញ​ហើយ រីឯ​វត្ត​នេះ​ត្រូវបានតែងតាំង​ថ្មី​ជា​បណ្តោះអាសន្ន​នូវ​ចៅអធិការ​វត្ត ព្រះនាម សុភា ទិ​ត្យ (​សាមណេ​)​ដែល​បួស​៥​វស្សា​មកហើយ ។​នៅ​វត្តភ្នំ​បាក់​លើ ស្ថិត​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹក​ផ្លា ក្រុង​សិរីសោភ័ណ​។​

​ប្រភព​មួយ​បាន​ឲ្យ​ដឹងថា ក្រោយពី​ផ្ទុះ​រឿង​បង្ហោះ​រូបភាព​ចៅអធិការ​វត្តភ្នំ​បាក់​លើ​មាន​រូប​ស្និត​ស្នាល​ជាមួយ​ស្ត្រី​ដើមចោទ​ហើយ​រូបភាព​ជាច្រើន​សន្លឹក​ដែល​ប៉ះពាល់​សាសនា​ធ្វើ​ឲ្យ​ភាគី​នារី​ឈ្មោះ កាយ វិ​តា គ្រោង​ប្តឹង​សង្ឃ​អង្គ​នេះដែរ តែ​ត្រូវបាន​ចាស់ទុំ​សម្របសម្រួល​សុំ​កុំ​ឲ្យ​ប្តឹង​ដើម្បី​ទុក​ជជែក​គ្នា​រក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​នៅពេល​ក្រោយ​បន្តទៀត ទើប​សមត្ថកិច្ច​មិន​ចាត់ការ ព្រោះ​គ្មាន​ពាក្យបណ្តឹង និង​បានអនុញ្ញាត​ឲ្យ​អន្ទិត​រូបនេះ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

​ចំណែក ខាង​ស្រី ឈ្មោះ លី​តា ដែលជា​ក្មេងស្រី​វ័យ​១៩​ឆ្នាំ បាន​អះអាងថា នាង​បង្ហោះ​រូបភាព និង​វិ​ដេ​អូ កៀកកើយ​រវាង​នាង និង​សង្ឃ​បរាជិក ដោយសារតែ​ខាង​សង្ឃ​អង្គ​នោះ ព្យាយាម​គេច​ពី​នាង និង​បិទ​ទូរស័ព្ទ​មិន​ព្រម​ឆ្លើយឆ្លង​គ្នា ។ នាង​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សង្ឃ ចាប់​លោក​នោះ ផ្សឹក ហើយ​នាង​ប្តឹង​ពីបទ​រំលោភ និង​គំរាម ប៉ុន្តែ​ដោយ​ចាស់ទុំ​សម្របសម្រួល​ទើប​ក្រុមគ្រួសារ​ពិចារណា​មិនទាន់​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​។​

​ទាក់ទិន​រឿងនេះ គេ​ឃើញ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មាន​គេ​បង្ហោះ​រូបភាព Troll ជាច្រើន ពាក់ព័ន្ធ​ករណី​ព្រះសង្ឃ ស្រិល វណ្ណា ហៅ អៀម វណ្ណា ឆាន់​ពោត​ជាមួយ​ស្រី​ស្នេហ៍ ហើយ​កើតជា​រឿងរ៉ាវ ឈានដល់​ចាប់​ផ្សឹក​ព្រះសង្ឃ​បរាជិក​នោះ​។ នៅមាន​រូបភាព​ជាច្រើន​ទៀត ត្រូវបាន​គេ​បង្ហោះ​ឡើង រួមមាន​៖ “​ពោត ជា​អាវុធ​ប្រល័យ​លោក​” ហូប​ពោត​ខុស​បច្ចេកទេស “​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង ជា​អ្នក​រកឃើញ​អាវុធ​ប្រល័យ​លោក គឺ​កញ្ញា លី​តា​”, “​ផ្អាក​ឆាន់​ពោត​មួយរយៈ​” “​ស៊ី​ពោត​ស្ងោរ អាច​នាំ​ឲ្យ​ខូចអនាគត ដូច្នេះ​មុននឹង​ស៊ី ត្រូវ​ចេះ​ប្រុងប្រយ័ត្ន​” “​តើ​មួយណា​ជា​អាវុធ​ប្រល័យ​លោក​?” “​កញ្ញា លី​តា ស្ថាបនិក​រកឃើញ​អាវុធ​ប្រល័យ​លោក​” ជាដើម​៕